ទេស ជីវ៉ា និងគង់ ហូវ ដល់ថ្ងៃប៉ះថៃយក៣ពិន្ទុនៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ទី៧ តុលា ស្អែកនេះ ប្រដាល់
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ទី៧ តុលា ស្អែកនេះ ប្រដាល់
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ទី៧ តុលា ស្អែកនេះ ប្រដាល់អន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍នឹងដល់កំណត់ត្រូវប្រកួតដណ្ដើមពិន្ទុអន្តរជាតិទៀតហើយ ដោយប្រកាសបើករេញឱ្យកីឡាករកម្ពុជា២រូប និងថៃ២រូបប៉ះគ្នា ។ អ្វីដែលគេកត់សម្គាល់គឺការប្រកួតលើកនេះកីឡាករកម្ពុជាវ័យក្មេង ប៉ះសុទ្ធតែជាមួយកីឡាករជើងចាស់មកពីប្រទេសថៃដែលមិនទាន់ដឹងថាអ្នកណានឹងយកបាន៣ពិន្ទុនៅឡើយទេ ។
ការប្រកួតដែលនឹងចាប់ផ្ដើមឡើងពីម៉ោង៨យប់តទៅមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នាក្នុងក្រុងនិយមមកទស្សនាដល់ស្ទីឌីយោដោយសារតែមុនការប្រដាល់គឺជាវេទិកាតន្ត្រីបន្តផ្ទាល់ផង ។ កីឡាករកម្ពុជា២រូប គឺជើងខ្លាំង ទេស ជីវ៉ា និងកីឡាករល្បីឈ្មោះគង់ ហូវ នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករថៃនៅថ្ងៃនោះក្នុងវគ្គសន្សំពិន្ទុ ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា ក្នុងចំណោមកីឡាករកម្ពុជា៤រូបដែលមានឈ្មោះដណ្ដើមខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍ប្រដាល់នោះ កីឡាករ ទេស ជីវ៉ា គឺជាជើងខ្លាំងម្នាក់ដែលលោករំពឹងខ្ពស់ បើទោះជាគេត្រូវប្រឈមនឹងកីឡាករថៃល្អៗក្ដី ។
គេត្រូវប៉ះកីឡាករថៃឈ្មោះ Chhart Chhayក្នុងនាមជាគូឯកអន្តរជាតិដណ្ដើមពិន្ទុនៅថ្ងៃសៅរ៍ស្អែក ។ លោកថា ជំនួបរវាងពួកគេជារឿងសំខាន់ ដោយសារអ្នកណាឈ្នះក្រៅពីបានពិន្ទុហើយ គឺត្រូវទទួលបានទំនុកចិត្តពីអ្នកគាំទ្រទៅទៀត ។ ផ្ទុយទៅវិញ បើចាញ់មិនខុសពីបាក់មុខ និងមានការរិះគន់ធ្ងន់ធ្ងរនោះទេ ។
លោកថាជំនួបរបស់ពួកគេត្រូវដាក់យ៉ាងពិសេសសម្រាប់ថ្ងៃសៅរ៍ដើមខែតែម្ដង។ លោកថា កីឡាករ ទេស ជីវ៉ា អាចចាត់ទុកជាជើងខ្លាំងម្នាក់នៅលើសង្វៀនប្រដាល់អន្តរជាតិមួយនេះ ដែលជាព្រឹត្តិការណ៍ចម្រុះតែកីឡាករខ្លាំងៗនៅក្នុងពិភពប្រដាល់ ។ លោកជឿជាក់ថា កីឡាកររូបនេះ នឹងបញ្ចេញសមត្ថភាពល្អដូចជាពូកែគេច