ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍ពីរលើកក្នុងថ្ងៃតែមួយ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ប៉ុន្ដែនៅកន្លែងផ្សេងគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដែលបង្កឡើងដោយរថយន្ដបុកម៉ូតូដូចគ្នា ។
សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍លើកទីមួយ បានកើតឡើងវេលាម៉ោង១២ថ្ងៃត្រង់ចន្លោះគីឡូម៉ែត្រលេខ២០០ ២០១ ស្ថិតក្នុងភូមិក្ដីស្នួល ឃុំត្រពាំងជង ស្រុកបាកាន ។ គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្ដម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២K-៤២១១ ធ្វើដំណើរពីកើតទៅលិច ទៅដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង ១I-៩៨៥៧ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទីកើត ។ គ្រោះថ្នាក់នេះ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឬឯរថយន្ដក៏ខូចខាតមួយកំណាត់មុខយ៉ាងដំណំដែរ ។ បន្ទាប់ពីកើតហេតុភ្លាម អ្នកបើកបររថយន្ដមិនស្គាល់ឈ្មោះ បានទុករថយន្ដចោលនៅទីនោះ រួចគេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះឈ្មោះ វ៉ិត វឿន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន ។
គ្រោះថ្នាក់ចរាចរណ៍លើកទីពីរ កើតឡើងវេលាម៉ោង១៥រសៀល ចន្លោះគីឡូម៉ែតលេខ១៧៤ ១៧៥ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ដែលបង្កឡើងដោយរថយន្ដបុកម៉ូតូដូចគ្នា ។ រថយន្ដម៉ាក FORTUER ពណ៌ស ពាក់ស្លាកលេខ ONG៣២-២-០០៩ បើកបរដោយឈ្មោះ ហោ សុខជា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ ១F-៦២០០ អ្នកបើកឈ្មោះ ផល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ។ ក្នុងថ្ងៃនោះ រថយន្ដធ្វើដំណើរពីកើតទៅលិច ឯម៉ូតូធ្វើដំណើរពីជើងទៅត្បូង ។ ទៅដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបើកឡើងផ្លូវជាតិលេខ៥គ្មានការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្ដបុករបួសធ្ងន់តែម្ដង ។ រថយន្ដ និងម៉ូតូបង្កគ្រោះថ្នាក់រក្សាទុកនៅអធិការដ្ឋាននគរបាលទាំងពីរ ដើម្បីដោះស្រាយនៅពេលក្រោយ ។
ចំណែកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