ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្របាច់​.​ក​ប្រពន្ធ​ហើយ ចាក់​សាំង​ដុត​រួច​រុញ​ប្រពន្ធ​ចូល​ភ្លើង​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​មាន​ជំងឺសរសៃប្រសាទ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ហើយ​បាន​ផ្តួល​ម៉ូតូ​ចាក់​សាំង​ដុត​ផ្ទះ​ឆេះ​សន្ធោសន្ធៅ និង​ទាញ​ប្រពន្ធ​រុញ​ចូល​ភ្នក់ភ្លើង​បណ្តាល​ឲ្យ​ឆេះ​រលេះរលួយ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​មាន​ជំងឺសរសៃប្រសាទ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ហើយ​បាន​ផ្តួល​ម៉ូតូ​ចាក់​សាំង​ដុត​ផ្ទះ​ឆេះ​សន្ធោសន្ធៅ និង​ទាញ​ប្រពន្ធ​រុញ​ចូល​ភ្នក់ភ្លើង​បណ្តាល​ឲ្យ​ឆេះ​រលេះរលួយ​ស្បែក​ពេញ​ខ្លួនប្រាណ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧ នៅផ្ទះ​តាម​ផ្លូវ​បេ តុង ប្លុក​សំបុកចាប​ក្បែរ​ស្ពានដែក ក្នុងភូមិ​ម័​ល  សង្កាត់​ដង្កោ ខណ្ឌដង្កោ  ។

ជន​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ សឹម សុ​ថា​វី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ​ក្នុង​សាលារៀន​ភូមិ​៦ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​ប្តី​ឈ្មោះ អ៊ុ​ជ ធួន​វី​រៈ អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​៦  សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មានកូន​ស្រី​ម្នាក់​ឈ្មោះ វិ​រ​: ពេជ្រ​រូ​ហ្សា អាយុ​៦​ឆ្នាំ ។

បើ​តាម​សម្ដី​របស់​បងប្អូន​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ពី​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ​បាន​រៀប​ការ​ជាមួយ​គ្នា​បាន​រយៈពេល​៧​ឆ្នាំ​មក​ហើយ និង​មានកូន​ស្រី​ម្នាក់​អាយុ​៦​ឆ្នាំ  បច្ចុប្បន្ន​រស់​នៅ​ជាមួយ​ឪពុក​ម្តាយ​ខាង​ប្រពន្ធ​នៅ​ក្នុងផ្ទះ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​មាន​ទំហំ​១៥​ម៉ែត្រ​គុណ​១៧​ម៉ែត្រ ។ គ្រួសារ​របស់​គេ​ទាំង​ពីរ​នាក់​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ណាស់ ដោយ​សារ​​តែ​ប្តី​ជា​មនុស្ស​ត្រចៀកស ចិត្ត​ស្រាល ឆាប់​ជឿ​គេ​ពេក និង​មាន​ជំងឺសរសៃប្រសាទ​ប្រចាំ​កាយ​ផង កន្លង​មក​ជិត​មួយ​ខែ​មកនេះ​ប្តី​ប្រពន្ធ​ពួក​គេ​បាន​ឈ្លោះប្រកែក​គ្នា​រហូត​មក​ហើយ​​បុរស​ជា​ប្តី្ត​បាន​ទៅ​រស់នៅ​ផ្ទះ​ម្ដាយ​របស់​គេ​ទើបនឹង​ត្រឡប់​មក​រស់នៅ​ជាមួយ​ប្រពន្ធ​វិញ​បាន​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប្តី​ប្រពន្ធ​នេះ​បាន​រៀបចំ​គម្រោង​នាំ​គ្នា​ទៅ​រកស៊ី​លក់ដូរ​នៅ​ខេត្តកំពង់ធំ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧ ដោយ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​រៀបចំ​បង្វេច​​ខោអាវ​រួចរាល់​អស់ហើយ ស្រាប់តែ​នៅ​យប់​កើតហេតុ​មិនដឹង​ជា​មានរឿង​អី ឮ​សូរ​សម្លេង​ឈ្លោះប្រកែក​គ្នា និង​បានឮ​សម្លេង​ស្រែក តែ​ពេល​នោះ​ពួក​គាត់​ស្មានថា​កូន​របស់​គាត់​​ដេក​មមើ​ល លុះ​បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​ឮ​សម្លេង​ដួល​ម៉ូតូ​គ្រាំ​ង​ហើយ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​សន្ធោសន្ធៅ​នៅ​ក្នុងផ្ទះ​ជាន់​ក្រោម​ដែល​ជា​កន្លែង​របស់​ជន​រង​គ្រោះ​ដេក   ពេល​នោះ​ស្ថានភាព​នៅ​ក្នុងផ្ទះ​ហាក់បីដូចជា​រញ៉េរញ៉ៃ ព្រោះ​អី​បន្ទប់​ដែល​ឆេះ​គឺ​ជាប់​សោ​ពី​ខាងក្នុង​ស្រប​ពេល​នោះ​ដែល​ប្តី​របស់​ប្អូន​គាត់​បាន​វាយ​កញ្ចក់​បង្អួច​បាន​នាំ​កូនស្រី​ចេញ​​មក​ក្រៅ​រួច​ផុត​ពី​អណ្តាតភ្លើង  ហើយ​បុរស​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់​ដោយ​បន្សល់​ឱ្យ​ប្រពន្ធ​ត្រូវ​ភ្លើង​ឆាបឆេះ​រោល​ពេញ​ខ្លួន​ទម្រាំ​តែ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​​កន្លែង​បាន​នាំ​គ្នា​វាយ​បំបែក​កញ្ចក់​ទ្វារ​ចូល​ទៅ​បាញ់​ទឹក​ពន្លត់ ទើប​អាច​យក​ជន​រង​គ្រោះ​ចេញពី​ក្នុងផ្ទះ​បាន ។

