បន្លែគឺជាអាហារធម្មជាតិ ដែលមានសារធាតុចិញ្ចឹមស្ទើរតែទាំងអស់ ដែលរាងកាយត្រូវការដើម្បីដំណើរការមុខងារឲ្យបានត្រឹមត្រូវ ។ វាគឺជាការណ៍ពិតដែលបន្លែតែមួយមុខមិនអាចបំពេញតម្រូវការអាហារូបត្ថម្ភទាំងអស់នៃរាងកាយរបស់អ្នកបានទេ ដូច្នេះវាជាការណ៍សំខាន់ក្នុងការបរិភោគបន្លែឲ្យបានច្រើនមុខក្នុងរបបអាហាររបស់អ្នក ។
មិនថាអ្នកបរិភោគម្ហូបអាហារអ្វីទេ សូមកុំភ្លេចបន្ថែមបន្លែចូលក្នុងមុខម្ហូបនោះ ។ បន្លែគឺជាប្រភពសារធាតុចិញ្ចឹមដ៏ច្រើន មានទាំងវីតាមីនរហូតដល់សារធាតុប្រឆាំងអុកស៊ីតកម្ម។ ជំហានដំបូងដើម្បីទទួលបានសុខភាពល្អ គឺជាអ្វីដែលអ្នកបរិភោគ ។
ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួននៃបន្លែពណ៌បៃតងចំពោះសុខភាពរបស់អ្នក ។
១-ប្រឆាំងនឹងជំងឺមហារីក
បន្លែមិនត្រឹមតែជាអាហារធម្មជាតិល្អបំផុតនោះទេ វាថែមទាំងជួយការពារជំងឺមហារីកបានទៀតផង។ ដូចគ្នានេះដែរ បន្លែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឥទ្ធិពលក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងរាងកាយ ។
២-ល្អចំពោះសុខភាពបេះដូង
វាគ្មានអ្វីគួរឲ្យឆ្ងល់ទេថា ហេតុអ្វីបានជាគ្រូពេទ្យរបស់អ្នកណែនាំឲ្យអ្នកបរិភោគបន្លែសម្រាប់សុខភាពបេះដូង ដោយសារតែអត្ថប្រយោជន៍ចំពោះសុខភាពដែលបន្លែមានសម្រាប់ធ្វើឲ្យបេះដូងមានសុខភាពល្អ ។
៣-ស្រកទម្ងន់
ការឡើងទម្ងន់ នឹងលែងជាសុបិនអាក្រក់សម្រាប់អ្នកទៀតហើយ ប្រសិនបើអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការប្តូររបបអាហារដែលមានបន្លែកាន់តែច្រើន ។ ជាតិកាកសរសៃដ៏ច្រើនដែលមានក្នុងបន្លែនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតលឿន ដូច្នេះអ្នកនឹងមិនបរិភោគអាហារដ៏ច្រើនដូចពេលមុនទៀតទេ ។
៤-កាត់បន្ថយសម្ពាធឈាម និងរក្សាវាក្នុងកម្រិតដែលល្អចំពោះសុខភាព
បន្លែភាគច្រើនមិនមានជាតិសូដ្យូមទេ។ កត្តានេះធ្វើឱ្យបន្លែជាជម្រើសដ៏ល្អចំពោះសុខភាពបេះដូង ។ ការទទួលទានបន្លែនឹងជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នកបានយ៉ាងងាយស្រួល និងប្រកដដោយប្រសិទ្ធភាព ។ នេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពនៃការទទួលទានបន្លែជារៀងរាល់ថ្ងៃ ។
៥-គ្មានបញ្ហាទាក់ទងនឹងការទល់លាមក
ប្រសិនបើអ្នកមានបញ្ហាទល់លាមក សូមសាកល្បងផ្លាស់ប្តូររបបអាហាររបស់អ្នកដោយទទួលទានបន្លែឲ្យកាន់តែច្រើនឡើង ។ វានឹងដោះស្រាយបញ្ហាទល់លាមករបស់អ្នកយ៉ាងងាយស្រួលជាមួយនឹងជាតិកាកសរសៃដ៏ច្រើនក្នុងបន្លែ ៕
ចែករំលែកព័តមាននេះ