ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី លែង​ច្បាស់​ពី​ជីវិត​ស្នេហា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ជាប់​ឈ្មោះ​ជា​ជើង​ខ្លាំង​កម្ពុជា​ខាង​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ផ្នែក​តេ​ក្វា​ន់​ដូ បន្ទាប់​ពី​ដណ្ដើម​បាន​សិទ្ធិ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នា​ពេល​កន្លង​មក

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ជាប់​ឈ្មោះ​ជា​ជើង​ខ្លាំង​កម្ពុជា​ខាង​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ផ្នែក​តេ​ក្វា​ន់​ដូ បន្ទាប់​ពី​ដណ្ដើម​បាន​សិទ្ធិ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នា​ពេល​កន្លង​មក បាន​អះអាង​ថា នាង​មិន​ច្បាស់​ពី​ជីវិត​ស្នេហា​នៅឡើយ​ទេ បើ​ទោះជា​មុន​នេះ​បន្តិច​នាង​ថា​គ្រោង​ភ្ជាប់​និស្ស័យ​ជាមួយ​សង្សារ​ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​នាង​ប្រកាស​ថា​ខ្លួន​សកម្ម​តែ​ក្នុង​អាជីព​កីឡា ដោយ​ត្រៀម​ចេញ​ប្រកួត​ជា​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កូរ៉េ​នៅ​ពាក់កណ្ដាល​ឆ្នាំ​នោះ​ផង ។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា ទំនាក់ទំនង​រវាង​នាង​និង​បុរស​ជា​គូស្នេហ៍​នៅ​តែ​ល្អូកល្អិន​បើ​ទោះជា​នាង​បន្ត​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត ដោយ​មិន​មាន​តម្រុយ​ពិតប្រាកដ​ពេល​ណា​ទើប​ចូល​រោងការ​ក្ដី ។ នាង​ថា មិន​ចង់​ភ្ជាប់ពាក្យ ឬ​រៀប​ការ​សិន​នៅ​ក្នុង​អំឡុង​ដែល​នាង​ជក់​សូរ​នឹង​ការ​ប្រកួត​កីឡា​នោះ​ទេ ដោយសារ​តែ​នាង​នៅ​ចង់​ប្រឡូក​អាជីព​មួយ​នេះ​ឱ្យ​អស់ចិត្ត​សិន ដែល​តាម​ការ​បង្ហាញ​គឺ​មិន​ក្រោម​៣​ឆ្នាំ​ទៀត​ឡើយ ។

នាង​ថា ខ្លួន​ចង់​មានគ្រួសារ​ប៉ុន្តែ​បើ​មាន​រួច​ហើយ​មិន​អាច​ឱ្យ​នាង​បន្ត​អាជីព​ប្រកួត​បាន​គឺ​នាង​សុខចិត្ត​ពន្យារពេល ។ នាង​និយាយ​ថា ខ្លួនមិន​ទាន់​អស់ចិត្ត​នឹង​តេ​ក្វា​ន់​ដូ ហើយ​ទំនងជា​អាច​បន្ត​ហ្វឹកហាត់ និង​ចេញ​ប្រកួត​ចុះឡើង​ៗ​ក្នុង​រង្វង់់​៣​ឆ្នាំ​ទៀត​ទើប​ឈប់​ប្រកួត​ហើយ​ជ្រើស​យក​ជីវិត​ស្នេហា ។ នាង​នៅ​តែ​គិត​ថា​ខ្លួន​នៅ​ក្មេង និង​ថា​មិន​ទាន់​មាន​បទពិសោធន៍​គ្រប់គ្រាន់​សម្រាប់​ការ​រៀបចំ​គ្រួសារ​ទើប​នាង​ប្រកាស​មិន​ទាន់​ខ្វាយខ្វល់​ដោយ​បន្ត​សុំ​ចិត្ត​សង្សារ​ពន្យារពេល​បន្ថែម​ទៀត​សិន​ក៏​មិន​ទាន់​ហួសពេល​ដែរ ។ ចូល​ដល់​ឆ្នាំ​២០១៧​នេះ នាង​មាន​អាយុ​ទើបតែ​២២​ឆ្នាំ​ប៉ុណ្ណោះ ដោយ​នាង​ប្រកាស​ថា​នឹង​អាច​ឈាន​ដល់​ក្បែរ​ៗ៣០​ឆ្នាំ​ទើប​សម្រេចចិត្ត​រៀប​ការ​១០០​ភាគរយ ។

