ខេត្តកំពង់ឆ្នាំង ៖ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយឈុតថ្មីទៀត ត្រូវបាននាំយកទៅប្រគល់ជូូនលោកយាយសួស ថុន អាយុ៨៥ឆ្នាំ និងលោកយាយសួស ធឿង អាយុ៦៥ឆ្នាំ ដែលទាំង២នាក់បងប្អូនមានជំងឺហើមខ្លួន និងកំពុងរស់នៅយ៉ាងវេទនាក្នុងភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ពេលនេះ លោកយាយទាំង២នាក់បានទទួលទឹកសន្សើម ដោយការប្រោសប្រណីមេត្តាពីសប្បុរសជនទាំងឡាយដែលបានបរិច្ចាគធនធានមនុស្សធម៌ជូនដល់ពួកគាត់ ក្នុងនោះក៏មានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។
នៅព្រឹកថ្ងៃទី១០ កក្កដា ភ្នាក់ងារកោះសន្តិភាពបានពាំនាំនូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយឈុតទៀតជូនដល់លោកយាយ ដោយមានការអញ្ជើញចូលរួមពីលោកសោម វឺន អភិបាលរងស្រុករលាប្អៀរ លោកតាំង ប៊ុនទត មេឃុំជ្រៃបាក់ និងចូលរួមធ្វើកំណត់ត្រាដោយលោកម៉ក់ សុភារិទ្ធ ស្មៀនឃុំជ្រៃបាក់ និងលោកមេភូមិ ជំទប់ឃុំជាច្រើនរូបទៀត។
អំណោយដែលបានប្រគល់ជូនលោកយាយទាំង២នាក់នៅព្រឹកនោះ គឺកោះសន្តិភាពទទួលបានពី ១-លោកហេង ផេង ផ្ទះលេខ៣៤ នៅផ្សារអូឡាំពិក ទឹកប្រាក់ចំនួន១០ម៉ឺនរៀល ២-លោកសុខ ឧត្តម ប្រធានសាខាក្រុមហ៊ុនអុឹង រិទ្ធីគ្រុប ខេត្តកំពង់ឆ្នាំង ទឹកប្រាក់ចំនួន៤ម៉ឺនរៀល ៣-លោកវរសេនីយ៍ត្រីឃុត សារឿម ធ្វើការនៅក្រសួងមហាផ្ទៃ នាយរងការិយាល័យបណ្តុះបណ្តាល និងវិក្រឹតការ ទឹកប្រាក់ចំនួន១០ដុល្លារ និងសុំពរជ័យពីលោកយាយចំពោះកូនស្រីរបស់លោកក្នុងថ្ងៃខួបកំណើតផង នាងឈ្មោះឈិន ចាន់ធីតា និងឈិន ពុទ្ធាវី កើតនៅថ្ងៃទី៧ និងថ្ងៃទី១៧ កក្កដា ៤-ឯកឧត្តមសឹង សំណាង ប្រធានក្រុមការងារចុះជួយឃុំជ្រៃបាក់ ទឹកប្រាក់ចំនួន១០០.០០០រៀល ៥-លោកតែ សុខឡុង និងភរិយា ទឹកប្រាក់ចំនួន២០ម៉ឺនរៀល ៦-លោករ័ត្ន ទិត និងអ្នកស្រីសូ ណារ៉ា ម្ចាស់ឱសថស្ថានពេទ្យចិន ទឹកប្រាក់ចំនួន៤ម៉ឺនរៀល ៧-នាយទាហាននៅអង្គភាពការិយាល័យធានានាយកដ្ឋានសោធននិវត្តន៍ អគ្គយោធសេវាក្រសួងការពារជាតិរួមមាន លោកជា ឆេន ទឹកប្រាក់១០.០០០រៀល, លោកសន វ៉ុន ទឹកប្រាក់ចំនួន១០.០០០រៀល, លោកជ័យ សុវណ្ណ ទឹកប្រាក់ចំនួន១០.០០០រៀល, លោកផាន់ ដារ៉ារិទ្ធ ទឹកប្រាក់ចំនួន១០.០០០រៀល, លោកថាច់ សំវិសាល ទឹកប្រាក់ចំនួន១០.០០០រៀល និងអ្នកស្រីឡុង សានីន ទឹកប្រាក់ចំនួន៥.០០០រៀល ៨-លោកម៉ៅ ប៉ាតុន និងអ្នកស្រីអ៊ិត ស៊ីណេត អង្ករ៥០គីឡូក្រាម ទឹកត្រី៦ដប ត្រីខ១ឡូ មី១កេសតូច និងថវិកាចំនួន១០ម៉ឺនរៀល ៩-ការិយាល័យមេធាវីសិទ្ធិស័ក្តិឧបត្ថម្ភ៦ម៉ឺនរៀល ១០-លោកវណ្ណា ឧបត្ថម្ភមីយើង១កេស ១១-អ្នកស្រីចាន់ណាក់ ឧបត្ថម្ភត្រីខ១ឡូ ១២-កញ្ញាស្រីពៅ ឧបត្ថម្ភ១៥.០០០រៀល និង១៣-ប្អូនប្រុសបញ្ញាឧបត្ថម្ភ១០.០០០រៀល ។
លោកយាយសួស ធឿង បានលើកដៃសំពះ ថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់សប្បុរសជនទាំងអស់ ព្រមទាំងបួងសួងជូនពរដល់សប្បុរសជនទាំងអស់ដែលមានក្តីមេត្តាដល់រូបគាត់ទាំងពីរនាក់បងប្អូន សូមជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ លោកសោម វឺន អភិបាលរងស្រុករលាប្អៀរ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសប្បុរសជនទាំងអស់ ពិសេសសារព័ត៌មានកោះសន្តិភាពដែលបានចុះផ្សាយពីជីវិតទុរគតរបស់លោកយាយទាំងពីររូប សូមជួបតែសំណាងល្អ និងថ្កុំថ្កើងរុងរឿងតរៀងទៅ ៕
ចែករំលែកព័តមាននេះ