រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានបានឲ្យដឹងថា កាលពីឆ្នាំ២០២៥កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥,២% ហើយទំហំពាណិជ្ជកម្មសម្រេចបានប្រមាណ៦៥,២០ពាន់លានដុល្លារអាម៉េរិក កើនឡើងក្នុងរង្វង់១៨% ក្នុងនោះ ការនាំចេញមានកំណើន១៧%ផងដែរ ដែលទាំងអស់នេះ គឺជាលទ្ធផលនៃការដាក់ចេញនូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការធ្វើពាណិជ្ជកម្មក្នុងស្រុក និងការនាំចេញ ។

ការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មយ៉ាងដូច្នេះ ក្នុងឱកាសនៃពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នាទីស្តីការក្រសួង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ។
លោកជំទាវរដ្ឋមន្ត្រីបានបន្តថា ទោះជាយើងស្ថិតក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ច ពាណិជ្ជកម្មសកលដោយសារតែការជះឥទ្ធិពលអវិជ្ជមាននៃកត្តាភូមិសាស្ត្រនយោបាយ និងសង្គ្រាម ព្រមទាំងជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃ ក៏ក្រសួងពាណិជ្ជកម្មនៅតែបោះជំហានយ៉ាងស្វាហាប់តាមមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោកស្របតាមចក្ខុវិស័យ និងអភិក្រម«ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» និងបន្តអនុវត្តយុទ្ធសាស្ត្រ«កែទម្រង់រស់ មិនកែទម្រង់ស្លាប់» សំដៅលើកម្ពស់អភិបាលកិច្ចស្ថាប័ន ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មប្រកបដោយចីរភាព ។
លោកជំទាវបានបន្ថែមថា កាលពីឆ្នាំ២០២៥កន្លងមកនេះ ក្នុងនាម ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រសួងពាណិជ្ជកម្មសម្រេចបានសមិទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ ហើយថា ចំពោះសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្មរយៈពេល២ថ្ងៃនេះ គឺជាវេទិកាប្រចាំឆ្នាំដើម្បីពិនិត្យ និងវាយតម្លៃទៅលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ផ្សារភ្ជាប់ទៅនឹងឱកាសស្តាប់ និងពិភាក្សាស៊ីជម្រៅ ស្វែងរកគន្លឹះ និងដំណោះស្រាយលើបញ្ហាប្រឈមចំពោះមុខស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ។
លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្មពិតជាមានផែនការសកម្មភាពរបស់ខ្លួនយ៉ាងច្បាស់លាស់ហើយថាតើវិស័យពាណិជ្ជកម្មរបស់កម្ពុជាចង់ដើរទៅណា ហើយត្រូវធ្វើអ្វីខ្លះ ខណៈគោលដៅធំគឺមានអស់ហើយ សូម្បីតែដំណើរឆ្ពោះទៅឆ្នាំ២០៣០ និង២០៥០ ក៏មានហើយដែរ ផែនទីចង្អុលផ្លូវដែលជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់យើងក៏មានហើយ តែយើងត្រូវលម្អិតចំពោះវិស័យរបស់យើងក្នុងវិស័យនេះចូលមកដល់ក្រសួង ចុះពីក្រសួងទៅដល់អគ្គនាយកដ្ឋាន ចុះពីអគ្គនាយកដ្ឋានទៅដល់នាយកដ្ឋាន
រហូតចុះទៅដល់ការិយាល័យ និងតំណាងរបស់ក្រសួងពាណិជ្ជកម្មនៅគ្រប់កន្លែងតើមានតួនាទីភារកិច្ចធ្វើអ្វីខ្លះ ដែលការណ៍នេះលោកជំទាវនៅតែសង្កត់ធ្ងន់ក្នុងការធ្វើកំណែទម្រង់ឱ្យស្របតាមវិជ្ជាជីវៈ និងមុខងារស្នូលរបស់ក្រសួង ដើម្បីឱ្យយើងមានកម្លាំងមូល មានសំឡេងមូលនៅក្នុងគ្រួសារនៃក្រសួងពាណិជ្ជកម្មសម្រាប់ការឆ្ពោះទៅមុខរួមគ្នា ៕
ចែករំលែកព័តមាននេះ