ខេត្តមណ្ឌលគិរី ៖ ដំណាំកសិឧស្សាហកម្មកាហ្វេនៅខេត្តមណ្ឌលគិរីបានបើកទំព័រប្រវត្តិ សាស្ត្រថ្មីទាំងផ្នែកទីផ្សារ និងការដាំដុះ ខណៈមានការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើន ស្របពេលដែលគុណភាពកាហ្វេនៅតំបន់ភូមិភាគឦសាននេះត្រូវបានមហាជនទទួលស្គាល់ និងកោតសរសើរអំពីផលប្រយោជន៍ និងរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ ។
ក្រោយពីទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺព្រោះតែផលិតផលផលិតតាមបែបធម្មជាតិ អង្គការ YMCA របស់ប្រទេសកូរ៉េដែលមានការិយាល័យនៅក្រុងសែនមនោរម្យ បានផ្តល់ទុនដល់ពលរដ្ឋជាជនជាតិដើមភាគតិចព្នងនៅឃុំប៊ូស្រា ដើម្បីដាំដំណាំកាហ្វេដែលមិនប្រើប្រាស់សារធាតុគីមីសម្រាប់នាំចេញទៅប្រទេសរបស់ខ្លួនដោយមិនកំណត់ចំនួន និយាយរួមមានប៉ុន្មានគឺយកប៉ុណ្ណឹង ។
លោក Kangsan Keum តំណាងអង្គការ YMCA បានឲ្យដឹងថា កាហ្វេដែលមានរសជាតិឈ្ងុយខ្លាំងគឺគេប្រើតែជីកំប៉ុស្តសុទ្ធដាក់តាមគុម្ពនីមួយៗដោយក្នុងមួយគុម្ពត្រូវដាក់ជីកំប៉ុស្ត២ទៅ៣គីឡូក្រាមជាការល្អ ។ លោកថា បច្ចុប្បន្នខាងអង្គការ YMCA បានចុះមកបង្រៀនដល់កសិករ នៅឃុំប៊ូស្រាចំនួន៦គ្រួសារ និងបានផ្តល់ជូនពួកគាត់នូវបច្ចេកទេសក្នុងការដាំដុះ សម្ភារប្រើប្រាស់ ម៉ាស៊ីនវាយបំបែកសំបកកាហ្វេស្រស់ ។ បង្រៀនពីរបៀបផលិតជីធម្មជាតិបានមកពីសំបកផ្លែកាហ្វេព្រមទាំងគ្រាប់ពូជដែលនាំចូលពីបរទេសថែមទៀតផង ។ ហើយថែមទាំងធានារកទីផ្សារលក់កាហ្វេសម្រាប់ពួកគាត់ដែលបានតម្លៃខ្ពស់ជាងតម្លៃទីផ្សារក្នុងស្រុក ។
លោកបន្តថា ជំហានដំបូងខាងអង្គការYMCA បានជួយដល់សហគមន៍ក្នុងការដាំដំណាំកាហ្វេ និងស្វាយចន្ទីរដោយសាកល្បងនៅស្រុកពេជ្រាដាហើយទទួលទិញពីសហគមន៍ដែលពួកគាត់ផលិតបានក្នុងតម្លៃខ្ពស់ដើម្បីនាំចេញទៅប្រទេសកូរ៉េ ។
លោក រួយ ទើប ប្រធានសហគមន៍កាហ្វេនៅភូមិទី៦ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា គាត់បានប្រកបរបរដាំកាហ្វេ៣ឆ្នាំមកហើយ ពូជកាហ្វេដែលគាត់ដាំកំពុងប្រមូលផលនេះ លោកទិញពីប្រទេសវៀតណាមដែលមានឈ្មោះថា រ៉ូប៊ឺស្តា មកដាំសាងល្បងចំនួន៣.៥០០គុម្ព ។
