រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់គោជល់ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនៅលើសង្វៀនទូរទស្សន៍PNNរដូវកាលថ្មី នឹងត្រូវចាប់ផ្ដើមជាផ្លូវការនៅថ្ងៃអាទិត្យ ទី៨ មករា ខាងមុខនេះហើយ ។
តាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រកួតឱ្យដឹងថា ការប្រកួតធ្វើឡើងតាមរូបមន្តជម្រុះតាមពូលក្នុងមួយពូលយកតែម្នាក់ប៉ុណ្ណោះ សម្រាប់ឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដោយពុំមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ។ ពូលកម្ពុជាមានកីឡាករ៤រូបគឺយុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ, ម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក, ព្រឿង សុជាតិ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងពេជ្រ ម្ទេសខ្មាំង មកពីក្លិបអរុណរះកីឡា ។ ចំណែកពូលថៃវិញមាន កីឡាករKamlai Youk កីឡាករPhun Savath កីឡាករPhetngin Thong និងកីឡាករPhet Sila ។ ការប្រកួតធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង៤រសៀលតទៅនិងមានចំនួន២គូ។
សម្រាប់ការប្រកួតថ្ងៃបើកឆាកដំបូងមានកីឡាករព្រឿង សុជាតិ ប្រកួតជាមួយកីឡាករថៃ Phun Savath និងពេជ្រ ម្ទេសខ្មាំង ប្រកួតជាមួយកីឡាករថៃPhet Sila ។ កីឡាករថៃទាំង២រូបនេះមិនធ្លាប់ប្រកួតនៅលើសង្វៀនទូរទស្សន៍PNNពីមុនមកឡើយ ។ ព្រឿង សុជាតិ ធ្លាប់ប្រកួត៤៨ដង ឈ្នះ៤២ដង ចាញ់៦ដងក្នុងពេលគូប្រកួតរបស់គេធ្លាប់ប្រកួត១២៧ដង ឈ្នះ១០៩ដង ចាញ់១៣ដង ស្មើ៥ដង ។ ដូច្នេះសម្រាប់ការប្រកួតថ្ងៃបើកឆាកដំបូងរវាងគូនេះ មិនដឹងថាខាងណាជាអ្នករកបាន៣ពិន្ទុមុននោះទេ ។ ប៉ុន្តែបើផ្អែកទៅលើប្រវត្តិប្រកួត ព្រឿង សុជាតិ ពិបាកសង្ឃឹមឈ្នះខ្លាំងណាស់ ។
រីឯពេជ្រ ម្ទេសខ្មាំង ធ្លាប់ប្រកួត៨២ដង ឈ្នះ៧២ដង ចាញ់៩ដង និងស្មើ១ដង ក្នុងពេលកីឡាករថៃធ្លាប់ប្រកួត៧៥ដង ឈ្នះ៥៥ដង ចាញ់១៦ដង និងស្មើ៤ដង ។ ដូច្នេះគូនេះមិនអាចទាយទុកមុនពីរឿងចាញ់ឈ្នះបានឡើយ ដោយសារពួកគេទាំង២នាក់មិនទាន់ស្គាល់ពីល្បិចប្រកួតគ្នាទៅវិញទៅមកដូចគ្នា ។
ចំណែកគូប្រកួតមិត្តភាពធម្មតាវិញមានកីឡាករ ព្រំ វី មកពីក្លិបកងពលតូចអន្តរាគមន៍លេខ៨ភ្នំទ្រព្យ ប្រកួតជាមួយកីឡាករ លីន វីរៈ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ និងកីឡាករ ខុន បូឡា មកពីក្លិបកងពលតូចអន្តរាគមន៍លេខ៨ភ្នំទ្រព្យ ប្រកួតជាមួយកីឡាករ ម៉ាត់ ឆ្វេង មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ ៕
ចែករំលែកព័តមាននេះ