នាង​និយាយ​ថា​៖«​ខ្ញុំ​រាល់ថ្ងៃ​អត់​ទាន់​ចង់ការ​ទេ គឺ​ចាំ​ដល់​អាយុ​៣០​ឆ្នាំ​ទើប​គិតគូរ​ពី​រឿង​ប្ដីសី ព្រោះ​រាល់ថ្ងៃ​ខ្ញុំ​ដូច​អត់​សូវ​ខ្វល់​រឿង​មានគ្រួសារ​ហ្នឹង​សោះ ដោយសារ​នៅ​ស្រឡាញ់​កីឡា​!»​។ នាង​ថា​មិន​ខ្វល់​រឿង​សង្សារ​បែកចិត្ត​នោះ​ទេ​បើ​ទោះជា​ស្ថានភាព​ឱ្យ​ចាំ​អាច​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ស្នេហា​រង្គោះរង្គើ​ដោយសារ​ពេលវេលា​ក្ដី ។ នាង​ថា​មក​ទល់​សព្វថ្ងៃ បុរស​ជា​សង្សារ​ក៏​មិន​ទាន់​តឿន​ខ្លាំង​ពី​រឿង​រៀប​ការ​នោះ​ដែរ ដោយ​នាង​ប្រកាន់​ជំហរ​ថា បើ​ការ​រង់ចាំ​អាច​ធ្វើ​ឱ្យ​បុរស​ម្នាក់​នោះ​បែកចិត្ត​ក៏​នាង​មិនដឹង​ធ្វើ​យ៉ាងម៉េច ។ នាង​ថា នារី​ណា​ក៏​ចង់​មាន​ប្ដី​ដែរ ប៉ុន្តែ​បើ​មាន​ដោយ​ក្ដី​អាល័យ​ការងារ​គឺ​មិន​ខុស​ពី​ដាក់​សម្ពាធ​ខ្លួនឯង​ដែល​នៅ​ស្រឡាញ់​កីឡា​នោះ​ឡើយ ។ នាង​និយាយ​ថា​៖«​សម្រាប់​ខ្ញុំ​គឺ​ចង់​ធ្វើ​ដូច​បង​ខ្ញុំ​អ៊ីចឹង (​ស៊ន ដា​លី​ន​) គឺ​មាន​ប្ដី​ហើយ​ឈប់​ហ្មង អត់​ចង់​ភ្ជាប់ពាក្យ​ទុក​ឬ​រៀប​ការ​បណ្ដើរ​លេង​កីឡា​បណ្ដើរ​អី​ទេ អ៊ីចឹង​បាន​អត់​ខ្វល់​!» ។

នាង​ថា បើ​បុរស​ដែល​តាម​ស្រឡាញ់​នាង​ពិតជា​ស្រឡាញ់​នាង​មែន នោះ​រយៈពេល​៣​ឆ្នាំ ឬ​៥​ឆ្នាំ គឺ​ពិតជា​អាច​ចាំ​នាង​បាន​ដោយ​មិន​មាន​ប្រែប្រួល​នោះ​ទេ ។ នាង​ថា បុរស​ជា​សង្សារ​ស្គាល់គ្នា​៥​ឆ្នាំ​ហើយ តែបើ​និយាយ​ពី​ការ​ស្រឡាញ់​គ្នា​គឺ​មាន​រយៈពេល​មិន​ច្រើន​នោះ​ទេ ទើប​នាង​ក៏​ចង់​ទុក​ពេល​ស្វែង​យល់ចិត្ត​គ្នា​ឱ្យ​បាន​កាន់តែ​ច្រើន ដែល​មាន​ន័យ​ថា រយៈពេល​ដែល​នាង​ឱ្យ​ចាំ​ក៏​មិន​ខុស​ពី​ការ​តាមដាន​ផ្លូវចិត្ត​សង្សារ​ដែរ ។ នាង​ថា បើ​ត្រូវ​បែក​គ្នា​ក្នុង​នាម​សង្សារ​គឺ​ប្រសើរ​ជាង​បែក​ក្នុង​នាម​គូ​ដណ្ដឹង ឬ​ជា​ស្វាមី ទើប​នាង​ប្រកាស​ថា​មិន​ភ្ជាប់ពាក្យ​ដាច់ខាត នៅ​ក្នុងអំឡុងពេល​ដែល​នាង​នៅ​ចង់​បន្ត​អាជីព​ជា​អ្នកកីឡា ។ នាង​ថា​ស្នេហា​គ្រាន់តែ​ជា​ជំហាន​ទី​២​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​មិន​មាន​ន័យ​បន្ត​ថា​មិន​ចង់​គិតគូរ​រឿង​គូស្រករ​ដូច​គ្នា​នឹង​នារី​ដទៃ​នោះ​ឡើយ គឺ​គ្រាន់តែ​នាង​ចង់​ធ្វើខ្លួន​ឱ្យ​ស្រឡះ​សម្រាប់​គម្រោង​ជីវិត​ជា​មុន​សិន ហើយ​ចាំ​រៀប​ការ​ដើម្បី​ឱ្យ​មាន​លំនឹង​ប៉ុណ្ណោះ ។

