ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការពីកំណើត និងកំព្រាឪពុកម្ដាយ រស់យ៉ាងវេទនាបំផុត

2 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ជួបជាមួយបុរសឈ្មោះ ហួត ចាន់សុធា កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា សព្វថ្ងៃនេះ…

ខេត្តព្រះសីហនុ ៖ ជួបជាមួយបុរសឈ្មោះ ហួត ចាន់សុធា កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា សព្វថ្ងៃនេះ គាត់ហត់នឿយលំបាករកពាក្យអ្វីមកបរិយាយបាននោះទេ ដោយសារតែត្រូវទទួលបន្ទុកថែទាំក្មួយប្រុសបង្កើតម្នាក់ ដែលពិការភាពតាំងពីប្រសូតចេញពីផ្ទៃម្ដាយ ហើយត្រូវឪពុកស្លាប់ចោល ។

រីឯម្តាយមានជីវភាពខ្វះខាត បានចំណាកស្រុកបាត់ខ្លួនរហូតមកដល់សព្វថ្ងៃ បន្សល់ទុកកូនប្រុសម្នាក់ពិការភាពអង្គុយនៅលើរទេះរុញ សូម្បីតែនិយាយក៏មិនចេញផង ។ ជនពិការភាពនេះ ជើងទាំង២ស្វិត ដៃនៅមានកម្លាំងតែម្រាមខ្ញីទាំងអស់ ។ ភ្នែកបើកក្រឡេកក្រឡក់ និយាយមិនចេញ តែរៀនសរសេរបានដល់ថ្នាក់ទី៦ដែរ ។

លោក ហ៊ួត ចាន់សុធា បានបន្តឱ្យដឹងបន្ថែមទៀតថា ក្មួយប្រុសគាត់ឈ្មោះ ហួត រស្មី អាយុ៣១ឆ្នាំ រស់នៅជាមួយគាត់ មានទីលំនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ ក្មួយពិការជិះនៅលើរទេះកែច្នៃទាញដោយដៃ ធ្វើដំណើរទៅសាលារៀនបានត្រឹមថ្នាក់ទី៦ គាត់ក៏អស់លទ្ធភាពឱ្យក្មួយរៀនបន្តទៀត ដោយសារតែជីវភាពខ្វះខាត ។ ម្យ៉ាងទៀត ដោយសារតែមានការលំបាកក្នុងការធ្វើដំណើរទៅសាលារៀន ដែលនៅឆ្ងាយពីផ្ទះផង ។

កន្លងមកថ្មីៗនេះ ក្មួយពិការ ហ៊ួត រស្មី មានជំងឺពោះវៀនដុះខ្នែង ដោយមានការជ្រោមជ្រែងយកចិត្តទុកដាក់ពីមន្ទីរពេទ្យបង្អែកចម្ការចេក ដឹកយកទៅសង្គ្រោះ និងធ្វើការវះកាត់នៅមន្ទីរពេទ្យលោកសង្ឃបានទាន់ពេលវេលា ។ សព្វថ្ងៃនៅមានជំងឺប្រចាំកាយដែលពិបាកក្នុងការព្យាបាលគឺជំងឺហឺត ។

លោក ហួត ចាន់សុធា បានបន្តឱ្យដឹងជាចុងក្រោយថា សព្វថ្ងៃនេះ គាត់មានជីវភាពខ្វះមុខខ្វះក្រោយ អស់លទ្ធភាពក្នុងការនាំក្មួយទៅព្យាបាលជំងឺហឺត និងសូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ មេត្តាផ្តល់ក្ដីអាណិតអាសូរដល់ក្មួយកំព្រាពិការ ហួត រស្មី ដែលកំពុងតែតស៊ូរស់ទាំងត្រដាបត្រដួសនៅលើរទេះនេះផង ។ បុរសពិការភាពម្នាក់នេះ ពិតជារស់នៅយ៉ាងវេទនាគ្មានវាចារនឹងថ្លែងឡើយ ៕

អត្ថបទសរសេរ ដោយ