រដ្ឋាភិបាលម៉ាឡេស៊ី ចាប់ផ្តើមលើកលែងទោសដល់ពលករបរទេសដែលចូលធ្វើការដោយខុសច្បាប់ក្នុងថ្ងៃទី១ សីហា កន្លងមក ខណៈពេលក្រុមការពារសិទ្ធិពលករបានធ្វើការព្រមានពីនយោបាយខាងលើថា គ្មានភាពច្បាស់លាស់ និងអាចធ្វើឱ្យពលករបរទេសប្រឈមមុខនឹងការឆបោក ។
ក្នុងរយៈពេល៦ខែចាប់ពីពេលនេះតទៅ ពលករបរទេសក្នុងប្រទេសម៉ាឡេស៊ីភាគច្រើនមកពីប្រទេសឥណ្ឌូណេស៊ី បង់ក្លាដែស និងឥណ្ឌា នឹងបានទទួលការចុះបញ្ជីដោយប្រព័ន្ធស្គែនម្រាមដៃដែលអាចជួយដល់មនុស្សទាំងនេះឱ្យធ្វើការនៅប្រទេសម៉ាឡេស៊ីបន្តដោយស្របច្បាប់ ឬក៏បញ្ជូនត្រឡប់ទៅប្រទេសវិញ ដោយមិនទទួលទោស ។ គួរបញ្ជាក់ថា កន្លងមកការលួចចូលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយខុសច្បាប់ នឹងមានទោសដោយជាប់ពន្ធនាគារ ឬ ត្រូវធ្វើទារុណកម្ម ។
អាជ្ញាធរម៉ាឡេស៊ីបានឱ្យដឹងថា ការស្គែនម្រាមដៃនឹងជួយកាត់បន្ថយឧក្រិដ្ឋកម្មបាន ព្រោះពលករបរទេសភាគច្រើនរមែងមានការពាក់ព័ន្ធជាមួយឧក្រិដ្ឋជន រួមទាំងអាចការពារមិនឱ្យពលករដែលត្រូវបញ្ជូនទៅប្រទេសវិញ បន្លំឯកសារ ត្រឡប់ចូលទៅម៉ាឡេស៊ីទៀត ។ អាជ្ញាធរបានបន្តទៀតថា «ផ្នែកឧស្សាហកម្ម និងសំណង់នៅខ្វះខាតពលករ និងមានតម្រូវការស្ត្រីបម្រើតាមផ្ទះយ៉ាងច្រើន ។ រដ្ឋាភិបាលមានក្តីសង្ឃឹមយ៉ាងមុតមាំថា ពលករបរទេស នឹងជួយបំពេញតម្រូវការរបស់ផ្នែកជំនួញទាំងនេះបាននៅមុនពេលអនុញ្ញាតឱ្យពលករថ្មីចូល»។
រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសពីគម្រោងលើកលែងទោសកាលពីខែមិថុនាកន្លងមក ដើម្បីរៀបចំពលករខុសច្បាប់ដែលមានចំនួន១,៨លាននាក់ ដោយមនុស្សទាំងនេះស្ថិតនៅក្នុងការងារផ្នែកឧស្សាហកម្ម និងសំណង់ដែលមានចំណូលតិច និងមិនមែនជាតម្រូវការរបស់ជនជាតិមា៉ឡេសីុ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារសិទ្ធិពលករបានគូសបញ្ជាក់ថា នយោបាយខាងលើនៅមិនទាន់មានភាពច្បាស់លាស់ថា តើពលករប្រភេទណាត្រូវស្គែនម្រាមដៃ? ហើយបញ្ហានេះអាចធ្វើឱ្យពលករមួយចំនួនទៀតប្រឈមមុខនឹងការល្មើស ឬឆបោកបាន៕
ចែករំលែកព័តមាននេះ