រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋ១គ្រឿង ព្រោះតែមិនគោរពច្បាប់ចរាចរណ៍ បានបង្កឲ្យមានគ្រោះថ្នាក់កើតឡើង បណ្ដាលរងការខូចខាតក្រពឹតរួញកាប៊ីនខ្លួនឯងទាំងស្រុង ខណៈអ្នកបើកបររថយន្តនេះ បើកបំពានភ្លើងស្តុបក្រហម ជ្រុលទៅបុកចំចំហៀងទ្រុងនិងក្បាលរថយន្តទ្រុងដឹកអីវ៉ាន់ ១គ្រឿងទៀត ពេញទំហឹង ក្នុងពេល ដែលរថយន្តទ្រុងនោះ កំពុងបើកបរក្នុងអាទិ៍ភាពភ្លើងស្តុបពណ៍ខៀវរបស់ខ្លួន ហើយក៏បានបណ្ដាលឲ្យរថយន្តទ្រុងខាងលើនោះ រងការខូចខាតទ្រុង និងកាប៊ីនផងដែរ ប៉ុន្តែពុំបណ្ដាលឲ្យអ្នកបើកបររថយន្តទាំង២គ្រឿង រងរបួសនោះឡើយ ។
ឧប្បត្តិហេតុហេតុរថយន្តបុកគ្នាខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោងជាង០៥និង២៥នាទីព្រឹកព្រលឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ នៅត្រង់ចំណុចភ្លើងស្តុបវត្តជន្លង់ម្លូ ស្ថិតនៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តដែលបើកបុកគ្នាបង្កការខូចខាតទាំងសងខាងនោះ ម៉ាកហ៊ីយ៉ាន់ដាយដូចគ្នា ដោយ១គ្រឿង ពណ៍ខៀវ ពាក់ស្លាកលេខសៀមរាប 3A-0943 ដឹកឥដ្ឋ ហើយបានរងការខូចខាតក្រពឹតរួញកាប៊ីន ខ្ទេចទាំងស្រុង ។ ចំណែលរថយន្ត១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខកណ្ដាល 3A-2132 ជាប្រភេទរថយន្តទ្រុងឃ្លុបជិត ដឹកអីវ៉ាន់ រងការខូចខាតទ្រុង និងកាប៊ីនខាងឆ្វេង ប៉ុន្តែខូចស្រាលជាងរថយន្តដឹកឥដ្ឋ ។
បុរសម្នាក់ បាននិយាយថា ខណៈពេលដែលគាត់កំពុងធ្វើដំណើរឆ្លងកាត់ទីនោះ គាត់បានឃើញរថយន្ត២គ្រឿងនេះបុកគ្នាផ្ទាល់ភ្នែក ដោយនៅមុនពេលកើតហេតុ រថយន្តខាងលើបើកបរធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា។ ក្នុងនោះ រថយន្តដឹកឥដ្ឋ ធ្វើដំណើរតាមមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងល្បឿនលឿនពីជើងទៅត្បូង ចំណែករថយន្តទ្រុងដឹកអីវ៉ាន់ បើកបរតាមផ្លូវបេតុងចេញពីវត្តជន្លង់ម្លូ ក្នុងទិសដៅពីលិចទៅកើត ។
បុរសនោះ បានរៀបរាប់ប្រាប់ឲ្យដឹងទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុបបានលោត ពណ៍ក្រហម ហើយខណៈនោះមានរថយន្ត និងម៉ូតមួយចំនួន បានឈប់រង់ចាំ ប៉ុន្តែរថយន្តដឹកឥដ្ឋនេះវិញ អត់ព្រមឈប់រង់ចាំសិននោះទេ នៅតែបើកបន្តដំណើរបំពានភ្លើងស្តុបទៅមុខទៀត ជាហេតុបណ្ដាលឲ្យជ្រុលទៅបុកចំចំហៀងទ្រុង និងកាប៊ីនរថយន្តទ្រុងដឹកអីវ៉ាន់ពេញទំហឹងតែម្ដង ហើយខណៈនោះ រថយន្តដឹកឥដ្ឋបានក្រពឹតរួញកាប៊ីនខ្លួនឯង រីឯរថយន្តទ្រុងខូចខាតឃ្លុប និងកាប៊ីនផងដែរប៉ុន្តែខូចស្រាលជាង ហើយជាសំណាងល្អ ដែលពុំបណ្ដាលអ្នកបើកបររថយន្តទាំង២ រងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះ ធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿង អែបខាង សម្រួលមិនឲ្យមានការកកស្ទះ។ បន្ទាប់មកភាគីទាំង២ បានសុំធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ប៉ុន្តែអត់ដឹងថាតើព្រមព្រៀងគ្នា ដោយវិធីណាមួយនោះទេ ៕
ចែករំលែកព័តមាននេះ