រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងសារសម្លេងតាមតេឡេក្រាមឲ្យដឹងថា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនលោក ម៉ៃ សុគន្ធ ទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីបើកបររថយន្តល្បឿនលឿនក្នុងស្ថានភាពស្រវឹងគេចពីគោលដៅសមត្តកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុលជ្រុលទៅបុករះម៉ូតូកង់បី និងរបាំងថ្ម បណ្តាលឲ្យរងរបួសមនុស្សធ្ងន់ស្រាលចំនួន៤នាក់ ។
លោកអ្នកនាំពាក្យថ្លែងថា សូមជម្រាបជូនករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីរាត្រីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅខណ្ឌសែនសុខ បង្កដោយរថយន្តឡង់គ្រីស្ស័រ បើកបរដោយបុរសម្នាក់ឈ្មោះ ម៉ៃ សុគន្ធ នោះ អញ្ចឹងករណីនេះ គឺជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃនេះ តាមបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធក្នុងការបើកបរក្នុងស្ថានភាពស្រវឹង ហើយបើកបរក្នុងល្បឿនលឿន ។
នីតិវិធីរបស់សមត្តកិច្ចមន្ត្រីនគរបាលយុត្តិធម៌ គឺយើងមានសិទ្ធិឃាត់ខ្លួនសួរនាំរយៈពេល៤៨ម៉ោង ដើម្បីស្រាវជ្រាវស៊ើបអង្កេតហើយ យើងនិងបញ្ជូនទៅតុលាការដើម្បីអនុវត្តទៅតាមនីតិវិធី ។
អុីចឹង កិច្ចការងារនេះគឺយើងត្រូវតែពង្រឹងក្នុងការអនុវត្តច្បាប់ឲ្យបានម៉ឺងមាត់ គត់មត់ ច្បាស់លាស់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋយើងទូទៅ ចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ ដែលយើងដឹងហើយថាបញ្ហាចរាចរណ៍នេះជាបញ្ហារសើបពីមួយថ្ងៃទៅមួយថ្ងៃបង្កឲ្យគ្រោះថ្នាក់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ បង្ករបួសស្នាមខូចខាតទ្រព្យសម្បត្តិសាធារណៈជាដើម ។
អញ្ចឹងការអនុវត្តរិតបណ្តឹងច្បាប់ចរាចរផ្លូវគោក ជាពិសេស ការអនុវត្តនៅពេលយប់ គឺយើងឃើញថា រាជធានីភ្នំពេញបញ្ហាប្រឈម គឺគ្រោះថ្នាក់ពេលយប់នេះ មានការកើតឡើងជាបន្តបន្ទាប់ ទោះបីការអនុវត្តរិតបណ្តឹងច្បាប់ចរាចរផ្លូវគោក យើងបានធ្វើជាបន្តបន្ទាប់ហើយយ៉ាងណាក្តី ។
អញ្ចឹងអ្វីដែលយើងបានអនុវត្ត បានធ្វើកិច្ចការងាររបស់មន្ត្រីសមត្តកិច្ចជំនាញ យើងសូមអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការបន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថអត្រាបាត់បង់អាយុជីវិត ការបន្ថយការគ្រោះថ្នាក់ដោយរងរបួសស្នាម និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋក៏ដូច ជាទ្រព្យសម្បត្តិសាធារណៈ ។
នេះជាជំហានដែលយើងត្រូវយកចិត្តទុកដាក់ សម្រាប់ទាំងសមត្ថកិច្ចក្នុងការរឹតបណ្តឹងអនុវត្តច្បាប់ ហើយប្រជាពលរដ្ឋទូទៅនាំគ្នាចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ។ លោក ម៉ៃ សុគន្ធ ពេលនេះស្ថិតក្នុងតំណាក់កាល ស្ថាប័នអយ្យការបើកការស៊ើបសួរ ។
សូមជម្រាបថា អតីតតារាចម្រៀងលោក ម៉ៃ សុគន្ធ បានចេញមុខសុំទោសជាសាធារណៈចំពោះ ករណីបង្កឲ្យមានគ្រោះថ្នាក់ចរាចរ ណ៍ នឹងបានសន្យាធានាសងសំណងទាំងអស់ទៅកាន់ភាគីជន រងគ្រោះ ។
តាមរយៈវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គម លោក ម៉ៃ សុគន្ធ បានលើកឡើងថា «ខ្ញុំបាទម៉ៃ សុគន្ធ ជាដំបូង សូមលើកម្រាមដៃដប់ជំរាបសួរ និង គោរព ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សម្តេចពុក សម្តេចម៉ែ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី និង សូមគោរពដល់លោកពូ អគ្គស្នងការ ស ថេត និង លោកស្នងការនគរបាលរាជធានីភ្នំពេញ និង អគ្គ ស្នងការរង លោកពូ ជួន ណារិន្ទ គោរពដល់លោកជំទាវ ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្ប:ខ្ញុំក្រាប សុំទោស និង លើកម្រាមដៃដប់ ជូនចំពោះថ្នាក់ដឹកនាំ ។
លោកបានបន្តថា ដោយយប់មិញថ្ងៃព្រហស្បតិ៍ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខ្ញុំបាទបើកបររថយន្តមិនបានគោរពច្បាប់ចរាចរណ៍ ដោយខ្ញុំបាទបានចេញកម្មវិធី មានញាំជាតិស្រវឹងជាប់ក្នុងខ្លួន បើកបរបំពានច្បាប់ចរាចរណ៍ និង មិនបានគោរព តាមសញ្ញាបញ្ជា របស់នគរបាលចរណ៍ ដែលអនុវត្តរឹតបណ្តឹងច្បាប់ លើដងផ្លូវ ដោយពេលនោះខ្ញុំបាទភ័យពេក ។
ខ្ញុំគ្មានចេតនាអ្វីលើសពីហ្នឹងទេ គ្រាន់តែរូបខ្ញុំបាទខ្លាចពេលដល់ចុះទៅផាកពិន័យមានអ្នកកាសែតមកថត ខ្លាចបាត់បង់កិត្តិយស ។ ជាចុងក្រោយខ្ញុំបាទ ម៉ៃ សុគន្ធ សុំលើកម្រាមដៃ១០ ក្រាបសំ ពះម្តងទៀត គោរពទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាលើកទោសដល់រូបខ្ញូំបាទផង និង បងៗកង់បី ព្រមទាំងជនរងគ្រោះ(នឹងធានាសងសំណងលើថ្លៃខូចខាត..) ។
ខ្ញុំបាទម៉ៃ សុគន្ធ សូមសន្យាចាប់ពីថ្ងៃនេះទៅ នឹងកែប្រែកំហុសខុសឆ្គងមួយនេះហើយ ខ្ញុំបាទម៉ៃ សុគន្ធ សូមផ្ញើសារ មួយនេះ សូមបងប្អូន យុវ័យទាំងអស់ កុំយកគំរូអាក្រក់តាមខ្ញុំ ។ សូមពុកម៉ែបងប្អូន ចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា និង ត្រូវគោរពបងៗសមត្ថកិច្ចដែលអនុវត្តច្បាប់ចរាចរណ៍តាមគ្រប់គោលដៅទាំងអស់ ហើយ ក៏សូមទោសដល់បងៗសមត្តកិច្ច នៅខ័ណ្ឌ យប់មិញផង ដែរ ជាចុងបញ្ចប់ សូមជូនពរពុកម៉ែ បងប្អូនខ្មែរ ទាំងអស់ សុខភាពល្អ រកទទួលមានបានទាំងអស់គ្នា និង រួបរួមគ្នា ខ្មែរ ស្រឡាញ់ខ្មែរ» ។
គួរបញ្ជាក់ថា អតីតតារាចម្រៀងលោក ម៉ៃ សុគន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបលោកមិនសហការជាមួយកម្លាំង សមត្ថកិច្ចដែលដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាល់កុល ដោយបើករថយន្តគេចពីបារាស់ ព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចបើករថយន្តស៊ីរ៉ែន ដេញតាមពីក្រោ យ រហូតមកដល់ចំណុចមុខវត្តទឹកថ្លា ក៏ជ្រុលទៅបុកម៉ូតូកង់បី២ គ្រឿង ហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣ កង់ ទើបទៅមុខលែងរួច ។
ហេតុការណ៍ខាងលើនេះបង្កឱ្យមាន ការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង ២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខវត្តទឹកថ្លា ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