ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​គ្រួសារ​ដុត​ផ្ទះ​ប៉ង​សម្លា.ប់​ប្រពន្ធ​-​កូន​រួច​រត់​មក​លោតទឹក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ខណៈ​បុរស​ម្នាក់​ធ្វើ​ដំណើរដោយ​ថ្មើរជើង​មក​លោតទឹក​នៅ​ទន្លេបាសាក់​

រាជធានី​ភ្នំពេញ ៖ វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ខណៈ​បុរស​ម្នាក់​ធ្វើ​ដំណើរដោយ​ថ្មើរជើង​មក​លោតទឹក​នៅ​ទន្លេបាសាក់​ក្បែរ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ដោយ​ខ្លួនប្រាណ​មាន​របួស​រលាកភ្លើង​ពេញ​ខ្លួន ។ បុរស​រូប​នេះ​ត្រូវ​បាន​ប្រាប់​ថា​ឈ្មោះ អ៊ុ​ច ធួន​វី​រៈ អាយុ៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បុរស​ខាងលើ​មាន​វិបត្តិ​ជាមួយ​ប្រពន្ធ រហូត​កើតការ​ខឹងសម្បា ក៏​ដុត​ផ្ទះ​ខ្លួន​រស់នៅ​សព្វថ្ងៃ​បំផ្លាញ​ចោល រួច​ដើរមក​ដល់​ច្រាំង​ទន្លេ​ក្បែរ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក៏​លោតទឹក​បំណង​សម្លាប់​ខ្លួន ឱ្យ​ចប់​ធាតុ​អាក្រក់ ប៉ុន្តែ​អាយុ​បាប​មិន​ទាន់​អស់​ក៏​ត្រូវ​កម្លាំង​អាជ្ញាធរ​ជួយ​សង្គ្រោះ ។

មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​និយាយ​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​អន្តរាគមន៍​ស្រង់​យក​បុរស​រូប​នេះ​ឡើង​លើគោក រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ភ្លាម​ៗដែរ ។ បន្ទាប់​ពី​សង្គ្រោះ​ឱ្យ​រស់​ហើយ​នគរបាល​ក៏​បាន​បញ្ជូន​បុរស​អគតិ​នេះ​ប្រគល់​ឱ្យ​ខណ្ឌដង្កោ​ចាត់ការ​បន្ត ។

នា​ព្រឹក​ថ្ងៃ​ដដែល​នោះ លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បានឱ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​ថា បុរស​ខាងលើ​ពិតជា​មាន​ទីលំនៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ប្រាកដ​មែន ហើយ​តែង​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ខ្លួន​ជា​រឿយ​ៗ រហូត​ធ្លាប់​ចង់​លែងលះ​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​ទៀត​ផង ។

លោក​អធិការ​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​៥ ខែមីនា  ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង លុះនៅ​វេលា​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែមីនាបុរស​ជា​ប្តី​ក៏​លួច​ដុត​ផ្ទះ​របស់​ខ្លួន​ចោល បណ្តាល​ឱ្យ​ប្រពន្ធ​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​រង​របួសធ្ងន់ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ក្រោយ​ពី​ដុត​ផ្ទះ​រួច បុរស​នេះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ក៏​ឮដំណឹង​ថា​បម្រុង​លោតទឹក​ទន្លេបាសាក់​សម្លាប់​ខ្លួន នៅ​ខណ្ឌ​ច្បារ​អំពៅ​។

ប្រពន្ធ​ដែល​រង​គ្រោះ​ឈ្មោះ ស៊ឹម សុ​ថា​វី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ​ក្នុង​សាលារៀន​ភូមិ៦ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។ ប្តី​ប្រពន្ធ​នេះ​មានកូន​ស្រី​ម្នាក់​ឈ្មោះ វីរ​: ពេជ្រ​រ៉ូ​ហ្សា បច្ចុប្បន្ន​អាយុ​៦​ឆ្នាំ ។

តាម​បងប្អូន​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​បាន​រៀប​ការ​ជាមួយ​គ្នារយៈពេល​៧​ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ខាង​ប្រពន្ធ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ។ ទោះជា​យ៉ាងណា ពួក​គេ​ទាំង​ពីរ​នាក់​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ណាស់ ដោយសារ​ប្តី​ជា​មនុស្ស​ត្រចៀកស ចិត្ត​ស្រាល​ឆាប់​ជឿ​គេ​ពេក និង​មាន​ជំងឺសរសៃប្រសាទ​ផង​ដែរ លេបថ្នាំ​រាល់ថ្ងៃ ។ កន្លង​មក​ជិត​មួយ​ខែ​មក​ហើយ ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​រហូត ហើយ​ប្តី្ត​បាន​ទៅ​រស់នៅ​ផ្ទះ​ម្ដាយ​របស់​ខ្លួន​ទើបនឹង​ត្រឡប់​មក​រស់នៅ​ជាមួយ​ប្រពន្ធ​វិញ​បាន​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ថា ប្តី​ប្រពន្ធ​នេះ​មាន​គម្រោង​នាំ​គ្នា​ទៅ​រកស៊ី​លក់ដូរ​នៅ​ខេត្តកំពង់ធំ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា ដោយ​ប្រពន្ធ​បាន​រៀបចំ​បង្វេច​ខោអាវ​រួចរាល់​អស់ហើយ ស្រាប់តែ​នៅ​យប់​កើតហេតុ​មិនដឹង​ជា​មានរឿង​អី្វ​ទេ ឮ​សូរ​សំឡេង​ឈ្លោះប្រកែក​គ្នា និង​ឮ​សំឡេង​ស្រែក ។