និងពូកែវាយសន្ធាប់ដែលគេធ្លាប់បញ្ចេញឡើងនាពេលកន្លងមក ទើបលោកយល់ថា ជំនួបទេស ជីវ៉ា ជាមួយកីឡាករដៃគូនឹងមិនធម្មតាសម្រាប់ការប្រកួតទាំងមូល ។ លោកថា កីឡាករកម្ពុជារូបនេះមានការឈានឡើង ហើយការប្រកួតប៉ុន្មានលើកចុងក្រោយគឺមានសមត្ថភាពទើបលោកយល់ថាគេអាចរកបាន៣ពិន្ទុពីការប្រកួត បើទោះជាមុននេះបន្តិចគេវាយជាមួយថៃល្អខ្លះ មិនសូវល្អខ្លះ នៅលើសង្វៀនអន្តរជាតិក្ដី ។
លោកនិយាយថា ទេស ជីវ៉ា នៅតែត្រូវបានចាត់ទុកជាជើងខ្លាំងនៅលើសង្វៀន ទើបលោករំពឹងខ្ពស់សម្រាប់ការប្រកួតថ្ងៃស្អែក ។ កីឡាករថៃដែលត្រូវប្រកួតជាមួយទេស ជីវ៉ា លោកថាធ្លាប់ប្រកួត៦៥លើក ឈ្នះ៥៣លើក ចាញ់១១លើក និងស្មើ១លើក ក្នុងពេលកីឡាករកម្ពុជា ធ្លាប់ប្រកួត៤៥លើក ឈ្នះ៣២លើក ចាញ់១០លើក និងស្មើ៣លើក ។
សម្រាប់កីឡាករ គង់ ហូវ លោក ញាណ សុធី បញ្ជាក់ថា គេត្រូវប៉ះប្រកួតជាមួយកីឡាករជើងខ្លាំងមកពីថៃឈ្មោះ Phuon Savath នៅក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិដណ្ដើមពិន្ទុនេះដែរ ក្នុងនាមជាគូរងឯក ។ លោកថា ការប្រកួតរបស់ពួកគេនៅមិនទាន់ដឹងថា អ្នកណាល្អជាងអ្នកណានោះទេ ក្នុងពេលដែល គង់ ហូវ គឺជាកីឡាករមិនធម្មតា ដោយលោកបានចាត់ទុកថាគឺជាជើងខ្លាំង និងធនធានកីឡាករវ័យក្មេងដ៏កម្រនោះផង ។ ជាក់ស្ដែងគេឈ្នះជាប្រចាំគ្រប់ពេលគេឡើងប្រកួតជាមួយកីឡាករបរទេសនាពេលកន្លងមក ទើបមានមុខបានឡើងនៅក្នុងព្រឹត្តិការណ៍នេះ ។ លោកថា កីឡាករថៃជាដៃគូគឺជាជើងចាស់ និងល្បីឈ្មោះ តែគេមិនទាន់ប្រាកដថានឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតជាមួយជើងខ្លាំងកម្ពុជានោះទេ ក្នុងពេលដែលលោក និងអ្នកគាំទ្រនៅតែជឿជាក់ចំពោះជើងខ្លាំងកម្ពុជាជាធំ ។ កីឡាករថៃធ្លាប់ប្រកួត៨២លើក ឈ្នះ៧៥លើក ចាញ់៧លើក និងមិនដែលស្មើ រីឯកីឡាករកម្ពុជាធ្លាប់ប្រកួត៥១លើក ឈ្នះ៤២លើក ចាញ់តែ៩លើក និងមិនដែលស្មើដូចគ្នា ។
នៅក្នុងព្រឹត្តិការណ៍ប្រដាល់ពេលព្រឹកនៅលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃអាទិត្យនោះដែរ ក៏មានការប្រកួតអន្តរជាតិបែបនេះមិនខុសគ្នា ខណៈដែលនៅប៉ុស្តិ៍លេខ៥ ក៏មានការប្រកួតជម្រុះ៣២នាក់យក១៦នាក់សប្ដាហ៍ទី៥នៅសង្វៀនព្រែកកំពិស ចាប់ពីម៉ោង៥ល្ងាចតទៅដែរ ៕
ចែករំលែកព័តមាននេះ