រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យ ទី២៥ ធ្នូ ខានស្អែកនេះ ប្រដាល់ «កំពូលជើងឯកស្រាបៀរប្លេកខេត» នឹងដល់ពេលត្រូវប្រកួតអន្តរជាតិទៀតហើយ ដោយប្រកាសបើករេញឱ្យកីឡាករកម្ពុជា២រូប និងថៃ២រូបប៉ះគ្នាចំថ្ងៃបុណ្យណូអែល ទើបមានការរំពឹងថា នឹងមានអ្នកទស្សនាច្រើន ។
កីឡាករកម្ពុជា២រូប គឺ ឡុង សុភី និង អាំង សំអាត នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករថៃនៅយប់ថ្ងៃអាទិត្យខានស្អែក ។ អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង៤រូបមានបំណងប៉ះគ្នាយូរហើយ ដោយគ្រាន់តែដឹងថានឹងត្រូវឡើងប្រកួតជាមួយគ្នាពួកគេទទួលយកដោយការពេញចិត្ត ។ លោកថា កីឡាករកម្ពុជាទាំងពីររូបសុទ្ធតែបានត្រៀមខ្លួនមុនពេលប៉ះគ្នា ដោយបានចំណាយពេលច្រើនជាងមួយសប្ដាហ៍ក្នុងការហ្វឹកហាត់នោះផង ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា ក្នុងចំណោមកីឡាករកម្ពុជា លោកបានសម្រេចចិត្តដាក់ ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា ឱ្យឡើងប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ ខ្វាន់ អេក ក្នុងនាមជាគូបើកឆាកសម្រាប់ប្រដាល់អន្តរជាតិនៅយប់ថ្ងៃអាទិត្យនោះ។ លោកថា ជំនួបរវាងពួកគេមិនមែនជារឿងចៃដន្យនោះទេ ដោយលោកមានបំណងចង់ឱ្យគេប៉ះគ្នាជាមួយគូបរទេសនៅក្នុងព្រឹត្តិការណ៍នេះតែម្ដង ។ លោកថា កីឡាករ ឡុង សុភី អាចចាត់ទុកថា ជាជើងខ្លាំងម្នាក់នៅលើសង្វៀនប្រដាល់អន្តរជាតិ Black Cat ដែលជាព្រឹត្តិការណ៍ចម្រុះដោយកីឡាករខ្លាំងៗនៅក្នុងពិភពប្រដាល់ ។ លោកជឿជាក់ថា កីឡាកររូបនេះ នឹងបញ្ចេញសមត្ថភាពល្អដូចជាពូកែគេច និងពូកែវាយសន្ធាប់ដែលគេធ្លាប់បញ្ចេញឡើងនាពេលកន្លងមក ទើបលោកយល់ថា ជំនួប ឡុង សុភី ជាមួយកីឡាករថៃ ក៏នឹងមិនធម្មតាសម្រាប់ការប្រកួតទាំងមូល ។ លោកថា កីឡាករកម្ពុជារូបនេះមានការឈានឡើងសមត្ថភាព ហើយការប្រកួតប៉ុន្មានលើកចុងក្រោយ គឺមានលទ្ធផលល្អ ទើបលោកសម្រេចចិត្តឱ្យគេឡើងប្រកួតជាមួយកីឡាករថៃខាងលើ បើទោះជាកីឡាករថៃជាគូប្រកួតរបស់គេមានសមត្ថភាពមិនអាចមើលស្រាលបានក្ដី ។
លោកនិយាយថា ឡុង សុភី ដ្បិតថាមិនមែនជាម្ចាស់ជើងឯក ប៉ុន្តែការប្រកួតកន្លងមករបស់គេក៏មានលទ្ធផលជាវិជ្ជមានច្រើនដែរ ទើបលោកសម្រេចចិត្តដាក់ឱ្យប្រកួតជាមួយកីឡាករថៃ ខ្វាន់ អេក ។ លោកថា កីឡាករថៃ ធ្លាប់ប្រកួត៨៩លើក ឈ្នះ៦៥លើក ចាញ់២១លើក និងស្មើ៣លើក ក្នុងពេលដែលកីឡាករកម្ពុជាធ្លាប់ប្រកួត១៣៣លើក ឈ្នះ៩៨លើក ចាញ់២៦លើក និងស្មើ៩លើក ។
សម្រាប់កីឡាករ អាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យ លោក ញាណ សុធី បញ្ជាក់ថា គេត្រូវប៉ះប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃដូចគ្នាឈ្មោះ ឡាំ លូកកា នៅក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិរបស់ស្រាបៀរ Black Cat នៅយប់ថ្ងៃអាទិត្យនោះដែរ ។ លោកថា ការប្រកួតរបស់គូនេះ នៅមិនទាន់ដឹងថា អ្នកណាល្អជាងអ្នកណានោះទេ ក្នុងពេលដែល អាំង សំអាត ដ្បិតថាល្បីឈ្មោះតែការប្រកួតពេលខ្លះក៏ល្អ ហើយពេលខ្លះក៏ធ្លាក់ដៃ ដែលធ្វើឱ្យអ្នកគាំទ្រពិបាកទុកចិត្ត ។ លោកថា កីឡាករថៃធ្លាប់ប្រកួត៤១លើក ឈ្នះ៣៧លើក និងចាញ់៤លើក រីឯកីឡាករកម្ពុជាធ្លាប់ប្រកួត៨០លើក ឈ្នះ៦៦លើក ចាញ់១៣លើក និងស្មើ១លើក ។
នៅក្នុងព្រឹត្តិការណ៍ប្រដាល់ពេលព្រឹកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ថ្ងៃអាទិត្យនោះដែរ ក៏មានការប្រកួតអន្តរជាតិផងដែរ ។
ដោយឡែកនៅសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ជ្រោយចង្វាឯណោះវិញ ក៏មានការប្រកួតដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍ TV5 Knock Out Series ក្នុងវគ្គ៣២នាក់យក១៦នាក់សម្រាប់វគ្គបន្តនៅថ្ងៃសៅរ៍នេះផងដែរ ចាប់ពីម៉ោង៥ល្ងាចតទៅ៕
ចែករំលែកព័តមាននេះ