ខេត្តតាកែវ ៖ កុមារមហាឆ្លាតដែលបានធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលរហូតអ្នកខ្លះស្ទើរតែមិនជឿនោះ ត្រូវបានសម្តេចតេជោ ដាក់រហស្សនាមថា «ចៅទេព»ព្រោះតែ អច្ចរិយពេកដែលកុមារាអាយុ៧ឆ្នាំ រៀនថ្នាក់ទី៦នៃសាលាបឋមសិក្សា ហ៊ុន សែន អនុវត្តតាកែវក្រុង ដែលតាមពិតគេរៀនត្រឹមថ្នាក់ទី២តែប៉ុណ្ណោះ ។ រឿងរ៉ាវដែលស្មានមិនដល់ទៀតនោះ គឺចំណេះដឹងរបស់ចៅទេពឈ្មោះ ហ៊ីទៀង គឹមហុង គឺមិនអាចវាស់ស្ទង់បាន ដែលចេះភាសាអង់គ្លេស ចេះកុំព្យូទ័រ ហើយអ្វីមួយដែលមិនគួរឱ្យជឿនោះ គឺគណិតវិទ្យាថ្នាក់ទី១២ គឹមហុងក៏អាចធ្វើបានទៀត មានន័យថា គឺជាភាពអស្ចារ្យគ្មាន២តែម្តង នៅក្នុងប្រទេសកម្ពុជា និងប្រហែលជាគ្មានលើលោកនេះផងក៏មិនដឹង ។
ជាការពិតណាស់ បើនិយាយពីចំណេះវិជ្ជារបស់កុមាររូបនេះ វាក៏ផ្ទុយគ្នាទៅនឹងពាក្យថា «ចេះមកពីរៀន» សួរថា គេរៀនពីពេលណាមកក៏ចេះមិនគួរឱ្យជឿបែបនេះ ? រហូតដល់លោកសាស្ត្រាចារ្យមួយរូបគឺលោក សន តារា ដែលល្បីឈ្មោះក្នុងបណ្តាញសង្គម បានបង្ហោះសាររបស់លោកជុំវិញចៅទេពខាងលើនេះ ដោយលោកមិនជឿថា គឹមហុង អាចឆ្លាតរហូតធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី១២ បាននោះទេ ល្គឹកណាគេមិនបង្រៀនឱ្យសរសេរ៤ទៅ១០លំហាត់ឱ្យចេះស្ទាត់នោះ ។ តាមមតិរបស់លោកសាស្ត្រាចារ្យ សន តារា បែរជាផ្តោតទៅលើអាថ៌កំបាំង នៅពីក្រោយខ្នងកុមារឆ្លាតនេះទៅវិញ ។ ទោះបីជាបែបនេះក្តីសារដែលលោកបង្ហោះក្នុងបណ្តាញសង្គមនោះ ត្រូវបានទទួលនូវការផ្តល់មតិជំទាស់ខ្លាំងៗ បកទៅលើលោកវិញយ៉ាងជូរចត់ដែរ ។
ជីវិតកុមារគឹមហុង មានអ្វីខ្លះ ? ម្តាយអះអាងថាគេមិនចាំជាតិនោះទេ
កោះសន្តិភាពបានស្រាវជ្រាវនូវព័ត៌មានបន្ថែមជុំវិញជីវិតសិក្សារបស់ចៅទេព ហុីទៀង គឹមហុង នៅព្រឹកថ្ងែទី២២ កក្កដា ដោយបានជួបផ្ទាល់ជាមួយកុមារវ័យឆ្លាត ហីុទៀង គឹមហុង អាយុ៧ឆ្នាំ និងឪពុកម្តាយនៅឯលំនៅឋានក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ។ លោក ហ៊ី ចាន់ជួង អាយុ៥១ឆ្នាំ ត្រូវជាឪពុកជាមន្ត្រីប៉ូលិសយាមនៅសាខាធនាគារអេស៊ីលីដាខេត្ត និងអ្នកស្រី នៅ សុភូ អាយុ៤៩ឆ្នាំ ដែលត្រូវជាម្តាយ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្តន៍ខេត្តតាកែវ ។
