រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់គោជល់ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី ថ្ងៃសៅរ៍ទី១៩ វិច្ឆិកា ខានស្អែកនេះ នឹងអាចរកឃើញបេក្ខភាពឡើងទៅប្រកួតនៅវគ្គបន្តទៀតបានហើយ ។
កីឡាករមឿន សុខហ៊ុច មកពីក្លិបពុទ្ធសិរីវង្សព្រែកតាទែន ដែលនឹងត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះកុងម៉េងធី សីតប៉ុមពឺននោះ មានសង្ឃឹមថានឹងបានឡើងប្រកួតនៅវគ្គបន្តប្រសិនបើឈ្នះការប្រកួតលើកនេះទៀត ព្រោះប្រកួតបាន៣លើកឈ្នះ២ចាញ់១មាន៧ពិន្ទុ។ ចំណែកកីឡាករថៃឈ្មោះកុងម៉េងធី ស៊ីតប៉ុមពឺន ប្រកួតបាន៣លើកដូចគ្នាឈ្នះ១ចាញ់២។ ប្រកួតលើកនេះ មឿន សុខហ៊ុច មានសង្ឃឹមឈ្នះច្រើនជាងចាញ់ ដោយសារតែគេជាអ្នកប្រដាល់មួយរូបដែលមានបទពិសោធន៍ប្រកួតខ្ពស់នៅលើសង្វៀន ផ្លែកែង និងជង្គង់អាចប្រើការបានយ៉ាងស្ទាត់ជំនាញ និងមានចិត្តសឿងថែមទៀតផង ។ សូម្បីតែអ្នកធ្លាប់តាមដានការប្រកួតភាគច្រើនក៏មានជំនឿចិត្តលើកីឡាករកម្ពុជារូបនេះដែរ។ មឿន សុខហ៊ុច ធ្លាប់ប្រកួតបាន៩៩ដង ឈ្នះ៧០ដង ចាញ់២៤ដង ស្មើ៥ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន១៤ដង។ ចំណែកគូប្រកួតរបស់គេធ្លាប់ប្រកួតបាន១០៤ដង ឈ្នះ៨១ដង ចាញ់២០ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បាន១០ដង ។
រីឯកីឡាករធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡា និងកីឡាករថៃឈ្មោះម៉ាណាវថង ណេតណាំឆ័យជួបគ្នាលើកនេះជាការបង្គ្រប់កិច្ចប៉ុណ្ណោះទោះចាញ់ ឬឈ្នះក៏គ្មានឱកាសឡើងទៅប្រកួតនៅវគ្គបន្តទៀតបានដែរ ដោយសារពួកគេប្រកួតបាន៣លើកដូចគ្នាចាញ់ទាំង៣លើក ។ គូនេះធី តុងហ៊ី ធ្លាប់ប្រកួតបាន១១៧ដង ឈ្នះ៨៦ដង ចាញ់២៩ដង ស្មើ២ដង និងផ្ដួលគូប្រកួតឱ្យសន្លប់បាន៣៣ដង ។ ចំណែកកីឡាករថៃឈ្មោះម៉ាណាវថង ណេតណាំឆ័យ ធ្លាប់ប្រកួតបាន៩៣ដង ឈ្នះ៧៥ដង ចាញ់១៣ដង ស្មើ៥ដង និងផ្ដួលគូប្រកួតឱ្យសន្លប់បាន១០ដង ។
នៅលើសង្វៀនដដែលក៏មានការប្រកួតមិត្តភាពរវាងកីឡាករកម្ពុជា និងកម្ពុជាផងដែរដូចជាកីឡាករផាត សូដា មកពីក្លិបអេភូថងកីឡា ប្រកួតជាមួយកីឡាករ សៅ ប៊ុនធឿន មកពីក្លិបតាព្រហ្មមានជ័យ និងកីឡាករ រ៉ែម រាជ មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយកីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ។
ដោយឡែកនៅលើសង្វៀនទូរទស្សន៍ស៊ីធីអិន ថ្ងៃសៅរ៍នោះដែរក៏មានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិរវាងកីឡាករកម្ពុជា-ថៃដែលពោរពេញដោយវិជ្ជាគុនពេញខ្លួនដូចគ្នា។ កីឡាករកម្ពុជា ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ នឹងត្រូវជួបប្រកួតជាមួយកីឡាករជើងខ្លាំងថៃឈ្មោះ ដេនឡាំប៉ាវ ស.ភុងស៊ិត ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម ។ កីឡាករ សរ រាជសីហ៍ មកពីក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង ប្រកួតជាមួយកីឡាករថៃឈ្មោះយ៉តណាក់រ៉ប កៅក្លៃយីម ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
ក្រៅពីគូអន្តរជាតិទាំងពីរគូនេះទៅនៅមានការប្រកួតរវាងកីឡាករក្នុងស្រុកផងដែរដូចជាកីឡាករ ណាង សុភា មកពីក្លិបរាជសីហ៍ខេត្តរតនគិរី ប្រកួតជាមួយកីឡាករ ស៊ុំ សុខឡេង មកពីក្លិបសាលវ័ន្តកីឡា ។ កីឡាករ សុខ ចិន្ដា មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយកីឡាករ ផន ផល្លា មកពីក្លិបតាព្រហ្មមានជ័យ និងគូចុងក្រោយកីឡាករ ផៃ គឹមហឿត មកពីក្លិបគីសែមានរិទ្ធ ប្រកួតជាមួយកីឡាករ ជឹម ចិត្រា មកពីក្លិបខ្លារខិនមានរិទ្ធ ៕
ចែករំលែកព័តមាននេះ