ខេត្តកណ្តាល ៖ ឆ្នាំ២០១០នេះ មុខរបរកសិកម្មដែលកសិករក្នុងស្រុកលើកដែក ខេត្តកណ្តាល ទទួលបានទិន្នផលល្អនោះគឺពោតក្រហម ។ លោកពូកសិករឈ្មោះកន សារឿន អាយុ៦៧ឆ្នាំ នៅភូមិខ្ពបអាទាវ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បានរៀបរាប់ថា ដោយអាកាសធាតុមានការប្រែប្រួលនៅមូលដ្ឋានរបស់គាត់នាំគ្នាដាំពោតច្រើនជាងដាំស្រូវ ។ កាលពីឆ្នាំមុនកសិករក្នុងភូមិនាំគ្នាធ្វើស្រូវមិនបានផលដូចក្តីប្រាថ្នាសោះ ដូច្នេះឆ្នាំនេះក៏នាំគ្នាដាំពោតក្រហមម្តងក្រែងបានផល ។ លុះដល់ថ្ងៃខែប្រមូលផល គាត់ក៏បានទទួលផលច្រើនដូចក្តីប្រាថ្នាមែន ។ ទោះបីជាបែបណាលោកពូបាន ត្អូញតែ្អរថា របរដាំពោតក្រហមមានបញ្ហាច្រើនណាស់ ដូចជាទិញពូជពោតពីប្រទេសវៀតណាមមកថ្លៃ បញ្ហាថ្នាំបាញ់ បញ្ហាជី បញ្ហាភ្ជួររាស់ជាដើម ។ល។ សុទ្ធតែប្រើទុនច្រើនរហូតដល់កសិករខ្លះ ខ្ចីប្រាក់ពីអង្គការ ឬបណ្តាក់ទុនពីមេឈ្មួញខាងប្រទេសវៀតណាមក៏មាន ។
ប្រជាជនជាប់ព្រំដែនកម្ពុជានាសព្វថ្ងៃ ក៏ដូចជនជាតិខ្មែរយើងដែរ បើអត់មានពូជអត់មានជី ឬថ្នាំគីមីទៅបណ្តាក់មុនក៏បាន ឱ្យតែបានផលលក់ឱ្យគេវិញ ហើយយើងមិនធ្វើបែបនេះ ក៏មិនអាចធ្វើអ្វីបានដែរ ។ លោកពូបន្តថា ភាគច្រើនប្រជាកសិករយើងនៅតាមព្រំដែន គឺបានបណ្តាក់ទុនខាងវៀតណាមជារៀងរាល់ឆ្នាំ ។ ដូច្នេះគាត់មានការស្តាយណាស់ បើខាងខ្មែរយើងមានពូជមាន ជីមានថ្នាំ ដែលមានតំលៃថោកល្មមទទួលយកបានគឺយើងមិនទៅបណ្តាក់ទុនជាមួយគេទេ ។ ដូច្នេះបានជាសព្វថ្ងៃនេះ ក្រោយពីយើងបានទទួលផល គឺយើងប្រមូលលក់ទៅឱ្យប្រទេសវៀតណាមមួយភាគធំ ហើយមួយភាគទៀតប្រមូលលក់ទៅឱ្យខាងក្រុមហ៊ុនធ្វើចំណីសត្វនៅក្នុងប្រទេស ។
លោកពូបានបញ្ជាក់ថា ប្រជាកសិករស្រុកលើកដែកគេដាំតែពោតក្រហមមិនដាំពោតសទេ ពីព្រោះពោត.សឱ្យផលតិច គ្មានទីផ្សារធំដុំលក់ដូរ ការដាំពោតសគឺសំរាប់ស្ងោរលក់តែប៉ុណ្ណោះ ។
ចំណែកពោតក្រហមវិញ សូម្បីតែម៉ាស៊ីនកិនពោត ក៏ខាងប្រជាកសិករវៀតណាម គេច្នៃធ្វើម៉ាស៊ីនចល័តតូចដាក់តាមម៉ូតូដើរកិនតាមផ្ទះឱ្យប្រជាជនយើងតាមតំរូវការទៀតផង ។ សព្វថ្ងៃក៏មានប្រជាជនខ្មែរខ្លះនាំគ្នាធ្វើម៉ាស៊ីនកិនពោតកែច្នៃដូចវៀតណាមដែរ ។ នេះជាពាក្យសំដីរបស់ប្រជាកសិករដែលបង្ហាញថា បញ្ហាទីផ្សារសំខាន់ណាស់សំរាប់ការផលិតដំណាំកសិកម្មនានាហើយអ្វីដែលគួរឱ្យកត់សំគាល់នោះគឺការងារកសិកម្ម បច្ចុប្បន្នបញ្ហាពូជ និងជី និងប្រេងឥន្ធនៈចាំបាច់ណាស់ បើគ្មានគ្រប់លក្ខខណ្ឌទាំង នេះ គឺមិនអាចទៅរួចទេ ៕
ចែករំលែកព័តមាននេះ