អាជីវករផ្សារបុរីសន្តិភាព2 ផ្ទុះការតវ៉ារឿងថ្លៃតូបឡើងខ្ពស់កប់ពពក
រាជធានីភ្នំពេញ ៖ អាជីវករផ្សារបុរីសន្តិភាព២ប្រមាណ១០០នាក់ បានប្រមូលផ្ដុំគ្នានៅនឹងទីស្នាក់ការផ្សារដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង
រាជធានីភ្នំពេញ ៖ អាជីវករផ្សារបុរីសន្តិភាព២ប្រមាណ១០០នាក់ បានប្រមូលផ្ដុំគ្នានៅនឹងទីស្នាក់ការផ្សារដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង
រាជធានីភ្នំពេញ ៖ អាជីវករផ្សារបុរីសន្តិភាព២ប្រមាណ១០០នាក់ បានប្រមូលផ្ដុំគ្នានៅនឹងទីស្នាក់ការផ្សារដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២ មីនា ដែលនៅក្នុងដៃពួកគាត់ម្នាក់ៗមានកាន់រូបថតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយទង់គណបក្សប្រជាជនកម្ពុជាផង ដែលនេះជាការតវ៉ាប្រឆាំងជាមួយប្រធានផ្សារខាងលើ ដោយពួកគាត់បានអះអាងថា បានតម្រូវឲ្យពួកគាត់ទិញតូបលក់ដូរក្នុងតម្លៃមួយថ្លៃកប់ពពកហួសពីលទ្ធភាពដែលពួកគាត់អាចទិញបាន ។ នៅក្នុងពេលនោះដែរ ក្រុមអាជីវករខាងលើក៏បានស្នើសុំឲ្យលោកប្រធានផ្សារនិងឧកញ៉ា ស្រី សុទ្ធា ដែលជាម្ចាស់ផ្សារមេត្តាកែសម្រួលលើបញ្ហានោះផង ។
ក្រុមអាជីវករបាននិយាយថា ការប្រមូលផ្ដុំគ្នានាពេលនេះគឺដើម្បីធ្វើការតវ៉ាបន្ទាប់ពីតំណាងលោកឧកញ៉ា ស្រី សុទ្ធា ដែលជាម្ចាស់ផ្សារបុរីសន្តិភាព២ បានហៅអាជីវករទាំងអស់ប្រជុំប្រាប់ពីរឿងការលក់និងទិញតូបលក់ដូរ ។ ពេលនោះតំណាងខាងលើបានតម្រូវឲ្យពួកគាត់ទិញតូបដែលពួកគាត់កំពុងប្រើប្រាស់រាល់ថ្ងៃក្នុង១តូបថ្លៃ៥.០០០ដុល្លារ មិនតែប៉ុណ្ណោះក៏នៅបានដំឡើងថ្លៃតូបក្នុងមួយឆ្នាំចាប់ពី៥០ដុល្លារទៅ១០០ដុល្លារ ឬក៏រហូតដល់២០០ដុល្លារថែមទៀត ។ បន្ទាប់ពីការគាបសង្កត់ ជាន់កដកស្លាបបែបនេះហើយ ទើបពួកគាត់គ្មានជម្រើសអ្វីផ្សេងក្រៅតែពីការប្រមូលផ្ដុំគ្នាធ្វើការតវ៉ា និងស្នើសុំឲ្យលោកឧកញ៉ា ស្រី សុទ្ធា ដែលជាម្ចាស់ផ្សារបុរីសន្តិភាព២ជួយសម្រួលពីបញ្ហានេះតែប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តថា ពួកគាត់បានទាមទារសុំឲ្យលោកឧកញ៉ាខាងលើជួយដោះស្រាយនូវលក្ខខណ្ឌការងារចំនួន៥ចំណុចក្នុងនោះរួមមាន ៖