អ្នកស្រីមានប្រសាសន៍ថា ពេលកូនប្រុសទី២នេះចាប់កំណើតនៅក្នុងផ្ទៃ គាត់មិនបានយល់សុបិនឃើញអ្វីនិងមិនមានប្រថ្នូលអ្វីទាំងអស់ ។ រហូតមកដល់សព្វថ្ងែនេះ ពួកគាត់ជាឪពុកម្តាយ តែងតែលូចសួរនាំកូនគាត់ថា កូនឯងពីមុនជាអ្នកណា និងមកពីណា តែកូននេះមិននិយាយប្រាប់អ្វីគួរឱ្យកត់សម្គាល់ឡើយ គឺគ្រាន់តែប្រាប់ថាកូនគឺចេះអ្វីគ្រប់យ៉ាង ដែលអ្នកផ្សេងទៀតធ្វើមិនបានតែប៉ុណ្ណោះ ។ ឪពុកម្តាយកុមារវ័យឆ្លាត ហីុទៀង គឹមហុង បានឱ្យដឹងថា នៅពេលចាប់កំណើតបានអាយុ២ឆ្នាំ ពួកគាត់បានដឹងថា កូនរបស់គាត់ម្នាក់នេះដូចជាខុសប្លែកពីក្មេងដទៃ ដោយសារគេចេះអានអក្សរនៅក្នុងសៀវភៅបានយ៉ាងច្បាស់ តែពួកគាត់ចេះតែលាក់រហូតមក ។
ពួកគាត់ឱ្យដឹងថា គីមហុង មានអាយុ៤ឆ្នាំបានចូលរៀនថ្នាក់ទី៣តែម្តង មិនបានរៀនពីថ្នាក់មតេយ្យ ឬចាប់ពីថ្នាក់ទី១មកនោះទេ ទើបបច្ចុប្បន្នគេរៀនដល់ថ្នាក់ទី៦ ហើយទទួលបានចំណាត់ថ្នាក់លេខ១រហូត ។ អ្វីដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនោះគឺនៅថ្ងៃទី១៣ កក្កដា គាត់បានបញ្ជេញភាពអស្ចារ្យ ពីការធ្វើគណិតវិទ្យាថ្នាក់ទី១២ ឱ្យមជ្ឈដ្ឋានខាងក្រៅបានដឹង និងឃើញតាមបណ្តាញសង្គមរហូតដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យលោកឧកញ៉ាដួង តារា មកពិនិត្យនិងនាំកូនរបស់គាត់ ទៅជួបសម្តេចដោយផ្ទាល់នៅឯភូមិគ្រឹះ ដោយសម្តេចតេជោបានផ្តល់រសហស្សនាមថាចៅ ហីុទៀង គឹមហុង ជាចៅទេព និងជាអ្នកប្រាជ្ញវ័យក្មេងរបស់កម្ពុជាថែមទៀតផង ។
ឪពុកម្តាយកុមារទេព បានបញ្ជាក់ថា រាល់ថ្ងៃនេះកូនប្រុសគាត់មួយនេះ បើលេងអ្វីមួយគឺគេមានគោលបំណងលេងល្បែងនោះដែលខុសពីក្មេងដទៃ ដែលចូលចិត្តរត់លោតលេងតាមចរិតជាកូនក្មេង ឯគឹមហុង គេលេងអ្វីដែលមានប្រយោជន៍សម្រាប់រូបគេ ។ គឹមហុង តែងតែហៅពួកគាត់ឱ្យមករៀនកុំព្យូទ័រ ដោយគេជាអ្នកបង្រៀនទាំងភាសាអង់គ្លេសទាំងជំនាញផ្សេងៗទៀតហើយអ្វីដែលកូនរបស់គាត់ចេះនោះ គឺពួកគាត់ជាឪពុកម្តាយអត់ចេះទាល់តែសោះ ។
ពេលនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះគឹមហុងកូនប្រុសរបស់គាត់ដោយឱ្យលោកឧកញ៉ា ដួង តារា រកសាលាណាដែលសក្តិសមនឹងគឹមហុងចូលរៀនបាន បើទោះបីជានៅក្រៅប្រទេសក៏ដោយ ។ ពួកគាត់ជាឪពុកម្តាយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតមិនអាចកាត់ថ្លែបានចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនិងសម្តេចកិតិ្តព្រឹទ្ធបណ្ទិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកូនប្រុសរបស់គាត់នៅពេលនេះ ។
គឹមហុងមានបងប្រុសម្នាក់ឈ្មោះ អ៊ូ ស៊ីវហ្វុង អាយុ២២ឆ្នាំ ជាគរុសិស្ស សាលាគរុកោសល្យនិងវិក្រឹតការខេត្ត ។ បងប្រុសគឹមហុង ក៏រៀនពូកែដែរ តែមិនមែនចេះដោយអច្ឆរិយ ដូចជាប្អូនប្រុសរបស់គេនោះទេ ។ តើអនាគតរបស់គឹមហុង ឬចៅទេព នឹងទៅជាបែបណា គឺមានតែការតានដានទាំងអស់គ្នាតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