រាជធានីភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់រឿងចម្រូងចម្រាសពាក់ព័ន្ធជាមួយតារាចម្រៀងខេម និងផលិតកម្មថោន លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាដែលត្រូវគេចោទប្រកាន់ថា ជាអ្នករួមចំណែកធ្វើឱ្យបទ«ជីវិតអ្នកប្រដាល់»របស់ផលិតកម្មថោនត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបិទចោល បានទទូចឱ្យផលិតកម្មចម្រៀងរួមគ្នាលើកស្ទួយវិស័យប្រដាល់នៅក្នុងបទចម្រៀងឱ្យបានច្រើន ។ ទោះបីយ៉ាងណា លោកថា បទចម្រៀងទាំងនោះត្រូវតែគោរពលើកម្មសិទ្ធិបញ្ញា និងមានខ្លឹមសារកុំឱ្យមានការរិះគន់ដើម្បីឱ្យបទចម្រៀងដែលបានផលិតជាថ្មីមិនមានបញ្ហាដូចបទ«ជីវិតអ្នកប្រដាល់»នៅពេលផលិតរួច ។
លោក តែម ម៉ឺន នៅតែរក្សាជំហរអះអាងថា មិនដែលបានប្ដឹងផលិតកម្មថោន និងមិនដែលបានបញ្ចេញប្រតិកម្មណាមួយពាក់ព័ន្ធនឹងការផលិតបទ«ជីវិតអ្នកប្រដាល់»ទៅលើតារាចម្រៀងខេមនោះឡើយ ។ លោកថា លោកសប្បាយចិត្តដែលការបកស្រាយរបស់លោកត្រូវបានមហាជនបញ្ចប់ការយល់ច្រឡំថាសហព័ន្ធកីឡាប្រដាល់មានការក្ដៅក្រហាយនឹងរឿងលោកខេមបកស្រាយបទចម្រៀង«ជីវិតអ្នកប្រដាល់»មានពាក្យ«តិរច្ឆាន» ហើយបានប្រតិកម្ម និងទាមទារឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលុបបទនោះចោល ។ លោកថា ក្នុងពេលអ្នកលេងហ្វេសប៊ុកមួយចំនួនកាត់តមុខលោក និងតារាចម្រៀងខេម ហើយបង្ហោះពាក្យថា សហព័ន្ធ ឬលោកត្រៀមប្ដឹង ឬបានដាក់ពាក្យប្ដឹងអ្នកនិពន្ធ និងអ្នកចម្រៀងរបស់ផលិតកម្មថោន គឺលោកមិនដែលដេកលក់នោះទេ ។ លោកថា សហព័ន្ធបើទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនដែលមានបំណងដាក់គំនាបណាមួយទៅលើផលិតកម្មដែលបាននិពន្ធបទពាក់ព័ន្ធនឹងវិស័យប្រដាល់នោះទេ បើទោះជាខ្លឹមសារនៅក្នុងបទនោះ មានការប៉ះទង្គិចខ្លះទៅលើអាជីពប្រដាល់ក្ដី។
ជាក់ស្ដែងដូចជាបទ«ជីវិតអ្នកប្រដាល់» បើគ្មានប្រតិកម្មពីសំណាក់មហាជននោះទេ លោកក៏មិនយល់ថាពាក្យ«តិរច្ឆាន» ដែលប្រើនៅក្នុងបទចម្រៀងរបស់លោកខេមមានភាពធ្ងន់ធ្ងរនោះដែរ ។ លោកនៅតែបង្ហាញការត្រេកអរដែលផលិតកម្មថោនបានផលិតបទ«ជីវិតអ្នកប្រដាល់» ពាក់ព័ន្ធនឹងវិស័យប្រដាល់ ដោយលោកបានចាត់ទុកថាបទនោះបើទោះជាមានប្រតិកម្មពីមហាជនបន្តិចមែន ប៉ុន្តែក៏បានបំផុសឱ្យមហាជនមានការយល់ដឹងពីស្ថានភាពកីឡាប្រដាល់ និងថាអ្វីដែលបាននិពន្ធឡើងវាមិនខុសនោះទេ ដោយសារតែភាពជាក់ស្ដែងគឺវិស័យប្រដាល់នៅកម្ពុជាពិតជានៅមានកម្រិត