ខេត្តកំពត ៖ នៅពេលដែលយើងបានឃើញលោកយាយម្នាក់មានព្រះជន្មចាស់ណាស់ទៅហើយ និងមានរូបរាងដើរកោងខ្នងទៀត តែអ្វីដែលគេឃើញអាណិតគាត់នោះ គឺគាត់តែងតែបណ្តើរកង់ដើម្បីទៅទិញម្ហូបហូបដោយខ្លួនឯង ។
ស្ត្រីចំណាស់ខាងលើនេះ បើតាមគេឱ្យដឹង គាត់អត់មានកូនចៅនឹងគេទេ គាត់មានឈ្មោះលី លាង ព្រះជន្ម80ឆ្នាំ រស់នៅជាមួយក្មួយស្រីម្នាក់ដែលជាស្ត្រីមេម៉ាយ ក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពបន្តថា ជារៀងរាល់ថ្ងៃ អ្នកធ្វើដំណើរតាមដងផ្លូវឃើញលោកយាយលី លាង បណ្ដើរកង់ទៅទិញម្ហូបនំចំណីទាំងទៅទាំងមកនៅផ្សារផ្លូវថ្នល់បំបែក មិនដែលខានមួយថ្ងៃណាឡើយ ។
ជួបជាមួយកោះសន្តិភាព លោកយាយលី លាង បានឱ្យដឹងថា រង់ចាំគេទិញឱ្យហូប គឺគេមិនទិញទេ ទាល់តែមកទិញខ្លួនឯង ។
ប៉ុន្តែបើយោងតាមការអោយដឹងពីស្ត្រីម្នាក់ទៀត មានអាយុ៦០ឆ្នាំ ដែលត្រូវជាក្មួយលោកយាយលី លាង បាននិយាយឱ្យដឹងថា លោកយាយលី លាង ជាក្រមុំចាស់ មានអាយុ80ឆ្នាំ មិនមានកូនចៅអីនឹងទេ ហើយគាត់រស់នៅជាមួយខ្លួន ។
ស្ត្រីជាក្មួយបាននិយាយទៀតថា ពីមុនគាត់ហូបបាយជាមួយគ្រួសារគាត់ តែឥឡូវគាត់ដាំបាយហូបតែម្នាក់ឯង ។ គាត់ថា លោកយាយលី លាង ពេលដែលចាស់ជរា គាត់មានចរិតរឹងរុះបន្តិច កូនក្មួយមិនឱ្យគាត់បណ្ដើរកង់ទៅទិញម្ហូបនំចំណីអីទេ តែគាត់រឹងនៅតែបណ្ដើរកង់ទៅទិញ ប្រហែលគាត់មិនទុកចិត្តកូនក្មួយក៏មិនដឹង ។
ស្ត្រីដែលជាកូនក្មួយនិយាយប្រាប់ទៀតថា យាយលី លាង មានប័ណ្ណសមធម៌ដែរ បើកលុយបានរាល់ខែបានជាង១០ម៉ឺនរៀល តែខែបួននេះចប់អាណត្តិ ហើយបើកលែងបានលុយហើយ ។
ស្ត្រីជាកូនក្មួយនិយាយទៀតថា លោកលី លាង ពិតជាលំបាកខ្លាំងណាស់ គាត់ជាក្មួយមិនមានលទ្ធភាពធ្វើតូបឱ្យគាត់នៅតែម្នាក់ឯងបានទេ ព្រោះគាត់ជាគ្រួសារក្រីក្រ និងជាស្ត្រីមេម៉ាយដែរ ។
ចែករំលែកព័តមាននេះ