រាជធានីភ្នំពេញ ៖ មន្ត្រីអយ្យការអមតុលាការកំពូលបានឲ្យដឹងថា សំណុំរឿងករណីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បរិហារកេរ្តិ៍សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងត្រូវតុលាការកំពូល បើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ខាងមុខនេះ ។
យោងតាមដីកាកោះរបស់តុលាការកំពូល កោះហៅជនជាប់ចោទឱ្យចូលសវនាការ ដែលទទួលបាននៅថ្ងៃទី២១ ខែតុលា បង្ហាញថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ។
គួរបញ្ជាក់ថា តុលាការថ្នាក់ក្រោមទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី ពិន័យជាប្រាក់ចំនួន១០លានរៀល និងបង្គាប់ឱ្យសងសំណងជំងឺចិត្តដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាចំនួន១៥០លានរៀល ពីបទបរិហារកេរ្តិ៍ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ធ្លាប់បញ្ជាក់ថា របប៧មករាឆ្នាំ១៩៧៩ គឺគ្មានការកាត់ទោសសម្តេចព្រះនរោត្តម សីហនុ ដូចការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមបណ្ដាញសង្គមហ្វេសប៊ុកឡើយ ។ គេចាំថា លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ បានសរសេរនៅលើហ្វេសប៊ុកថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះនរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ» ពាក់ព័ន្ធការចោទប្រកាន់នេះ លោក គី តិច មេធាវីតំណាងសម្តេច ហេង សំរិន បាននិយាយនាពេលសវនាការថា នាសម័យនោះ សម្តេច ហេង សំរិន មានតួនាទីកំពូលចំនួន៣ ក្នុងប្រទេសកម្ពុជា ។ ដូច្នេះការចោទប្រកាន់ថា សម័យនោះមានការកាត់ទោសសម្តេចព្រះនរោត្តម សីហនុ គឺជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះសម្តេច ហេង សំរិន ។
ទោះបីយ៉ាងណាមន្ត្រីតុលាការបញ្ជាក់ថា លោក សម រង្ស៊ី នៅមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌជាច្រើនទៀតក្នុងកណ្ដាប់ដៃតុលាការ ហើយក្នុងនោះសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ ក្នុងសំណុំរឿងបរិហារកេរ្តិ៍លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំណត់ផ្តន្ទាទោស២ឆ្នាំ បានធ្វើឱ្យលោក សម រង្ស៊ី មានឈ្មោះជា «ទណ្ឌិត» និងមានតុលារចេញដីកាចាប់ខ្លួនជាដើម៕
ចែករំលែកព័តមាននេះ