ខេត្តព្រៃវែង ៖ ផ្លូវ១ខ្សែនេះមានប្រវែងជាង២០គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣នៃស្រុកពាមជរ គឺឃុំក្រាំងតាយ៉ង ឃុំឫស្សីស្រុក និងឃុំកោះសំពៅ ហើយបច្ចុប្បន្ននេះកំពុងតែរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំង នៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្តងៗ ប៉ុន្តែវាមិនបានខូចទាំង២០គីឡូនោះទេ គឺខូចដាច់ដោយដុំ ដោយកន្លែង សរុបជាង២០កន្លែងនៅលើកំណាត់ផ្លូវប្រវែងជាង២០គីឡូម៉ែត្រនេះ។
អ្នកស្រុកនៅក្នុងឃុំទាំង៣នោះបាននិយាយដូចគ្នាថា ផ្លូវ១ខ្សែនេះបានខូចធ្ងន់ធ្ងរអស់រយៈពេល៣ខែមកហើយ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញណាមួយអើពើចុះទៅពិនិត្យមើល ឬក៏ជួយជួសជុលនោះទេ។ កន្លែងខ្លះឡានធំៗបើកមកជាប់ផុង កើតទៅជារណ្តៅធំៗជ្រៅៗ ធ្វើឲ្យម៉ូតូ និងរថយន្តតូចៗមិនអាចបើកឆ្លងកាត់បាន អ្នកស្រុកក៏រៃអង្គាសប្រាក់គ្នា ទិញដី១ឡាន២ឡានទៅចាក់លុបដើម្បីអាចធ្វើដំណើរឆ្លងកាត់បានជាបណ្តោះអាសន្ន កន្លែងខ្លះទៀត កើតទៅជាចង្អូរ និងបែកភក់ល្បាប់យ៉ាងខ្លាំង ក្នុង១ថ្ងៃមានអ្នករអិលដួលប្រឡាក់ភក់ យ៉ាងតិចក៏៣ទៅ៤នាក់ដែរ ជាពិសេសក្មេងៗសិស្សសាលាតូចៗដែលព្រឹកឡើងនាំគ្នាជិះកង់ទៅរៀន គឺដួលប្រឡាក់ស្ទើររាល់ថ្ងៃ។
អ្នកស្រុកបានបញ្ជាក់ប្រាប់ថា មូលហេតុដែលធ្វើឲ្យផ្លូវនេះខូចធ្ងន់ធ្ងរបែបនេះ គឺដោយសារតែភ្លៀងធ្លាក់មកបន្តបន្ទាប់គ្នាស្ទើររាល់ថ្ងៃ ដែលធ្វើឲ្យផ្លូវជ្រាយពេលឡានដឹកស្ករ ឡានដឹកស្រូវធំៗបើកឆ្លងកាត់ ធ្វើឲ្យកន្លែងខ្លះផុងស្រុតកើតជារណ្តៅ កន្លែងខ្លះទៀតក៏បែកទៅជាភក់ល្បាប់ពេញផ្លូវតែម្តង។ ចំពោះបញ្ហានេះពួកគាត់ ធ្លាប់បាននាំគ្នាស្នើសុំទៅអាជ្ញាធរឃុំស្រុកឲ្យជួយដោះស្រាយដែរ គឺសុំឲ្យជួយជួសជុលផ្លូវនេះឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះគឺស្ងាត់ឈឹង មិនឃើញមានអ្នកណាជួយដោះស្រាយនោះទេ។
ជុំវិញបញ្ហានេះលោក សៅ ប្រសិទ្ធិ អភិបាលស្រុកពាមជរបានឲ្យដឹងថា ផ្លូវនេះស្ថិតនៅក្នុងគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយតភ្ជាប់ពីចំណុចផ្លូវកែងសូរិយាក្នុងស្រុកព្រះស្តេច ចាក់ទៅដល់ព្រំដែនកោះស្កូ នៃច្រករបៀងកោះសំពៅ ដែលមានប្រវែងជាង៣០គីឡូម៉ែត្រ និងបានចាប់ផ្តើមសាងសង់ក្នុងអំឡុងឆ្នាំ២០១៣ ប៉ុន្តែលោកមិនបានដឹងថាមានមូលហេតុអ្វីទេ គឺផ្លូវនេះធ្វើមិនទាន់រួចផងស្រាប់តែគេដកគ្រឿងចក្រទៅវិញអស់ ហើយឈប់ធ្វើតែម្តង។
ហើយចំពោះរឿងផ្លូវនេះ ដែលបច្ចុប្បន្នកំពុងរងការខូចខាតនោះ ខាងក្រុមការងារក៏ដូចជាខាងអាជ្ញាធរស្រុក ធ្លាប់បានដាក់សំណើរទៅខាងមន្ទីរអភិវឌ្ឍន៍ជនបទដែរ ប៉ុន្តែខាងមន្ទីរអះអាងថា ផ្លូវនេះគឺជាគម្រោងរបស់ខាងក្រសួង ដូច្នេះទាល់តែក្រសួងទើបអាចដោះស្រាយបានតែពេលនេះក្រសួងមិនឃើញឆ្លើយតបទេ។ ដោយឡែកលោក តូច ស៊ីថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងបានឲ្យដឹងដែរថា ផ្លូវនេះតាមគម្រោង គឺធ្វើឲ្យទៅជាផ្លូវក្រាលកៅស៊ូរហូតដល់ព្រំដែនតែម្តង ប៉ុន្តែការកកស្ទះនេះគឺដោយសារមានបញ្ហារឿងថវិកា ចំណែកបញ្ហាចំពោះមុខរឿងផ្លូវខូចនេះ មន្ទីរក៏មានគ្រោងជួយជួសជុលដែរ ប៉ុន្តែមិនទាន់មានថវិកា នៅពេលណាដែលក្រសួងទម្លាក់ថវិកាឲ្យភ្លាម លោកនឹងបញ្ជូនគ្រឿងចក្រចុះទៅជួសជុលភ្លាម ប៉ុន្តែពេលនេះមិនទាន់មាន បងប្អូនសូមទ្រាំសិនទៅ៕
ចែករំលែកព័តមាននេះ