១-សូមផ្លាស់ប្តូរប្រធានផ្សារបុរីសន្តិភាព២ និងសន្តិសុខផ្សារដែលកំពុងបម្រើការងារសព្វថ្ងៃនេះចេញ និងដាក់អ្នកថ្មីចូលជំនួសវិញ ដោយធ្វើការជ្រើសតាំងប្រធានផ្សារថ្មីនោះតាម រយៈក្រុមអាជីវករធ្វើការបោះឆ្នោត ហើយក៏ស្នើសុំឲ្យបញ្ចុះតម្លៃតូបពី១ឆ្នាំ១០០ដុល្លារក្នុង១តូបមកត្រឹម១ឆ្នាំ៥០ដុល្លារវិញ ។
២-ពួកគាត់សុំជួលតូបលក់ធម្មតាដូចពេលមុនដដែល មិនត្រូវដកហូតយកទៅលក់ ហើយតម្រូវឲ្យពួកគាត់ទិញយកវិញសាជាថ្មីក្នុងតម្លៃដ៏ខ្ពស់កប់ពពកបែបនេះឡើយ ។
៣-នៅពេលធ្វើការជួសជុលតូបឈប់យកលុយពីអាជីវករទាំងអស់គ្នាតទៅទៀត ព្រោះវាជាភារកិច្ចនិងការទទួលខុសត្រូវរបស់ម្ចាស់ផ្សារទាំងស្រុង ។
៤-សូមឲ្យប្រធានផ្សារពង្រឹងសន្តិសុខនៅក្នុងផ្សារផង ព្រោះកន្លងមកមានសកម្មភាពក្រុមចោរគាស់តូបលួចយកទំនិញនៅក្នុងតូបពួកគាត់ជាបន្តបន្ទាប់ ។
៥-ពួកគាត់ទាំងអស់គ្នាស្នើសុំឲ្យម្ចាស់ផ្សារ ដាក់កុងត្រាតូបក្នុងរយៈពេល១០ឆ្នាំចាំកែប្រែម្ដង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋផ្ទុះការតវ៉ា អាជ្ញាធរខណ្ឌដង្កោដឹកនាំដោយលោក ជរ គឹមស៊រ អភិបាលរងខណ្ឌដង្កោ បានចុះទៅធ្វើការសម្របសម្រួល សុំឲ្យបងប្អូនអាជីវករទាំងនោះមានការស្ងប់ស្ងាត់អត់ធ្មត់ ហើយអាជ្ញាធរក៏បានធ្វើការសម្របសម្រួលជាមួយអ្នកគ្រប់គ្រងផ្សារផងដែរ ហើយបានឲ្យអាជីវករជ្រើសរើសតំណាងចំនួន១៥នាក់ ដើម្បីជួបពិភាក្សាគ្នាជាមួយតំណាងផ្សារនៅសាលាខណ្ឌដង្កោនៅពេលក្រោយ ។
ដោយឡែកលោក គឹម យ៉ាន តំណាងផ្សារបុរីសន្តិភាព២មួយរូបដែរ បានលើកឡើងថា បន្ទាប់ពីមានការតវ៉ាពីសំណាក់បងប្អូន ដែលជាអាជីវករផ្សារខាងលើនោះភ្លាម លោកបានសំណូមពរទៅកាន់លោកឧកញ៉ា ស្រី សុទ្ធា ដែលជាម្ចាស់ផ្សាររួចហើយ ។ ម្យ៉ាងទៀតលោកឧកញ៉ា ក៏បានចេញលិខិតជូនដំណឹងមួយជូនដល់អាជីវករ ដោយសន្យាថាឲ្យក្រុមអាជីវករទាំងអស់លក់ដូរជាធម្មតាវិញ ដោយមិនមានការលក់ ឬក៏ទិញតូបនោះឡើយ និងសុំឲ្យពួកគាត់ស្ងប់ចិត្ត ៕
ចែករំលែកព័តមាននេះ