ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តជាឯកច្ឆ័ន្ទកាលពីថ្ងៃទី២៧ មិថុនា នូវដំណោះស្រាយមួយដែលគ្រោងបញ្ជូនទាហានមួកខៀវអេត្យូពី៤.២០០នាក់មកកាន់ដែនដីស៊ូដង់ដែលមានជម្លោះ គឺតំបន់ ABYEI ក្នុងក្របខណ្ឌនៃបេសកកម្មថែរក្សាសន្តិភាពមួយ ។
តំបន់ ABYEI ចាប់តាំងពីច្រើនសបា្តហ៍មកហើយជាទីលាននៃការប៉ះទង្គិចគ្នាយ៉ាងសាហាវនានារវាងស៊ូដង់ និងស៊ូដង់ខាងត្បូងដែលគ្រោងបំបែកខ្លួនក្នុងខែកក្កដា ខាងមុខនេះ បន្ទាប់ពីការបោះប្រជាមតិមួយមក ។ យោងតាមសហរដ្ឋអាមេរិកថា មនុស្ស ១០.០០០នាក់ហើយបានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាក្នុងតំបន់នោះ។
ការដាក់ពង្រាយកងទាហានមួកខៀវនេះគឺសំដៅត្រួតពិនិត្យការដកថយរបស់កងទ័ពក្រុងខាទុមចេញពីតំបន់ ABYEI និងធ្វើឱ្យមានការគោរពសិទ្ធិមនុស្សក្នុងតំបន់នោះដែលស្ថិតនៅជាប់ព្រំដែនស៊ូដង់ខាងជើង និងស៊ូដង់ខាងត្បូង។
កាលពីសបា្តហ៍មុនរដ្ឋាភិបាលស៊ូដង់ និងរដ្ឋា ភិបាលស៊ូដង់ខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលគ្រោងដកកងទ័ពចេញពីដែនដីនោះ ដែលអនាគតអាចសម្រេចវាសនាតាមរយៈការបោះប្រជាមតិមួយ ។ ការចរចាគ្នានាពេលខាងមុខរវាងស៊ូដង់ និងស៊ូដង់ខាងត្បូង ក៏ត្រូវផ្តោតផងដែរ លើការកំណត់ព្រំដែនរវាងស៊ូដង់ខាងជើង និងស៊ូដង់ខាងត្បូង និងពីការបែងចែកធនធានទាំងឡាយទាក់ទិននឹងប្រេងកាតដែលជាប្រភពនៃការខ្វែងទំនាស់គ្នាជាច្រើន ៕
ចែករំលែកព័តមាននេះ