ដោយសារតែការរកចំណូលពីប្រដាល់របស់កីឡាករនៅមិនទាន់អាចប្រដូចវិស័យប្រដាល់នៅប្រទេសរីកចម្រើនបាន ។ លោកថា ហេតុផលដែលពលរដ្ឋខ្មែរនៅមានចំនួនតិចជាងប្រទេសជិតខាង គឺបញ្ហាមួយដែលធ្វើឱ្យបណ្ដាស្ថាប័នទូរទស្សន៍មិនអាចផ្ដល់តម្លៃឱ្យកីឡាករបានខ្ពស់ ដែលបណ្ដាលមកពីក្រុមហ៊ុនជាអ្នកជ្រោមជ្រែងកម្មវិធីក៏មិនហ៊ានចំណាយច្រើន ព្រោះតែផលិតផលដែលគេផ្សព្វផ្សាយនៅកម្ពុជាក៏លក់ដាច់មិនច្រើន បើធៀបនឹងប្រទេសផ្សេងដែលគេមានប្រជាជនច្រើន ។
លោកបានរំលឹកថា សហព័ន្ធបានត្រឹមតែចេញលិខិតជាលក្ខណៈសាមញ្ញមួយទៅកាន់ផលិតកម្មថោន ដើម្បីឱ្យផលិតកម្មនេះ និងអ្នកនិពន្ធកែពាក្យ«តិរច្ឆាន»ដែលមានប្រតិកម្ម កុំឱ្យមានការរិះគន់បន្តទៀតប៉ុណ្ណោះ ។ ចំណែករឿងបិទគឺដោយសារតែបទនោះពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាលើបទភ្លេងពីជំនាន់ដើមឯណោះទេ ។ លោកទទូចឱ្យផលិតកម្មថោន ក៏ដូចជាផលិតកម្មផ្សេងៗជួយរំលេចបទចម្រៀងដែលស្ដែងចេញពីវិស័យប្រដាល់ឱ្យបានច្រើន ដើម្បីជួយលើកទឹកចិត្តដល់កីឡាករផង និងជួយផ្សព្វផ្សាយដល់វិស័យប្រដាល់ផង ។ លោកថា បទចម្រៀងនិយាយពីកីឡាប្រដាល់ត្រូវបាននិពន្ធឡើងគគ្រឹកគគ្រេងច្រើនឡើងនៅតាមផលិតកម្មធំៗ នោះចលនាស្រឡាញ់ការប្រដាល់ពីសំណាក់ពលរដ្ឋក៏នឹងមានចំនួនច្រើនដែរនាពេលខាងមុខ។ តែលោកទទូចឱ្យនិពន្ធប្រភេទបទក្នុងន័យលើកស្ទួយ និងមិនបន្តុះបង្អាប់ ដើម្បីឱ្យមហាជនក៏ទទួលយកបាន ហើយកីឡាករ និងអ្នកពាក់ព័ន្ធក្នុងវិស័យប្រដាល់ក៏ទទួលយកបាន ។
លោក ងួន សុបិន្ត អ្នកនិពន្ធបទ«ជីវិតអ្នកប្រដាល់» បានអះអាងថា បើទោះជាបទលើកទី១របស់ខ្លួនដែលបាននិពន្ធឡើងពាក់ព័ន្ធនឹងការប្រដាល់ត្រូវបានក្រសួងបិទចោល ប៉ុន្តែលោកមិនរួញរាទេ គឺលោកនៅតែមានបំណងនិពន្ធបទថ្មីពាក់ព័ន្ធនឹងវិស័យប្រដាល់នេះជាថ្មីម្ដងទៀត ដោយសារតែលោកនៅតែយល់ថា ការរំលេចវិស័យប្រដាល់នៅក្នុងបទចម្រៀង គឺនឹងមិនខុសពីជួយឱ្យវិស័យមួយនេះទទួលបាននូវការចាប់អារម្មណ៍ ។ លោកអះអាងថា ខ្លួនកំពុងស្វែងរកទំនុកបទភ្លេងថ្មី ហើយមានចំណុចពីរោះយកមកនិពន្ធពីជីវិតអ្នកប្រដាល់ជាថ្មី ដោយការរំលេចស្នាដៃរបស់ខ្លួនជាថ្មីនោះ គឺពិតជាគ្មានប្រតិកម្មណាមួយកើតឡើងទៀតឡើយ ។ ផ្ទុយទៅវិញលោករំពឹងថា បទដែលគ្រោងនិពន្ធនោះ នឹងមានការចាប់អារម្មណ៍ទៀតផង ក្រោយពេលចេញផ្សាយ ។ ក្នុងនោះលោកនៅតែប្រកាន់ជំហរឱ្យតារាចម្រៀងខេមជាអ្នកច្រៀងដដែល ដោយសារតែលោកយល់ថាទឹកដមសំឡេងរបស់ខេមសមនឹងច្រៀងបទចម្រៀងដែលមានទំនុកនិយាយពីវិស័យប្រដាល់ ៕
ចែករំលែកព័តមាននេះ