ខេត្តព្រៃវែង ៖ អ្នកដំណើរឆ្លងកាត់ស្ពានអ្នកលឿងបាននាំគ្នារិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរស្រុកពាមរក៍ ដែលបណ្តែតបណ្តោយឱ្យដីមួយកន្លែងនៅខាងលិចហាងលក់នំប៉័ងរស្មីអង្គរ ស្ថិតនៅភូមិ១ ឃុំព្រែកខ្សាយ.ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្លាយជាកន្លែងចាក់សំរាមយ៉ាងអនាធិបតេយ្យ បង្អួតភ្ញៀវជាតិ និងអន្តរជាតិ ។
អ្នកដំណើរដែលឆ្លងកាត់តំបន់នោះបានឱ្យដឹងថា សំរាមទាំងនេះមិនត្រឹមតែត្រូវបានគេគរចោលនៅដីមួយកន្លែងនោះប៉ុណ្ណោះទេ សូម្បីតែនៅខាងមុខហាងលក់នំប៉័ងរស្មីអង្គរក៏ពោរពេញទៅដោយថង់ប្លាស្ទិចហោះហើរពេញមុខហាងផងដែរ ។
ក្រុមអ្នកដំណើរទាំងនោះបានលើកឡើងថា តើអាជ្ញាធរស្រុកពាមរក៍មានដែលអញ្ជើញធ្វើដំណើរកាត់តាមផ្លូវនោះដែរទេ បានជាបណ្តែតបណ្តោយឲ្យមានអ្នកយកសំរាមទៅចាក់ទុកចោលក្លាយជាគំនររហូតមានក្លិនស្អុយជះក្លិនទៅដល់អ្នកដែលធ្វើដំណើរឆ្លងកាត់ ជាពិសេសអ្នកដែលមានទីលំនៅជិតៗនោះ ?
ពាក់ព័ន្ធនឹងករណីនេះ លោក ផុន សម្ភ័ស អភិបាលស្រុកពាមរក៍ បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ថា ចំពោះរឿងនេះលោកបានដឹងរួចហើយ ខាងអាជ្ញាធរស្រុកកំពុងតែធ្វើការដោះស្រាយ ដោយលោកក៏បានកោះប្រជុំជាមួយខាងបរិស្ថានរួចរាល់ហើយដែរនៅព្រឹកថ្ងៃទី២៥ ខែមករានេះ ។ នៅថ្ងៃស្អែក ពោលគឺថ្ងៃទី២៦ ខែមករា ខាងបរិស្ថាននឹងចុះទៅត្រួតពិនិត្យ ថាតើត្រូវដោះស្រាយយ៉ាងណាចំពោះសំរាមទាំងនោះ ។
លោក ផុន សម្ភ័ស បានបញ្ជាក់ផងដែរថា សំរាមទាំងអស់នេះគឺមិនទាន់ដឹងថា មានប្រភពមកពីណាឱ្យប្រាកដនោះទេ តែប្រហែលជាអ្នកដែលរស់នៅជិតនោះ ឬក្រុមអាជីវករដែលលក់ដូរជិតនោះជាអ្នកយកទៅចោល ព្រោះទីតាំងនោះមិនទាន់មានក្រុមហ៊ុនណាចូលទៅដេញថ្លៃដឹកសំរាមឡើយ ។ ដោយឡែកនៅក្នុងទីប្រជុំជនអ្នកលឿង គឺមានក្រុមហ៊ុនដែលប្រមូលសំរាមដែរ តែដោយសារនៅចំណុចនោះទើបតែមានមនុស្សមកប្រមូលផ្តុំគ្នារស់នៅច្រើន គឺបន្ទាប់ពីស្ពានអ្នកលឿងបានសាងសង់រួច ដូចនេះក្រុមហ៊ុនសំរាមមិនទាន់បានទៅដើរប្រមូលដល់ទីនោះទេ ។
អ្នកដែលមានទីលំនៅក្បែរៗនោះបានសំណូមពរវដល់អាជ្ញាធរស្រុក សូមមេត្តាពន្លឿនករណីនេះផង ព្រោះសំរាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង ដែលធ្វើឱ្យពេលខ្លះសំរាមដែលស្ងួតមួយចំនួនបានហោះហើរពេញមេឃទៅហើយ ជាពិសេសសូមឱ្យមន្ទីរបរិស្ថានជួយពិនិត្យលើទីតាំងហាងនំប៉័ងរស្មីអង្គរផង ព្រោះពីមុខហាង គឺពោរពេញទៅដោយថង់ប្លាស្ទិច ដបទឹកសុទ្ធ និងសំរាមជាច្រើនមុខផងដែរ ៕
ចែករំលែកព័តមាននេះ