រាជធានីភ្នំពេញ ៖ ខណៈអាកាសធាតុកំពុងចាប់ផ្តើមត្រជាក់ ប្រជាពលរដ្ឋក៏បានប្រទះឃើញកុមារអនាថា៣នាក់ នាំគ្នាដេកដណ្តប់ក្រណាត់ស្តើងៗនៅតាមសំយាបផ្ទះប្រជាពលរដ្ឋ ក្នុងសភាពរងាញ័រញាក់ ដែលមើលទៅគួរឱ្យអាណិតខ្លោចចិត្ត ក៏បានទូរស័ព្ទឱ្យខាងនគរបាលប៉ុស្តិ៍ចោមចៅ មកទទួលយកទៅដេកនៅក្នុងទីស្នាក់ការប៉ុស្តិ៍មួយយប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ ធ្នូ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងជាប់សំយាបផ្ទះប្រជាពលរដ្ឋ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងអនាថាទាំង៣នាក់ ១-ឈ្មោះយ៉េន សុភស្ស អាយុ១៣ឆ្នាំ ម្តាយឪពុកស្លាប់ចោល ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ២-ឈ្មោះយ៉េន បញ្ញា អាយុ១២ឆ្នាំ ត្រូវជាប្អូនប្រុស និង៣-ឈ្មោះកុយ សុខលី អាយុ៩ឆ្នាំ រស់នៅភូមិស្រុកជាមួយគ្នា។
នគរបាលប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ដោយសារតែអាកាសធាតុត្រជាក់នោះ ប្រជាពលរដ្ឋបានឃើញក្មេងប្រុសអនាថា៣នាក់កំពុងដេករងារញ័រញាក់ នៅតាមសំយាបផ្ទះ ក៏បានរាយការណ៍មក ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅចុះទៅដល់ឃើញគួរឲ្យសង្វេគ ពេក បាននាំកុមារទាំង៣នាក់យកទៅសម្រាកនៅក្នុងប៉ុស្តិ៍នគរបាលចោមចៅមួយយប់ ។
បើតាមសម្តីរបស់កុមារអនាថាទាំង៣នាក់បានឲ្យដឹងថា ពួកគេជាកូនកំព្រា រស់ថ្ងៃដើរសុំទានគេ បានប្រាក់ទិញបាយហូប នៅពេលយប់ឡើងដើរដេកតាមសំយាបផ្ទះគេ ។ កុមារទាំង៣នាក់ខាងលើនេះ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទាក់ទងទៅវិទ្យុ ABC មក ទទួលយកទៅដាក់នៅមណ្ឌល ។
ចែករំលែកព័តមាននេះ