រាជធានីភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ ជិះម៉ូតូឌុបគ្នាលឿនពេក បានជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យអ្នកទាំងពីររងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញគូស្នេហ៍វ័យក្មេងមួយគូ មិនដឹងថាប្រញាប់ទៅណានោះទេ បានជិះម៉ូតូធុនធំ ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានបន្ថែមល្បឿនឡើងលើស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យម៉ូតូជ្រុលទៅបុកនឹងបង្កាន់ដៃស្ពាន ធ្វើឲ្យនារីអង្គុយខាងក្រោយរងរបួស បាក់ជើងខាងស្តាំ ចំណែកបុរសជាអ្នកឌុបរងរបួសរយះមុខ និងរយះជើងទាំងសងខាងដល់ឆ្អឹង ហើយភ្លាមនោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ។ ដោយឡែកម៉ូតូវិញខ្ទាតចេញកន្លែងកើតហេតុ៥០០ម៉ែត្រ ដល់ចុងគល់ស្ពានត្រើយខាងជើងទើបអស់ល្បឿន ។
ក្រោយពេលកើតហេតុ នៅសល់តែម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ រង់ចាំប្រគល់ឲ្យម្ចាស់វិញ ៕
ចែករំលែកព័តមាននេះ