រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក Escalade ១គ្រឿង បានបើកបរក្នុងល្បឿនលឿនគួរសមដែរ ហើយបានជ្រុលទៅបុកជាមួយម៉ូតូកង់បី ១គ្រឿង ដែលកំពុងបើកឆ្លងផ្លូវ ។ បណ្ដាលឲ្យម៉ូតូកង់បីនោះ រងការខូចខាតទាំងស្រុង ឯអ្នកបើកបរ រងរបួសធ្ងន់ ហើយម៉ូតូកង់បី បានខ្ទាតទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច ហើយអ្នកជិះម៉ូតូខាងលើរបួសស្រាលម្នាក់ ដោយឡែករថយន្តនោះ បានរងការខូចខាតខ្ទេចមុខយ៉ាងដំណំផងដែរ ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកជិះរងរបួសឡើយ ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ីជីនពីង ហៅផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តខាងលើម៉ាក Escalade ពណ៍ខ្មៅ ពាក់ស្លាកលេខកម្ពុជា L5201314 បើកបរដោយបុរសម្នាក់ ចំណែកម៉ូតូកង់បីពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល 1AC-1276 បើកបរដោយបុរសម្នាក់ឈ្មោះផៃ សុភ័ក្រ អាយុ៣៥ឆ្នាំ ។ រងរបួសបាក់ជើងស្តាំ និងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនោះ បានបើកបរធ្វើដំណរក្នុងទិសដៅពីលិចទៅកើត តាមមហាវិថីស៊ីជីនពីង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូកង់បី ដែលកំពុងបើកឆ្លងផ្លូវចេញពីផ្លូវទំបន់៧មករា ។ បណ្ដាលឲ្យអ្នកបើបរម៉ូតូកងបីរងរបួសធ្ងន់ ហើយម៉ូតូកង់បី បានខ្ទាតទៅប៉ះជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងទៀត បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសស្រាល ចំណែករថយន្តរងការខូចខាតខ្ទេចមុខយ៉ាងដំណំ ។ ក្រោយពេលកើតហេតុនគរបាលខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែង និងចាត់ការតាមច្បាប់ ៕






ចែករំលែកព័តមាននេះ