រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យទី១៥មករា ខាងមុខនេះ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់គោជល់ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមបានឈានចូលមកដល់សប្ដាហ៍ទី២ហើយ។ យុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះ កាំ ឡៃយោគ ខណៈម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយកីឡាករថៃឈ្មោះ ផេត ងិនថង ។
យុគ យក្សផ្លែ អាយុ២៣ឆ្នាំ ធ្លាប់ប្រកួត១៣០ដង ឈ្នះ១១២ដង ចាញ់១៣ដង ស្មើ៣ដង ក្នុងពេលកីឡាករថៃកាំ ឡៃយោគ អាយុ៣០ឆ្នាំ ធ្លាប់ប្រកួត៩៨ដង ឈ្នះ៧៩ដង ចាញ់១៦ដង និងស្មើ៣ដង ។ ដូច្នេះសម្រាប់ការជួបគ្នាលើកនេះមិនដឹងថា អ្នកណាមានសំណាងរកបាន៣ពិន្ទុមុននោះទេ ។
ម៉ន សាម៉េត អាយុ២៥ឆ្នាំ ធ្លាប់ប្រកួតបាន១០២ដង ឈ្នះ៨៧ដង ចាញ់១២ដង និងស្មើ៣ដងក្នុងពេលកីឡាករថៃ ផេត ងិនថង អាយុ២៤ឆ្នាំ ធ្លាប់ប្រកួត៨៧ដង ឈ្នះ៧៤ដង ចាញ់១១ដង និងស្មើ២ដង ។ បើតាមការអះអាងពីអ្នករៀបចំកម្មវិធីប្រកួតថា កីឡាករថៃរូបនេះ មានសមត្ថភាពខ្លាំងមិនធម្មតា ជាម្ចាស់ខ្សែក្រវាត់ប្រចាំប្រទេសជាច្រើនជំនាន់ទៀតផង ។ ចាំមើល ម៉ន សាម៉េត អាចយកឈ្នះកីឡាករថៃរូបនេះ ដណ្តើម៣ពិន្ទុក្នុងការប្រកួតលើកដំបូងនេះបានឬអត់ ។
គួររំលឹកថា សម្រាប់ការប្រកួតបើកឆាកដំបូងក្នុងចំណោមកីឡាករកម្ពុជាទាំង៤រូបមានតែពេជ្រ ម្ទេសខ្មាំង មកពីក្លិបអារុណរះកីឡាប៉ុណ្ណោះដែលជាអ្នករកបាន៣ពិន្ទុមុនគេ ។ ចាំមើលលើកនេះតើ យុគ យក្សផ្លែ និងម៉ន សាម៉េត អាចរកបាន៣ពិន្ទុក្នុងការប្រកួតលើកដំបូងនេះឬអត់ ?
ចំណែកគូប្រកួតមិត្តភាពធម្មតាវិញនោះមានកីឡាករ អាន ទាវ មកពីក្លិបសុភានូមានជ័យ ប្រកួតជាមួយកីឡាក រ៉ន កក្កដា មកពីក្លិបភារម្យគុនខ្មែរ និងកីឡាករ ផាន់ ផាត់យុទ្ធ មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករ ពេជ្រ ប៊ុនឆេន មកពីក្លិបកងពលធំអន្តរាគមន៍លេខ២នៃក្រសួងការពារជាតិ ៕
ចែករំលែកព័តមាននេះ