ខេត្តស្វាយរៀង ៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន រួមមានថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនត្រូវបានលោកឧកញ៉ាម៉ែន វិបុល អភិបាលរងខេត្តនាំយកទៅប្រគល់ជូនកម្មការិនីរោងចក្រចំនួន៥នាក់ ដែលកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ សកម្មភាពនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ សីហា ២០១១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
កម្មការិនីដែលត្រូវបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងលោកជំទាវនាពេលនោះ គឺជាជនរងគ្រោះនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីថ្ងៃទី១២ សីហា វេលាម៉ោង៧យប់នៅលើកំណាត់ផ្លូវលេខ១ ត្រង់ចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
កម្មការិនីទាំង៥រូប ខាងលើម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខចំនួន១០កំប៉ុង អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម និងទឹកដោះគោ១២កំប៉ុង។ ដោយឡែកចំពោះថវិកាវិញ កម្មការិនីឈ្មោះនួន ចាន់រ៉ា អាយុ២៧ឆ្នាំ និងឈ្មោះស៊ាង នី អាយុ១៨ឆ្នាំ ដែលដាច់ដៃខាងឆ្វេងត្រឹមក្រោមក្លៀកដូចគ្នា ក្នុងម្នាក់ទទួលបានប្រាក់២លានរៀល ចំណែកឯកម្មការិនី៣នាក់ទៀត ម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល ។
លោកឧកញ៉ាម៉ែន វិបុល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះកម្មការិនីរងគ្រោះទាំង៥រូប និងជូនពរឱ្យបានឆាប់ជាសះស្បើយគ្រប់ៗគ្នា។ លោកឧកញ៉ាបានបញ្ជាក់ថា ទោះបីជាក្មួយៗកម្មការិនីទាំង៥រូបជួបគ្រោះអកុសលបែបនេះក៏ដោយ ក៏សុំកុំមានអារម្មណ៍ខូចចិត្ត ឬអស់សង្ឃឹមក្នុងជីវិតឱ្យសោះ មានជីវិតត្រូវមានសង្ឃឹមជានិច្ច ព្រោះប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។
កម្មការិនីនួន ចាន់រ៉ា បានសម្តែងនូវការត្រេកអរឥតឧបមាបានលើកដៃដែលនៅសល់តែម្ខាងប្រណមឡើងថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលមានទឹកចិត្តសប្បុរសធម៌សន្តោសមេត្តាផ្តល់អំណោយដ៏ថ្លៃថ្លានេះដល់រូបនាង និងមិត្តភក្តិទាំង៤រូបទៀតដែលកំពុងតែសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យខេត្ត៕
ចែករំលែកព័តមាននេះ