ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី៧ កក្កដាកន្លងមក នៅបឹងត្រាវ ស្ថិតក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ មានរៀបចំប្រារព្ធទិវាមច្ឆជាតិ១ កក្កដា ក្រោមអធិបតីភាពលោកស្បោង សារ៉ាត អភិបាលខេត្ត និងលោកណៅ ធួក ប្រធានរដ្ឋបាលជលផល ។ អញ្ជើញចូលរួមក្នុងពិធីនេះដែរមានក្រុមប្រឹក្សាខេត្ត-ស្រុក ប្រធាន-អនុប្រធានមន្ទីរ ការិយាល័យជុំវិញខេត្ត អភិបាល-អភិបារងស្រុក កម្លាំងប្រដាប់អាវុធ មេឃុំ កម្លាំងកាកបាទក្រហមស្ម័គ្រចិត្ត កាយប្ញទ្ធិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
លោកឌួង សំអាត នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានអានរបាយការណ៍ស្វាគមន៍ និងរបាយការណ៍សង្ខេបពីប្រវត្តិបឹងត្រាវ ការអភិវឌ្ឍវារីវប្បកម្ម ការធ្វើអាជីវកម្មនេសាទ ការការពារនិងអភិរក្សធនធានជលផល ការរៀបចំ និងពង្រឹងសហគមន៍នេសាទ និងការបណ្តុះបណ្តាលស្រាវជ្រាវផ្សព្វផ្សាយ បំផុសចលនាសហគមន៍នេសាទតាមតំបន់ ជាពិសេសនៅតាមដែននេសាទដែលបានកំណត់ ។
លោកណៅ ធួក បានមានមតិសំណេះសំណាលថា ទិវាមច្ឆជាតិ១ កក្កដា គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធានាសន្តិសុខស្បៀងក្នុងមូលដ្ឋានផងនិង ដើម្បីថែរក្សាពូជត្រីឱ្យមាននៅក្នុងដែនទឹកធម្មជាតិផង ។ ជាក់ស្តែងនៅក្នុងទិវាមច្ឆជាតិដែលកំពុងប្រារព្ធធ្វើនេះគឺមានការរៀបចំលែងកូនត្រីពូជចំនួន៣ម៉ឺនក្បាល ត្រីមេពូជចំនួន១០០គីឡូក្រាម និងដាំព្រៃលិចទឹក(កូនរាំង)ចំនួន១០០ដើម ។
ក្នុងឱកាសនោះដែរ លោកស្បោង សារ៉ាត អភិបាលខេត្ត បានមានមតិសំណេះសំណាល និងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាដោយចាត់ទុកថា ការគ្រប់គ្រងថែរក្សាធនធានជលផលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ទៅនឹងការធ្វើអាជីវកម្មសមស្រប ហើយក៏ត្រូវគិតគូរផងដែរ ពីការអភិរក្សជលផល ការដាំដុះព្រៃលិចទឹក ព្រៃកោងកាងឡើងវិញ និងការពារបរិស្ថានជលផល ដែលទាំងនេះ គឺជាកិច្ចការដ៏មានសារសំខាន់ និងមានតម្លៃបំផុត សម្រាប់ ទ្រទ្រង់ជីវិតមនុស្ស សត្វ និងជីវចម្រុះឮផ្សេងៗទៀតជាច្រើនសម្រាប់បម្រើការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានយកការប្រារព្ធទិវា១ កក្កដា ដែលប្រព្រឹត្តធ្វើនាថ្ងៃ៧ កក្កដា នេះ ចូលរួមអបអរសាទរថ្ងៃ ៧ កក្កដា ដែលជាថ្ងៃដាក់បញ្ចូលប្រាសាទ ព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៕
ចែករំលែកព័តមាននេះ