ពេល​នោះ​ឪពុក​ម្តាយ​ស្មានថា ជា​ការ​ដេក​មមើ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ឮ​សំឡេង​ដួល​ម៉ូតូ​គ្រាំ​ង ហើយ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​សន្ធោសន្ធៅ​នៅ​ក្នុងផ្ទះ​ជាន់​ក្រោម ដែល​ជា​កន្លែង​ជន​រង​គ្រោះ​ដេក ។ 

ពេល​នោះ​ស្ថានភាព​នៅ​ក្នុងផ្ទះ ហាក់បីដូចជា​រញ៉េរញ៉ៃ ព្រោះ​បន្ទប់​ដែល​ឆេះ​គឺ​ជាប់​សោ​ពី​ខាងក្នុង ។ ស្រប​ពេល​នោះ អ្នក​ជិតខាង​មក​ជួយ​ក៏​បាន​វាយ​កញ្ចក់​បង្អួច​នាំ​យក​កូនស្រី​ចេញ​មក​ក្រៅ​រួច​ផុត​ពី​អណ្តាតភ្លើង ។ ឯ​បុរស​ជា​ប្តី​រត់គេច​ខ្លួន​បាត់ ចំណែក​ប្រពន្ធ​ត្រូវ​ភ្លើង​ឆាបឆេះ​រោល​ពេញ​ខ្លួន ទម្រាំ​តែ​បងប្អូន​អ្នក​ជិតខាង​នាំ​គ្នា​វាយ​បំបែក​កញ្ចក់​ទ្វារ​ចូល​ទៅ​បាញ់​ទឹក​ពន្លត់ ទើប​អាច​យក​ជន​រង​គ្រោះ​ចេញ​បាន ។ ទោះជា​យ៉ាងណា ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​តាំងពី​ត្រឹម​ក​ចុះ​មក​ដល់​ចុងជើង ព្រមទាំង​ឆេះ​មុង ភួយ ពូក និង​បង្វេច​ខោអាវ​ផង​ដែរ ។

បើ​តាម​កូនស្រី​និយាយ​ថា មុន​ពេល​កើតហេតុឪពុក​ម្តាយ​នាង​ឈ្លោះប្រកែក​គ្នា បន្ទាប់​មក​ស្រាប់តែ​ឪពុក​ច្របាច់ក​ម្តាយ រួច​ផ្តួល​ម៉ូតូ​បង្ហូរ​សាំង​និង​ដុត​ម៉ូតូ​ឱ្យ​ឆាបឆេះ ។ ជាមួយ​នេះ បាន​រុញ​ម្តាយ​ចូល​ក្នុង​អណ្តាតភ្លើង រួច​វាយ​កញ្ចក់​ទ្វារ​ដែល​ចាក់សោ​ពី​ខាងក្នុង​រត់​ចេញ​ទៅ​ក្រៅ ។

ចំណែក​ម្តាយ​ស្ត្រី​រង​គ្រោះ​វិញ​និយាយ​ថា កូនប្រសា​ប្រុស​ម្នាក់​នេះ​កន្លង​មក​ធ្លាប់​ទូរស័ព្ទ​មក​គំរាម​ថា​នឹង​សម្លាប់​ទាំង​ម្តាយ​និង​កូន​ម៉ា​ពូជ​តែ​ម្តង ។ ការ​ឆេះ​នេះ​គឺ​ខូចខាត​ម៉ូតូ​សេ​១០០​ប៊ិក​មួយ​គ្រឿង និង​សម្ភារ​នៅ​ក្នុងផ្ទះ​នៅ​ជាន់​ក្រោម​អស់​ស្ទើរ​ទាំងស្រុង ។

លោក វឿ​ក សា​មឿ​ន ចៅសង្កាត់​ដង្កោ បាន​ចុះ​ទៅ​សួរសុខទុក្ខ​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ និង​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១០០​ដុល្លារ សម្រាប់​ព្យាបាល​ផង​ដែរ ។

ដោយឡែក សមត្ថកិច្ច​នៅ​មិន​ទាន់​សាកសួរ​ជន​រង​គ្រោះ​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​ដុត​សម្លាប់​នេះ​នៅឡើយ​ទេ ។ បើ​តាម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជន​រង​គ្រោះ​ធ្ងន់ គឺ​កម្រិតរលាក​ដំណាក់កាល​ទី​ពីរ ៕