លោក រួយ ទើប រៀបរាប់ថា ដោយសារតែពីមុនកាហ្វេពុំមានទីផ្សារច្បាស់លាស់ ទើបពួកគាត់ស្ទើរតែបោះបង់ចោលដោយពុំបានមើលថែឲ្យបានដិតដល់នោះទេ ។ ទើបតែឆ្នាំ២០១៦នេះមានអង្គការនៅប្រទេសកូរ៉េឈ្មោះ YMCA បានមកទាក់ទងពួកគាត់និងបានផ្ដល់សម្ភារប្រើប្រាស់បង្រៀនពីរបៀបដាំដុះថែទាំ ព្រមទាំងចែកគ្រាប់ពូជដែលនាំចូលមកពីប្រទេសអារ៉ាប់ដែលមានឈ្មោះ អារ៉ាប៊ីកា ។ លោកថា បច្ចុប្បន្នការដាំកាហ្វេពូជថ្មីនេះគឺលោកដាំបានចំនួន៩០០គុម្ពរួចមកហើយ លោកគ្រោងនឹងពង្រីកការដាំដុះបន្ថែមចំនួន៦.០០០គុម្ពនៅឆ្នាំក្រោយ ប្រសិនបើទីផ្សារកាហ្វេនៅតែល្អ ។
បច្ចុប្បន្នកសិករលក់កាហ្វេឲ្យអង្គការYMCA ក្នុងតម្លៃ៤.០០០រៀលក្នុង១គីឡូក្រាម សម្រាប់កាហ្វេស្រស់មិនទាន់ហាលស្ងួត តែបើកាហ្វេស្ងួតលក់បានតម្លៃ៦.០០០រៀលស្របពេលដែលឈ្មួញមួយចំនួនដើរទិញតាមភូមិថ្លៃត្រឹមតែ២.០០០ទៅ៣.០០០រៀលក្នុង១គីឡូក្រាម សម្រាប់គ្រាប់កាហ្វេស្រស់ ចំណែកឯកាហ្វេហាលស្ងួតថ្លៃ៥.០០០រៀលប៉ុណ្ណោះ ។
ការថែទាំកាហ្វេគឺចាំបាច់ត្រូវដើរបេះខ្នែងវាដុះចេញពីមែក និងត្រូវស្រោចទឹកនៅរដូវប្រាំងឲ្យបានក្នុង១គុម្ព ចំណុះទឹក១០ទៅ២០លីត្រ ក្នុង១ថ្ងៃ ។ បើនៅរដូវវស្សាទឹកមិនបាច់ស្រោចក៏បាន ព្រោះអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់សើមដី ។ តែបើដីស្ងួតអាចស្រោចទឹក៣ថ្ងៃម្ដង និងថែមជីក្នុង១គុម្ព២បង្គីសម្រាប់ជីកំប៉ុស្ត ។
គាត់បានអះអាងថា ការថែទាំកាហ្វេដិតដល់វានឹងហុចផលក្នុងរយៈពេល៣ឆ្នាំ នៅឆ្នាំទី៤ទើបគេចាប់ផ្ដើមប្រមូលផលមែនទែន ។ ដើមកាហ្វេ បើគេអាចថែទាំវាបានល្អស្រោចទឹកដាក់ថែមជីគ្រប់គ្រាន់ វានឹងឲ្យផលបេះផ្លែបានរហូតដល់ជិត២០ឆ្នាំ ។ ហើយវាអាចផ្តល់ទិន្នផលប្រមាណពី៣ទៅ៦តោនក្នុងមួយហិកតា ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តថា បច្ចុប្បន្ននេះផ្ទៃដីដំណាំកាហ្វេមានការកើនឡើងច្រើន ដោយឆ្នាំ២០១៦នេះផ្ទៃដីដំណាំកាហ្វេនៅទូទាំងខេត្តមណ្ឌលគិរីមានចំនួនជាង៧០ហិកតា ដែលកាលពីឆ្នាំ២០១៥មានចំនួនប្រមាណ៣០ទៅ៤០ហិកតាប៉ុណ្ណោះ ។ ចំណែកទីផ្សារកាហ្វេសព្វថ្ងៃនេះលោកប្រធានមន្ទីរបានឲ្យដឹងថា កំពុងមានតម្រូវការខ្ពស់ដោយសារតែប្រជាពលរដ្ឋជាពិសេសអ្នកនិយមពិសាកាហ្វេបានយល់ដឹងច្បាស់ពីផលប្រយោជន៏នៃការពិសាកាហ្វេធម្មជាតិ និងកាហ្វេគីមីមានភាពខុសគ្នាដូចម្តេច ។
របាយការណ៍ក្រៅផ្លូវការមួយដែលកោះសន្តិភាពទទួលបានកន្លងមក កាហ្វេធម្មជាតិរបស់ខេត្តមណ្ឌលគិរី បាននាំចេញក្រៅប្រទេស (កូរ៉េ និងចិន)ប្រមាណ៥ទៅ១០តោនផងដែរក្នុងមួយឆ្នាំ ។ ខណៈកាហ្វេធម្មជាតិមណ្ឌលគិរី នៅមិនទាន់អាចផ្គត់ផ្គង់បានគ្រប់គ្រាន់នៅឡើយ ចំពោះកំណើនតម្រូវទីផ្សារនាពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