ខេត្តពោធិ៍សាត់ ៖ ក្មេងតូចៗជាបងប្អូនបង្កើតគ្នាចំនួន៥នាក់ បាននិងកំពុងរស់នៅជាមួយជីដូនចាស់ជរាដែលមានជីវភាពក្រីក្រលំបាកណាស់ ហើយឪពុកម្ដាយរបស់ក្មេងៗបានទៅធ្វើកម្មករនៅឯប្រទេសថៃ រយៈ៨ខែមកហើយ ។
ជីដូនឈ្មោះជិន យ៉េន អាយុ៦៤ឆ្នាំ រស់នៅភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ។ ចំណែកចៅៗទាំង៥នាក់ ១-ឈ្មោះផៃ សុ
ផាន ភេទស្រី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦, ២-ឈ្មោះផៃ សម្ជស្ស ភេទស្រី អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤, ៣-ឈ្មោះផៃ សុភាព ភេទស្រីអាយុ៧ឆ្នាំ រៀនថ្នាក់ទី២, ៤-ឈ្មោះផៃ ផាន់នី ភេទប្រុស អាយុ៥ឆ្នាំ និង៥-ឈ្មោះផៃ ផាន់ណា ភេទប្រុសអាយុ០១ ឆ្នាំ០៥ខែ។
ជីដូនបានរៀបរាប់ប្រាប់ឱ្យដឹងថា ឪពុករបស់ចៅៗទាំង៥នាក់នេះ ឈ្មោះហ៊ាន ផា អាយុ៤៣ឆ្នាំ និងម្ដាយឈ្មោះកែ ផា អាយុ៣៣ឆ្នាំ ។ ដោយសារតែគ្មានមុខរបរអ្វីពិតប្រាកដ ក្នុងការរកប្រាក់ចំណូលចិញ្ចឹមកូននោះ ពួកគេទាំងពីរនាក់ក៏នាំគ្នាទៅធ្វើកម្មករនៅឯប្រទេសថៃ រយៈពេល៨ខែហើយ មិនទាន់ឃើញត្រឡប់មកវិញសោះ ។
មិនដឹងថា វាសនាយ៉ាងណានោះទេ ហើយក៏មិនដែលឃើញផ្ញើលុយមកឲ្យកូនទិញអង្ករហូបដែរ ។ សព្វថ្ងៃនេះ គាត់មានការលំបាកខ្លាំងណាស់ ក្នុងការទទួលបន្ទុកចិញ្ចឹមចៅទាំង៥នាក់ ដែល៣នាក់ទៅរៀន និង២នាក់ទៀតនៅតូចៗនៅឡើយ ។
សព្វថ្ងៃ គាត់ដើររើសកួរស្រូវតាមស្រែ ដែលគេច្រូតរួចមួយថ្ងៃ បានមួយកន្តាំងពីរកន្តាំងយកមកបុកចេញជាអង្ករ ដើម្បីដាំបាយ ឬបបរឱ្យចៅហូប ដែលថ្ងៃខ្លះដាច់ពេលក៏មានដែរ ដោយសារសុខភាពទៅមិនរួច ។ ចំណែកម្ហូបអាហារវិញ មិនដែលបានអ្វីឆ្ងាញ់មានរសជាតិ ក្រៅពីស្ងោផ្ទី ឬស្លឹកបាសនោះទេ ។
លោកយាយបានអំពាវនាវដល់សប្បុរសជន ដែលមានចិត្តសប្បុរសធម៌ មេត្តាជួយឧបត្ថម្ភដល់ចៅៗរបស់គាត់ទាំង៥នាក់នេះផងទោះជាគ្រឿងហូបចុក សម្លៀកបំពាក់ ឬអ្វីក៏ដោយ ដើម្បីឱ្យពួកគេ បានរស់និងបានរៀន ខណៈឪពុកម្ដាយរបស់គេ បាត់ដំណឹងសូន្យឈឹងបែបនេះ ។
ចែករំលែកព័តមាននេះ