បើ​តាម​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​សម្តី​របស់​កូនស្រី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ឪពុក​ម្តាយ​របស់​គេ​ឈ្លោះប្រកែក​គ្នា រួច​ហើយ​ស្រាប់តែ​ឪពុក​​បាន​ច្របាច់​.​ក​ម្តាយ​របស់​គេ​រួច​ផ្តួល​ម៉ូតូ​បង្ហូរ​សាំង​ដុត​ម៉ូតូ​ឆាបឆេះ​ហើយ​បាន​រុញ​ម្តាយ​របស់​គេ​ចូល​ក្នុង​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ​សន្ធោសន្ធៅ រួច​វាយ​កញ្ចក់​ទ្វារ​ដែល​ចាក់​សោ​ពី​ខាងក្នុង​នោះ​រត់​ចេញ​មក​ក្រៅ​ផ្ទះ ។ ចំណែក​ម្តាយ​ស្ត្រី​រង​គ្រោះ​វិញ​បាន​និយាយ​ថា កូនប្រសារ​របស់​គាត់​ជា​ជន​បង្ក​ធ្លាប់​ទូរស័ព្ទ​មក​គំរាម​ថា​នឹង​សំលាប់​ទាំង​ម្តាយ និង​កូន​មួយ​​ពូជ​តែ​ម្តង ។  ការ​ឆេះ​នេះ​គឺ​ខូចខាត​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច​មួយ​គ្រឿង និង​សម្ភារ​នៅ​ក្នុងផ្ទះ​នៅ​ជាន់​ក្រោម​អស់​ស្ទើរ​ទាំងស្រុង ។

ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ភ្លាម​ៗ​​នោះ​លោក វឿ​ក សា​មឿ​ន ចៅសង្កាត់​ដង្កោ​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ និង​បាន​ផ្តល់​ថវិកា​ចំនួន​១០០​ដុល្លារ​សម្រាប់​ព្យាបាល​ផង​ដែរ ។ដោយ​ឡែក​ជន​រង​គ្រោះ​កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​សមត្ថកិច្ច​មិន​ទាន់​សាកសួរ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ដុត​សម្លាប់​ពី​ជន​រង​គ្រោះ​បាន​នៅឡើយ​ទេ ។ បើ​តាម​​វេជ្ជបណ្ឌិត​ប្រចាំ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជន​រង​គ្រោះ​ធ្ងន់​គឺ​កម្រិត​រលាក​ដំណាក់កាល​ទី​ពីរ ។ ចំណែក​ជន​បង្ក​ជា​ប្តី​បាន​រត់គេច​ខ្លួន​សមត្ថកិច្ច​កំពុង​តែ​​ស្រាវជ្រាវ​តាម​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