ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ដឹក​អ្នកដំណើរ​២​គ្រឿង ដែល​អ្នកបើកបរ​២​នាក់​ស្លា.ប់​ដោយ​គ្រាប់​ផ្លោង​ថៃ បាន​ក្លាយជា​កន្លែង​គោរព​បូជា​សុំ​សេចក្តីសុខ​តាម​ផ្លូវ

22 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​២​គ្រឿង ដែល​អ្នកបើកបរ​២​នាក់​បាន​ស្លាប់​ដោយ​គ្រាប់​ផ្លោង​ថៃ​បាន​ក្លាយជា​កន្លែង​គោរព​បូជា​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ ស្ថិត​ក្នុងភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ។ នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​២​គ្រឿង ដែល​អ្នកបើកបរ​២​នាក់​បាន​ស្លាប់​ដោយ​គ្រាប់​ផ្លោង​ថៃ​បាន​ក្លាយជា​កន្លែង​គោរព​បូជា​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ ស្ថិត​ក្នុងភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ។

នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ ក្រុម​ប្រតិភូ​អគ្គិសនី​កម្ពុជា​ដែល​វិល​ត្រឡប់​មក​ពី​នាំ​យក​អំណោយ​ចែក​ជូន​កងទ័ព​ជួរ​មុខ​ប្រាសាទ​តា​មាន់​ហើយ​ឆ្លងកាត់​ទីនោះ បាន​នាំ​គ្នា​ពិនិត្យ​មើល​រថយន្តក្រុង​ទាំង​២​គ្រឿង ដែល​ចត​ទុក​អែប​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៦ មុខក្រោយ​គ្នា​ដោយ​បែរមុខ​ទៅ​ស្រុក​ថ្មពួក និង​មក​ពី​ស្រុក​អូរ​ជ្រៅ ។

អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់​នោះ​គឺ​រថយន្ត​ទាំង​២​ដែល​មាន​ស្នាម​ធ្លុះធ្លាយ​លើ​កញ្ចក់​រថយន្ត​បាន​ក្លាយជា​កន្លែង គោរព​បូជា​ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ​ដែល​ឆ្លងកាត់ ខ្លះ​ដាក់​ផ្លែ​ឈើ ខ្លះ​ដាក់​ដប​ទឹក​ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ ។

លោក អែម សុខា អភិបាលស្រុក​ថ្មពួក​បាន​រំលឹក​ថា កាលពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៥៦ ស្ថិត​ក្នុងភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក មាន​រថយន្តក្រុង​២​គ្រឿង​ប្រភេទ​១២​កៅអី និង​អ្នកបើកបរ​២​នាក់ បាន​ស្លាប់​ភ្លាម​ៗ​ក្រោយ​ចត​រថយន្ត​ក្បែរ​គ្នា​បើកភ្លើង​ហូប​បាយ​ត្រូវ​ទាហាន​ថៃ​បាញ់​គ្រាប់​ផ្លោង​ធ្លាក់​ត្រូវ បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​នៅ​នឹង​កន្លែង ។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​រថយន្តក្រុង​ទាំង​២​គ្រឿង និង​អ្នកបើកបរ​ស្លាប់​ទាំង​២​នាក់ រថយន្ត​ត្រូវ​បាន​អាជ្ញាធរ​អូស​មក​រក្សា​ទុក​នៅ​ឃ្លាត​ពី​គ្នា​ប្រមាណ​ជាង​២០០​ម៉ែត្រ ពី​កន្លែង​គ្រោះថ្នាក់ ព្រោះ​កន្លែង​ចាស់​នៅ​ក្បែរ​ទ្រូងផ្លូវ​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ទើប​អូស​ចេញ​មក​ដាក់​ក្បែរ​ខាងជើង​ផ្លូវ​ក្បែរ​គ្នា ។

ដោយសារ​តែ​មានការ​គោរព ទៅ​តាម​ជំនឿ​ត​ៗ​គ្នា​នៅ​ជុំវិញ​រថយន្តក្រុង​ទាំង​២​គ្រឿង មាន​សុទ្ធតែ​ទឹកបរិសុទ្ធ ត្រូវ​បាន​អ្នកដំណើរ​ឆ្លងកាត់​ដាក់​ព័ទ្ធ​ជុំវិញ​រថយន្ត​កាន់តែ​ច្រើន​ឡើង ។

លោក អែម សុខា បាន​បញ្ជាក់​ថា កន្លែង​រថយន្តក្រុង​ទាំង​២​គ្រឿង​និង​អ្នកបើកបរ​ស្លាប់​២​នាក់ ត្រូវ​បាន​ក្លាយជា​កន្លែង​គោរព​បូជា​ពី​សំណាក់​អ្នកដំណើរ​ដែល​ឆ្លងកាត់​មាន​ដាក់​ដប​ទឹកបរិសុទ្ធ​បើក​គម្រប និង​ដាក់​ផ្លែ​ឈើ ឬ​បាយ​កញ្ចប់​ដាក់​មុខ​រថយន្ត​ទាំង​២​គ្រឿង ជា​ការ​គោរព​និង​បូជា​សុំ​សេចក្តីសុខ​និង​សេចក្តីចម្រើន និង​ដាក់​បណ្តាសារ​ឱ្យ​ទាហាន​សៀម​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ។

សូម​រំលឹក​ថា អ្នកបើកបរ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​២​នាក់ ដែល​ស្លាប់​នេះ តាម​ក្រសួងការពារជាតិ តាម​រយៈ​អ្នកនាំពាក្យ លោក​ជំទាវ ម៉ា​លី សុជាតា ក៏​បាន​ប្រកាស​ពី​ការ​ស្លាប់​របស់​ពលរដ្ឋ​ទាំង​ពីរ​នាក់​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ ២០២៥​ថា យោធា​ថៃ​បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង នៅ​ភូមិសាស្ត្រ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ដែល​កំពុង​ឈប់​រថយន្ត ស្លាប់​បាត់បង់​ជីវិត​ចំនួន​២​នាក់ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៣៦-៣៧ ដោយសារ​គ្រាប់​ផ្លោង​របស់​យោធា​ថៃ ។

សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​ទាំង​ពីរ​នាក់​ជា​អ្នក​បើករថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​មានឈ្មោះ ស៊ី​ម វឌ្ឍនៈ អាយុ​៤៤​ឆ្នាំ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ។ ចំណែកឯ​ជន​រង​គ្រោះ​ទី​ពីរ មិន​ស្គាល់​អត្តសញ្ញាណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