រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមCambodia All -Starsជាមួយក្រុម Morocco All-Stars នៅលើទីលានភ្នំពេញក្រោនកាលពីថ្ងៃទី១៨ ធ្នូ កន្លងមកនេះបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ។
ការប្រកួតនៅក្នុងតង់ទី១ក្រុម Morocco All-Stars រកបាន១គ្រាប់នាំមុខមុននៅនាទីទី៥ ដោយកីឡាករ Essalami Saleh ពាក់អាវលេខ៧ ។ ប៉ុន្តែទោះបីជាក្រុម Morocco All-Stars ព្យាយាមលេងវាយបកដើម្បីតាមរកគ្រាប់បាល់បន្ថែមយ៉ាងណាក៏ដោយ ក៏មិនអាចទម្លុះរបាំងខ្សែការពាររបស់ក្រុមCambodia All-Stars បានដែរ ។ ផ្ទុយទៅវិញចូលដល់តង់ទី២ក្រុម Cambodia All-Stars រកបាន១គ្រាប់វិញនៅនាទីទី៦៧ ដោយកីឡាករ Okoro Mattew Osa ពាក់អាវលេខ២៤ ។ សម្រាប់ការប្រកួតលើកនេះ បើទោះជាក្រុមកម្ពុជាអវត្តមានកីឡាករល្អៗមួយចំនួនក្ដី ក៏ការប្រកួតនៅតែមានសភាពស្វិតស្វាញដដែល គ្រាន់តែឱកាសនៃការស៊ុតបាល់បញ្ចូលទីរបស់ក្រុមកម្ពុជាមានតិចជាង។
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះធ្វើឡើងដើម្បីអបអរខួបលើកទី២០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ារ៉ុកតែប៉ុណ្ណោះ ដូច្នេះលទ្ធផលចាញ់-ឈ្នះមិនសំខាន់សម្រាប់ក្រុមណាមួយឡើយ ៕
ចែករំលែកព័តមាននេះ