រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ិស RX ៣០០ មួយគ្រឿង ម្ចាស់ទើបតែទិញថ្មីៗ និងរៀបចំទិញផ្លែឈើសែនរួចហើយ បានបើករឺយ៉ែថយក្រោយច្រឡំជាន់ហ្គែរក៏ជ្រុលបុកខឿន ធ្លាក់ប្រឡាយទឹកស្អុយបណ្ដាលឲ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចប្រឡាយបាក់ទូក តាមផ្លូវ១០៣ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តមួយគ្រឿងខាងលើម៉ាកLexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-7632បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយបានរងរបួសឈ្លក់ទឹក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តដែលធ្លាក់ប្រឡាយទឹកស្អុយនោះ ម្ចាស់ទើបតែទិញនៅពេលថ្មីៗហើយបានចតទុកនៅក្នុងផ្ទះនៅចំណុចកើតហេតុខាងលើផ្លូវស្របប្រឡាយបាក់ទូក ដោយរៀបចំសែនព្រេន ដើម្បីសេចក្តីសុខ ។ បន្ទាប់ពីសែនរួច នៅមុនពេលកើតហេតុ ម្ចាស់ដែលទើបតែរៀនបើកបរនៅស្ទើរ ក៏បានឡើងរថយន្តបើកថយចេញពីផ្ទះក្នុងទិសដៅពីកើតទៅលិចក៍ច្រឡំជាន់ហ្គែរជ្រុលបុកខឿនមាត់ប្រឡាយ ហើយធ្លាក់ប្រឡាយទឹកស្អុយក្រឡាប់ផ្ញារកង់ស្ទើរលិចបាត់។

តាមសាក្សីបានអោយដឹងទៀតថាភ្លាមៗប្រជាពលរដ្ឋក្បែរខាងក៍បាននាំគ្នាទៅជួយសង្គ្រោះយកអ្នកបើកបរចេញរួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានក៍បានចុះទៅកន្លែងកើតហេតុសហការជាមួយក្រុមគ្រួសារម្ចាស់រថយន្តបានហៅរថយន្តមកស្ទូចយកទៅដាក់យានដ្ឋានដើម្បីជួសជុល ៕







ចែករំលែកព័តមាននេះ