បន្ទាយមានជ័យ ៖ ក្រោយគេហទំព័រ និងកាសែតកោះសន្តិភាពបានចេញផ្សាយពីភាពតោកយ៉ាករបស់គ្រួសារមួយនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជីដូន និងចៅៗនាំគ្នាដើរកាយគំនរផេះរកលោហៈធាតុលក់យកប្រាក់ដូរបាយកាលពីពេលថ្មីមានសប្បុរសជនម្នាក់រួមជាមួយគ្រួសារបានផ្តល់ថវិការចំនួន១០០ដុល្លារឧបត្ថម្ភដល់គ្រួសារលោកយាយមួយនេះដើម្បីជួយជាការរំលែកទុក្ខ ។
គ្រួសារសប្បុរសដែលជាអ្នកឧបត្ថម្ភខាងលើមានប្តីឈ្មោះ កឹង រ៉ាវីរៈ ប្រពន្ធឈ្មោះ ឆន ចរិយា រួមជាមួយនឹងគ្រួសាររបស់លោក ដែលសព្វថ្ងៃលោកជាមន្ត្រីរាជការ និងមានទីលំនៅក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលលោករួមជាមួយនឹងគ្រួសារបានឧបត្ថម្ភប្រាក់ចំនួន១០០ដុល្លារ ។
ថវិការ១០០ដុល្លារនេះភ្នាក់ងារកោះសន្តិភាពបានយកទៅប្រគល់ជូនគ្រួសារទីទាល់ក្រស្ត្រីចំណាស់ឈ្មោះ ហាច ខឿប អាយុ៧៥ឆ្នាំ ដែលចិញ្ចឹមចៅប្រុសស្រី៤នាក់ផ្ទាល់ដៃ រួមមានអង្ក១ការ៉ុងស្មើនឹង៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រីដបធំ២យួរ, ប៊ីចេង៤ថង់ស្មើនឹងគីឡូក្រាម, ស្ករស២គីឡូក្រាម, អំបិល២គីឡូក្រាម, ខ្ទឹម២គីឡូក្រាម និងថវិការចំនួន៥០ដុល្លារ សរុប១០០ដុល្លារអាមេរិក ។ គ្រួសារទីទាល់ក្រមួយនេះបានសម្តែងការត្រេកអរជាខ្លាំង ខណៈទទួលបាននូវអំណោយសប្បុរសរបស់គ្រួសារខាងលើ ហើយលោកយាយវ័យចំណាស់ក៏បានបួងសួងសូមឲ្យវត្ថុស័ក្ដិសិទ្ធិក្នុងលោកជួយបីបាច់ថែរក្សាដល់គ្រួសារម្ចាស់អំណោយសូមឲ្យមានសុខភាពល្អរកស៊ីទទួលទានកាន់តែមានបាន និងជោគជ័យគ្រប់ភារកិច្ច ។
សូមបញ្ជាក់ផងដែរថា ជីវិតគ្រួសាររបស់លោកយាយពុំមានដី ឬផ្ទះខ្លួនឯងដើម្បីរស់នៅទេ ពោលគឺរយៈពេល៦ទៅ៧ឆ្នាំចុងក្រោយនេះប្តូរទីតាំង៣កន្លែងមកហើយ ។ ក្មេងទាំង៤នាក់មានចៅម្នាក់ និងចៅទួត៣នាក់ ហើយម្តាយឱពុកពួកគេក្រីក្រ ខ្លះទៅថៃ ខ្លះបាត់ដំណឹង ។ ចំណែកឯជីវិតគ្រួសារគាត់ និងចៅៗញ៉ាំបបរច្រើនជាងញ៉ាំបាយ ព្រោះរកប្រាក់មិនបាន ហើយមួយរយៈចុងក្រោយនេះ គាត់និងចៅៗរស់អាស្រ័យលើដើរកាយគំនរផេះដែលគេដុតខោអាវជជុះចាស់ៗចោល ដើម្បីរកលោហៈធាតុ (ឡេវអាវស្ពាន់) យកទៅលក់ដើម្បីយកប្រាក់ដោះស្រាយជីវភាព ។ ហើយលោហៈធាតុ១គីឡូក្រាមតម្លៃ៦.០០០រៀល ដោយថ្ងៃខ្លះរកបានកន្លះគីឡូក្រាម ឯថ្ងៃខ្លះរកបានជាងកន្លះគីឡូក្រាមបើគិតជាប្រាក់ថ្ងៃខ្លះបាន៣.០០០រៀល និងថ្ងៃខ្លះរកបាន៤.០០០រៀល ៕
ចែករំលែកព័តមាននេះ