រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្ដាលអាជីពដ៏ធំបំផុតនៅកម្ពុជា KMH Champions League រដូវកាលថ្មីបានបើកការប្រកួតជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី២៨តុលា នៅលើទីលានបាល់ទាត់ក្នុងខណ្ឌពោធិសែនជ័យ ។ សម្រាប់រដូវកាលថ្មីទី៣នេះមានកីឡាករចូលរួម៣២ក្រុម និងបានបែងចែកជា៤ពូលក្នុង១ពូលមាន៨ក្រុម ។
ចំពោះប្រាក់រង្វាន់វិញនោះមានរហូតដល់ទៅជាង១០០លានរៀល សម្រាប់ផ្ដល់ជូនដល់ក្រុមជើងឯកផងដែរ ។
លោក កាំង សេង ប្រធានស្ថាបនិកមូលនិធិ KMH បានគូសបញ្ជាក់ថា សម្រាប់ការប្រកួតឆ្នាំនេះលោកនឹងធ្វើឱ្យពាននេះកាន់តែមានលក្ខណៈស្តង់ដារដោយការប្រកួតធ្វើនៅលើទីលានធំនិងមានរយៈពេល៩០នាទីពេញតែម្ដង។
ចំពោះក្រុមដែលចូលរួមលេងនៅក្នុងពាននេះអាចដាក់កីឡាករអាជីពលេងបានចំនួន២នាក់និងកីឡាករបរទេសចំនួន៤នាក់ ប៉ុន្តែកីឡាករបរទេសទាំង៤នាក់នេះអាចចូលលេងបានតែ២នាក់ម្ដងតែប៉ុណ្ណោះ ។ លោកបសង្កត់ធ្ងន់ថា ការធ្វើបែបនេះដើម្បីឱ្យការប្រកួតប្រជែងកាន់តែស្វិតស្វាញខ្លាំងឡើងថែមទៀតសម្រាប់ក្រុមនីមួយៗ។
ពានរង្វាន់ KMH Champions Leagueនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយបានច្របាច់ចូលគ្នារវាងក្រុមកីឡាបាល់ទាត់ល្អៗមកពីទូទាំងរាជធានីភ្នំពេញ និងធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងផ្ដល់ឱកាសដល់យុវជនបានបង្ហាញសមត្ថភាពនិងទេពកោសល្យរបស់ពួកគេក្នុងការលេងកីឡាដើម្បីសាមគ្គីភាពនិងសុខភាព ។ សំខាន់ជាងនេះទៅទៀត ថវិកាដែលទទួលបានពីការចុះឈ្មោះចូលរួមប្រកួតនឹងត្រូវយកទៅជួយដល់កិច្ចការសង្គម និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងតែប្រឈមនឹងកង្វះថវិកា។
លោក កាំង សេង បានផ្ដាំផ្ញើដល់កីឡាករទាំងអស់ឱ្យលេងគោរពតាមគោលការណ៍ Fair Play ថ្វីដ្បិតតែក្រុមនីមួយៗសុទ្ធតែត្រូវការឈ្នះ តែឈ្នះត្រូវប្រកបដោយភាពយុត្តិធម៌ក្នុងស្មារតីជាអ្នកកីឡា ចេះគោរពគ្នានោះទើបហៅថាជាអ្នកឈ្នះពិតប្រាកដ ៕
ចែករំលែកព័តមាននេះ