ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​ត្រែង​ពង្រឹង​សេវាកម្ម​ដឹក​ជញ្ជូន និង​សុវត្ថិ​ភាព​នៅ​តាម​សហគមន៍​អេកូ​ទេសចរណ៍​មេគង្គ​លើ

23 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ២០២៦ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​ដាក់ចេញ​នូវ​បទបញ្ជា​ណែនាំ​ដល់​ម្ចាស់​សហគមន៍​អេកូ​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​លើ​ ​ឱ្យ​ពង្រឹងជា​បន្ទាន់​នូវ​គុណភាព និង​សុវត្ថិភាព​នៃ​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ក្នុង​គោល​បំណង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្ត…

ខេត្តស្ទឹងត្រែង​ ៖ ​នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ២០២៦ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​ដាក់ចេញ​នូវ​បទបញ្ជា​ណែនាំ​ដល់​ម្ចាស់​សហគមន៍​អេកូ​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​លើ​ ​ឱ្យ​ពង្រឹងជា​បន្ទាន់​នូវ​គុណភាព និង​សុវត្ថិភាព​នៃ​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ក្នុង​គោល​បំណង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្ត ស្រប​ពេល​ដែល​តំបន់​នេះ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះករ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២៦​នេះ​ ។

លោក អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​ការ​រួម​គ្នា​ក្នុង​ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​អំឡុងពេល​​ចុះ​ពិនិត្យ​តំបន់​រ៉ា​ម​សារ​ទន្លេមេគង្គ​លើ និង​សហគមន៍​ទេសចរណ៍​កោះ​ហាន កាលពី​ថ្ងៃ​ទី​០៧ ​មករា ឆ្នាំ​២០២៦​ ។​

លោក អ៊​ន ប៉ោ​សឿ​ន បាន​លើក​ឡើង​ថា​ «​ដើម្បី​ឱ្យ​ភ្ញៀវ​មាន​កំណើន​ឡើង យើង​ត្រូវ​រួម​គ្នា​ពង្រឹង​សេវាកម្ម​ឱ្យ​បាន​ល្អ ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរ​មក​លេង​ម្តង​ហើយ​ចង់​មក​ម្តងទៀត» ។ រមណីយដ្ឋាន​កោះ​ហាន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​ខេត្តស្ទឹងត្រែង​នា​ដើមឆ្នាំ​២០២៦​នេះ​ ។  

លោក សេង សុធា អ្នកសម្របសម្រួល​ប្រចាំនៅ​រមណីយដ្ឋាន​កោះ​ហាន​បាន​បញ្ជាក់​ថា កោះ​ហាន​បាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន ព្រោះ​តំបន់​នេះ ​មាន​ភាព​ទាក់​ទាញ​ដោយសារ​ទេសភាព​​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល រួម​មាន ព្រៃ​លិច​ទឹក កោះ​ខ្សាច់ ទីតាំង​បោះ​តង់​កម្សាន្ត​ពេល​យប់ ទីតាំង​អុំទូក​កៃ​យ៉ាក់ និង​ឱ​កាស​ទស្សនា​ពពួកសត្វ​ស្លាប​កម្រ​នៅ​តាម​តំបន់​រ៉ា​ម​សារ​។

លោក​បាន​លើក​ឡើង​ដែរ​ថា​ ​ការ​ចំណាយ​ថវិកា និង​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​ភ្ញៀវ​ទេស​ចរ ក្នុង​ការ​ជិះទូក​កម្សាន្ត​មើល​តំបន់​រ៉ា​ម​សារ​តាម​ដង​ទន្លេ និង​បោះ​តង់​ស្នាក់​នៅ​ពេលយប់ គឺជា​សូចនាករ​មួយ​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​។

លោក យ៉ា​យ ថុ​ង អ្នកបម្រើ​សេវា​ប្រជា​សហ​គមន៍ បាន​ទទួលយក​ការ​ណែនាំ​នេះ ដោយ​ប្តេជ្ញា​ខិតខំ​ពង្រឹង​សេវាកម្ម​ដឹក​ជញ្ជូន ធ្វើ​យ៉ាងណា​ឱ្យ​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់ ក្នុង​ការ​ជូន​ភ្ញៀវ​ទស្សនា​តាម​ជុំរុំ​ដើម​រំ​ចេ​ង (​ដែល​មានទឹក​ហូរ​រាក់​ៗ) ទៅ​បោះ​តង់​នៅ​កោះ​ហាន និង​ទួល​ខ្សាច់​កោះទន្សាយ​ជាដើម​ ។

​កញ្ញា វី​រៈ ធីតា ភ្ញៀវ​ទេសចរ​ជាតិ​មក​ពី​ខេត្ត​ត្បូងឃ្មុំ បាន​សម្តែង​ការ​ពេញចិត្ត និង​ទទួល​ស្គាល់​​ថា តំបន់​រ៉ា​ម​សារ និង​កោះ​ហាន ពិតជា​មាន​សក្តានុពល​ធនធានធម្មជាតិ និង​ជីវ​ចម្រុះ​គ្រប់​ប្រភេទ ​។ កញ្ញា​បាន​លើក​ឡើង​ថា ទេសភាព​ស្អាត​ៗ​នៅ​ទី​នេះ​ពិត​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវ និង​ជា​ប្រភព​ទាក់ទាញ​ដែល​ធ្វើ​ឱ្យ​អ្នក​មក​ទស្សនា​មិន​ខកបំណង​ឡើយ​។

ជា​ការ​ឆ្លើយ​តប ​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ និង​ការ​ណែនាំ​របស់​មន្ទីរ​ទេសចរណ៍ សហគមន៍​ទេសចរណ៍​កោះ​ហាន​ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ស​ម្រាប់​ឆ្នាំ​២០២៦​នេះ​ថា​ ​និង​ផ្តល់​សេវាកម្ម​ជូន​ភ្ញៀវ​ដោយ​សុវត្ថិភាព​ខ្ពស់​ ។ ​បន្ថែម​បរិមាណ​ទូក​កែ​យ៉ាក់​ចំនួន​២០​ទូក​ ។​ ដាក់​កម្លាំង​ប្រចាំការ​តាម​ចំណុច​នីមួយ​ៗ ដើម្បី​ធានា​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ ។ លក់ដូរ​មិន​តម្លើង​ថ្លៃ ដើម្បី​រក្សា​ភាព​ទាក់ទាញ​ ។ ​រក្សា​តម្លៃ​សេវា​ដឹក​ជញ្ជូន​ទូក​មួយ​នៅ​ត្រឹមតែ១៥ ដុល្លារ​ប៉ុណ្ណោះ​ ។​

ការ​រៀបចំ​ខ្លួន និង​ការ​ពង្រឹង​សេវាកម្ម​របស់​សហគមន៍​អេកូ​ទេសចរណ៍​ខេត្តស្ទឹងត្រែង នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​លំនឹង​កំណើន​ភ្ញៀវ​ទេសចរ និង​ធ្វើ​ឱ្យ​ខេត្តស្ទឹងត្រែង​​នៅ​តែ​ជា​គោលដៅ​អេកូ​ទេសចរណ៍​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