រមណីយដ្ឋានថ្មីទឹកធ្លាក់ស្រែអំពិល ភ្ញៀវទេសចរណ៍មកផ្ទះវិញស្ទើរមិនរួច
ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីត្រឡប់ពីការកម្សាន្តសប្បាយតំបន់ទឹកធ្លាក់ស្រែអំពិលហើយ
ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីត្រឡប់ពីការកម្សាន្តសប្បាយតំបន់ទឹកធ្លាក់ស្រែអំពិលហើយ
ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីត្រឡប់ពីការកម្សាន្តសប្បាយតំបន់ទឹកធ្លាក់ស្រែអំពិលហើយ ភ្ញៀវទេសចរណ៍បានជាប់ផុងរថយន្តរបស់ខ្លួនស្ទើរគ្រប់គ្នាបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ។ ស្ថិតក្នុងផ្លូវដ៏សែនលំបាកបែបនេះ អ្នកទៅទស្សនាកម្សាន្តរមណីយដ្ឋានថ្មីមួយនេះ បានរិះគន់ថា អាជ្ញាធរខេត្តគួរតែស្ថាបនាផ្លូវមួយខ្សែ ដែលមានប្រវែងតែជាង៧គីឡូម៉ែត្រនេះ ដើម្បីឲ្យតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតនេះ មានភ្ញៀវទេសចរណ៍ទៅកម្សាន្តឲ្យកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ដែលស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នេះផង។
ផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារ កោះសន្តិភាព លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានមានប្រសាសន៍ថា ដោយសារទីតាំងទឹកធ្លាក់ ស្រែអំពិល ជារមណីយដ្ឋានធម្មជាតិ ដែលទើបរកឃើញ មិនទាន់មានផ្លូវសម្រាប់ភ្ញៀវចូលមកកម្សាន្តបានស្រួលនៅឡើយ។ បច្ចុប្បន្ន មានភ្ញៀវក្នុងស្រុក ដែលស្គាល់តំបន់នេះបាននាំគ្នាមកកម្សាន្ត នៅថ្ងៃបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្យនេះ ក្នុងមួយថ្ងៃប្រមាណជា៥០០នាក់ដែរ ព្រោះតំបន់នេះទឹកធ្លាក់ថ្លា និងបរិសុទ្ធល្អណាស់ សម្បូរដោយព្រៃឈើជាម្លប់សម្រាប់ចតរថយន្តទៀតផង។ កន្លងទៅនេះ ខាងអាជ្ញាឃុំ និងសហគមន៍បានពឹងឲ្យអ្នកមានត្រាក់ទ័រជួយឈូសឆាយត្រួសត្រាយផ្លូវ ដោយគ្រាន់តែជួយចេញថ្លៃប្រេង ដើម្បីសម្រួលដំណើរអាចឲ្យរថយន្តចូលមកបានខ្លះៗដែរ។
ក្នុងនាមលោកជាអាជ្ញាធរឃុំក្តុលសែនជ័យ សូមអំពាវនាវដល់ឯកឧត្តមអភិបាលខេត្ត និងក្រសួងពាក់ព័ន្ធ សូមមេត្តាជួយធ្វើផ្លូវមួយខ្សែមកកាន់តំបន់នេះ ដែលមានប្រវែងតែជាង៧គីឡូម៉ែត្រប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ លោក សោ ភា ប្រធានសហគមន៍ទឹកធ្លាក់ស្រែអំពិល បានមានប្រសាសន៍ថា ក្នុងពេលខាងមុខ សហគមន៍នឹងរៀបចំតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលនេះឲ្យកាន់តែប្រសើរជាងនេះ ដោយរៀបចំឆ្ការព្រៃធ្វើខ្យូសសម្រាប់ភ្ញៀវមកអង្គុយកម្សាន្ត ធ្វើកន្លែងដាក់ឡានដាក់ម៉ូតូ និងធ្វើរោងសម្រាប់ប្រជាពលរដ្ឋលក់ដូរចំណីអាហារក្នុងស្រុកផងដែរ ក្នុងនាមលោកជាប្រធានសហគមន៍ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មកកម្សាន្តទីនេះឲ្យបានច្រើន ពេលបានកសាងផ្លូវរួចរាល់៕
ចែករំលែកព័តមាននេះ