ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន និង​ស៊ីអិន​ស៊ី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ រវាង​កីឡាករ​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន និងស៊ីអិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៧ និង​ថ្ងៃអាទិត្យ​ទី​៨ ខែមករា ចុង​ស​ប្តា​ហ៍​នេះ ប្រជុំ​ដោយ​កីឡាករ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ រវាង​កីឡាករ​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន និងស៊ីអិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៧ និង​ថ្ងៃអាទិត្យ​ទី​៨ ខែមករា ចុង​ស​ប្តា​ហ៍​នេះ ប្រជុំ​ដោយ​កីឡាករ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ប្រដាល់​ទាំង​២​ថ្ងៃនេះ​រំពឹង​ថា​នឹង​មាន​អ្នក​ទស្សនា​កកកុញ​ដោយសារ​ស្ថិត​ក្នុង​ថ្ងៃ​បុណ្យ និង​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍ ។

សម្រាប់​គូ​អន្ដរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ទី​៧ មក​រា កីឡាករ ផុ​ន ផា​ន់​ណា មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឆ្លាម​ដាំ ពៀក​សុរិន្ទ ក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូក្រាម និង​កីឡាក​រហ៊ឹម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​គែ​ង ឌែ​ង​ភ្នំ​ឌុ​ង​រ៉ា​ក់ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។

ផុ​ន ផា​ន់​ណា ធ្លាប់​ប្រកួត​៧២​ដង ឈ្នះ​៦០​ដង ចាញ់​១០​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៧​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៥​ដង ឈ្នះ​៥៥​ដង ចាញ់​១០​ដង ។ គូ​នេះ​ពិបាក​សន្និដ្ឋាន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ណាស់​ដោយសារ​ពួក​គេ​ទាំង​២​មិន​ទាន់​ស្គាល់​ពី​ល្បិច​ប្រយុទ្ធ​គ្នា​បាន​ច្បាស់ ដូច្នេះ​បើ​ចង់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ទាំងអស់​គ្នា​ប៉ុណ្ណោះ ។

ចំណែក​ហ៊ឹ​ម សេរី ធ្លាប់​ប្រកួត​៥៦​ដង ឈ្នះ​៤០​ដង ចាញ់​១៣​ដង ស្មើ​៣​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៥​ដង ឈ្នះ​៦៥​ដង ចាញ់​១០​ដង ។ ហ៊ឹ​ម សេរី មួយ​រយៈ​នេះ​ថ្វីដៃ​ប្រកួត​របស់​គេ​ហាក់​មានការ​ស្រុត​ចុះ​ជាង​មុន​បន្តិច ទើប​អ្នក​និយម​ទស្សនា​កីឡាប្រដាល់​រង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​រូប​នេះ​អាច​តស៊ូ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដល់​ទឹក​ទី​៥​បាន​ដែរ​ឬ​អត់ ។

នៅ​លើ​សង្វៀន​ដដែល​សម្រាប់​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ប្រកួត​ជាមួយ​កីឡាករ សំខាន់ ប៉ាវ​ចិន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​គូ​ចុង​ក្រោយ​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ដពោធិ៍សាត់ ប្រកួត​ជាមួយ​កីឡាករ ភារ​ម្យ ភក្ដី មក​ពី​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ។

ចំណែក​សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​៨ មក​រា វិញ មាន​កីឡាករ ទី​ន ណា​ថៃ មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ​ខ្នើយ ស៊ី​នឿ​ត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។ កីឡាករ ឡុ​ង ចំរើន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ចាន់ ស៊ី​ណាត មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាករ មាឃ សុ​វ​ណ្ណា​រ៉ា មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ជាមួយ​កីឡាករ ខេ​ម ចាន់ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ។ កីឡាករ ភិន សុទី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​សេក គឹ​ម​ហៀ​ង មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ។ កីឡាករ ចាត សីហា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ កឿ​ប
សុវណ្ណ​​នឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ អេ ភា​រុណ មក​ពី​ក្លិប​ពន្លឺ​វិបុល ប្រកួត​ជាមួយ​កីឡាករ សំអាត ចាន់ មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ៕