រាជធានីភ្នំពេញ ៖ យុវជននិស្សិតម្នាក់បានខ្ចីរថយន្តរបស់បងប្អូន ដើម្បីជិះទៅញ៉ាំការមិត្តភក្តិ ។ តែអ្វីហួសចិត្ត គឺជននេះបានកុហក់ថា ជិះទៅមើលឪពុកឈឺនៅមន្ទីរពេទ្យទៅវិញ ហើយចៃដន្យបើកត្រឡប់ពីញ៉ាំការគេវិញ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះទៅបុកខឿនសួនច្បារ ។
រថយន្តខាងលើ មិនបានឈប់ដោះស្រាយនោះទេ ដោយព្យាយាមបើករត់ ក៏ជ្រុលទៅបុករទេះលក់គ្រឿងម្ជូរ នៅផ្សារដើម.គទៀត ក៏ត្រូវក្រុមអាជីវករនិងពលរដ្ឋ នាំគ្នាវាយបែកក្បាល និងគប់កញ្ចក់រថយន្តបែកខ្ទេច និងរងរបួសខ្លួនផងដែរ ។
ហេតុការណ៍នេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង០៩ និង២០នាទីយប់ថ្ងៃទី៦ មីនា ស្ថិតត្រង់ចំណុចតាមបណ្តោយមហាវិថីព្រះមុនីរ៉េត (កន្លែងលក់បន្លែផ្សារដើម.គ) ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២U-២៦៦០ បើកបរដោយយុវជនម្នាក់ឈ្មោះទេព បុរី អាយុ២៥ឆ្នាំ ជានិសិត្សឆ្នាំទី៣ រៀននៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ រីឯម្ចាស់រទេះលក់ស្វាយឈ្មោះយុន សាវ៉េន ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារដើម.គ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក
ក្រោយពេលកើតហេតុ អ្នកលក់បន្លែនៅផ្សារដើម.គ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុរាប់រយនាក់ផ្ទុះកំហឹងនាំគ្នាយកជ្រុញ និងអង្រែបុកគ្រឿង ព្រមទាំងកញ្ជ្រែងដាក់បន្លែគប់ទៅលើរថយន្ តធ្វើឲ្យបែកកញ្ចក់អស់ទាំងស្រុង ។ ភ្លាមៗនោះ សមត្ថកិច្ចទៅដល់បានបើកទ្វារឱ្យយុវជនជាអ្នកបើករថយន្តចុះពីលើរថយន្ត ហើយត្រូវប្រជាពលរដ្ឋនាំគ្នាវាយបែកក្បាល ទម្រាំសមត្ថកិច្ចនាំទៅដល់ប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី២។
បើតាមសម្តីយុវជន ដែលជាអ្នកបើកបររថយន្តបង្កខាងលើ បានរៀបរាប់ថា រថយន្តខាងលើនេះ មិនមែនជារបស់គេទេ គឺរូបគេបានខ្ចីពីបងប្អូន ដោយកុហកថា ខ្ចីជិះទៅមើលឪពុកឈឺនៅមន្ទីរពេទ្យ ។
ចែករំលែកព័តមាននេះ