នាង​និយាយ​ថា​៖«​រាល់ថ្ងៃ បើ​ពួក​ខ្ញុំ​ភ្ជាប់ពាក្យ​សិន​ក៏​បាន​ដែរ តែ​អត់​ចង់​អ៊ីចឹង ព្រោះ​បើ​គាត់​ចាំ​ខ្ញុំ​អត់​បាន​ហើយ​បែក​គ្នា​ក្នុង​នាម​សង្សារ​គឺ​ស្រួល តែបើ​បែក​គ្នា​ក្រោយ​ពេល​ភ្ជាប់​ពាក្យ ឬ​ការ​ហើយ​គឺ​ខ្ញុំ​អត់​ចង់ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​អត់​រវល់​ហើយ​ខ្ញុំ​មើល​គាត់​ក៏​ដូច​ជា​ដឹង​ជំហរ​របស់ខ្ញុំ​ដែរ​គឺ​អត់​មាន​បង្ខំ​អី​ទេ​!»​។

ជាមួយនឹង​ការ​ប្រកាស​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា កីឡាការិនី ស៊ន សៀវ​ម៉ី នឹង​មិន​មាន​ពន្លឺ​រៀប​ការ​ឆាប់​ៗ​ដូច​គ្នា​នឹង​បងស្រី​នោះ​ទេ ដរាបណា​នាង​មិន​ទាន់​បញ្ចប់​បេសកកម្ម​ក្នុង​វិស័យ​កីឡា​យ៉ាង​ហោច​រយៈពេល​៥​ឆ្នាំ​ទៀត​ដែល​នាង​ថា​ជា​ក្ដី​ស្រមៃ ។ នាង​មាន​គម្រោង​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​ចុងខែ​ឧសភា ឆ្នាំ​២០១៧​នេះ ដោយ​នាង​បញ្ជាក់​ថា នោះ​ក៏​ជា​គម្រោង​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជា​អន្តរជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​តេ​ក្វា​ន់​ដូ ដែល​ត្រូវ​បាន​ប្រទេស​កូរ៉េ​ខាងត្បូង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​បាន​បរាជ័យ​ដណ្ដើម​មេដាយ​ពី​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក កីឡាការិនី​ស៊ន សៀវ​ម៉ី ហាក់​មាន​អារម្មណ៍​មិនសូវ​ស្រស់ស្រាយ​នោះ​ទេ ដោយ​នាង​ប្រកាស​ថា នឹង​ខំ​ហ្វឹកហាត់​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​មួយ​ខ្យល់​ទៀត​ទើប​គិតគូរ​ពី​អនាគត ។

មុន​ចេញ​ប្រកួត​អូ​ឡាំ​ពិ​ក​នាង​ថា បើ​ដណ្ដើម​បាន​មេដាយ​ពន្លឺ​ភ្ជាប់ពាក្យ​ឬ​រៀប​ការ​នឹង​អាច​កើត​មាន អីុចឹង​ហើយ​ការ​ប្រកាស​ពន្យារពេល​ដោយ​មិន​កំណត់​ទៅ​វិញ​នៅ​ក្នុង​ពេល​នេះ បាន​រុញ​ឱ្យ​អ្នក​តាមដាន​នាង​ដែល​ចង់​ឃើញ​មង្គលការ​របស់​នាង​ឆាប់​ៗ​ខកចិត្ត ។ នាង​ថា សភាព​ជាក់ស្ដែង​គឺ​មង្គលការ​អាច​នឹង​កើត​មាន​រង្វង់​៥​ឆ្នាំ​ទៀត​ខណៈ​ដែល​នាង​ជឿ​ថា​សង្សារ​របស់​នាង​ក៏​ពិតជា​អាច​ចាំ​បាន​ដោយសារ​តែ​លោក​ក៏​យល់​ពី​ស្ថានភាព​របស់​នាង ហើយ​កន្លង​មក​លោក​ក៏​ថា​នឹង​ចាំ​ដែរ ៕