រាជធានីភ្នំពេញ ៖ អង្គការមូលនិធិអភិវឌ្ឍន៍មូស្ល៊ីមកម្ពុជាបានបន្តនាំអំណោយយ៉ាងសន្ធឹកសន្ធាប់ទៅចែកជូនដល់សាសនិកអ៊ិស្លាមក្រីក្រនៅខេត្ត៥ គឺខេត្តកំពត កែប តាកែវ ព្រះសីហនុ និងខេត្តកោះកុង ។
ពិធីនេះរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៦ សីហា ដោយបែងចែកជា៣គោលដៅ ។ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មូស្ល៊ីមកម្ពុជាបាននាំអំណោយទៅចែកជូនប្រជាពលរដ្ឋអ៊ិស្លាមក្រីក្ររៀបចំនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកឈូក ខេត្តកំពត ដោយមានប្រជាពលរដ្ឋអ៊ិស្លាម មកពីខេត្តកំពត និងខេត្តកែប ។ នៅក្នុងឱកាសនោះមានការចូលរួមអមដំណើរដោយលោកឧកញ៉ាសុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាម ព្រមទាំងអាជ្ញាធរថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមយ៉ាងច្រើនកុះករ ។
ដោយឡែកលោកតូនី រ៉សេត អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្ល៊ីមបានយកអំណោយចែកជូនដល់ប្រជាពលរដ្ឋអ៊ិស្លាមរស់នៅខេត្តតាកែវ និងលោកវេជ្ជបណ្ឌិតសុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្ល៊ីម បាននាំអំណោយទៅចែកជូនដល់សាសនិកអ៊ិស្លាមនៅខេត្តព្រះសីហនុ និងខេត្តកោះកុង ។
អំណោយដែលនាំទៅចែកជូនក្នុងឱកាសនោះសម្រាប់ខេត្តកំពត ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ចំនួន៦៦នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល , ឧបត្ថម្ភវិហារអ៊ិស្លាមចំនួន៣៣ មកពី៣៣ភូមិ ក្នុងវិហារមួយៗចំនួន៣០ម៉ឺនរៀល, ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារ ក្នុងមួយគ្រួសារអង្ករ១០គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកដោះគោ៣កំប៉ុង ទឹកក្រូច១ដប ទឹកស៊ីរ៉ូ១ដប និងចែកបាល់ទាត់ដល់ក្រុមកីឡាខេត្តកំពតចំនួន៣២បាល់ ។
សម្រាប់ខេត្តកែប ឧបត្ថម្ភលោកគ្រូ អ្នកគ្រូចំនួន៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន១០ម៉ឺនរៀល , ឧបត្ថម្ភវិហារអ៊ិស្លាមចំនួន២ ក្នុងមួយវិហារៗចំនួន៣០ម៉ឺនរៀល ។
សម្រាប់ខេត្តតាកែវ ឧបត្ថម្ភគ្រូចំនួន១៩នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀល ឧបត្ថម្ភវិហារចំនួន១៩ក្នុងវិហារនីមួយៗទទួលបានចំនួន៣០ម៉ឺន
រៀល ។
ខេត្តព្រះសីហនុ ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ចំនួន២២នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល, វិហារចំនួន១៨ ក្នុងវិហារនីមួយៗទទួលបានចំនួន៣០ម៉ឺនរៀល ។
សម្រាប់ខេត្តកោះកុង ឧបត្ថម្ភលោកគ្រូ អ្នកគ្រូចំនួន១៨នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺន រៀល, វិហារចំនួន១១ ក្នុងវិហារនីមួយៗទទួលបានប្រាក់៣០ម៉ឺនរៀល ។
លោកឧកញ៉ាសុះ កំរី បានសំណូមពរដល់សាសនិកអ៊ិស្លាមទាំងអស់ត្រូវគោរពប្រតិបត្តិទៅតាមជំនឿសាសនា ហើយត្រូវជំរុញកូនចៅឱ្យទៅរៀនសូត្រ ដើម្បីក្រេបយកចំណេះមកអភិវឌ្ឍសហគមអ៊ិស្លាមឱ្យកាន់តែរីកចម្រើន ។
លោកឧកញ៉ាអូស្មាន ហាស្សាន់ បានលើកឡើងពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋអ៊ិស្លាម ហើយបើកទូលាយក្នុងការគោរពប្រតិបត្តិសាសនា ព្រមទាំងបើកទូលាយក្នុងការទទួលយកអំណោយ ហេតុដូច្នេះបានជាសហគមន៍អ៊ិស្លាមកម្ពុជាទទួលបានអំណោយជាបន្តបន្ទាប់ចែកជូនដល់សាសនិកអ៊ិស្លាមសម្រាប់ស្រាយបួសខែរ៉ាម៉ាឌននេះ ។
លោកឧកញ៉ាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយ និងសប្បុរសជននានាដែលតែងផ្តល់អំណោយតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្ល៊ីមកម្ពុជាជាការចូលរួម អភិវឌ្ឍន៍សហគមន៍អ៊ិស្លាមឱ្យកាន់តែរីកចម្រើនថែមទៀត ។
អំណោយដែលនាំទៅចែកជូនដល់សាសនិកអ៊ិស្លាមជារបស់ក្រុមហ៊ុន Syarikat Puncak Niaga Holding Berhad នៃប្រទេសម៉ាឡេ
ស៊ី និងអំណោយរបស់ស្ថាប័នហ្សាកាតា រដ្ឋ Selangor នៃក្រុមប្រឹក្សាសាសនា អ៊ិស្លាម ប្រទេសម៉ាឡេស៊ីដែលផ្តល់តាមរយៈ អង្គការមូលនិធិអភិវឌ្ឍន៍មូស្ល៊ីមកម្ពុជា ៕
ចែករំលែកព័តមាននេះ