ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងសង់ស្ពានយោលវែងបំផុតលើលោករបស់​បង​ប្រុស ប៊ីនឡាដិន ដំណើរការ​ដល់ណាហើយ?

3 អាទិត្យ មុន

អន្តរជាតិ ៖ លោក Tarek Bin Laden ដែលត្រូវជាបងប្រុសឪពុកតែមួយម្ដាយទីទៃរបស់ស្ថាបនិកក្រុម

អន្តរជាតិ ៖ លោក Tarek Bin Laden ដែលត្រូវជាបងប្រុសឪពុកតែមួយម្ដាយទីទៃរបស់ស្ថាបនិកក្រុមភេរវករអាល់កៃដា លោក អូសាម៉ា បិនឡាដិន (Osama bin Laden) បានបង្ហាញមហិច្ឆតាដ៏សម្បើមជាមួយនឹងគម្រោងសាងសង់ស្ពានយោង ដែលវែងជាងគេបំផុតលើពិភពលោក។

បើយោងតាមប្រភពពីកាសែត The Sun កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា ដោយលាតសន្ធឹងចម្ងាយ ៣២គីឡូម៉ែត្រពីលើសមុទ្រក្រហម គម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារអាម៉េរិករបស់លោក Tarek Bin Laden សន្យាថា នឹងតភ្ជាប់ទ្វីបអាហ្រ្វិកជាមួយនឹងមជ្ឈិមបូព៌ា ជាមួយនឹងរចនាសម្ព័ន្ធដែលត្រូវបានដាក់ឈ្មោះថា «ស្ពានស្នែង» ឬ «Bridge of the Horns» ត្រូវបានរំពឹងថាជាការរួមបញ្ចូលគ្នានៃផ្លូវថ្នល់ ផ្លូវដែក ស្ថិតនៅលើស្ពានយោលតែមួយ។ ផែនការរបស់លោក Tarek Bin Laden គឺជាផ្នែកមួយនៃគម្រោង Al Noor ដែលត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវចំណាយប្រាក់អស់ប្រមាណ ១២៦ពាន់លានដុល្លារអាម៉េរិក។

ផ្នែកឆ្លងកាត់ផ្លូវថ្នល់ និងផ្លូវដែក នឹងក្លាយជាផ្លូវធំចំនួន ៦ គន្លង ដែលមានសមត្ថភាពអាចផ្ទុកយានយន្តរហូតដល់ ១០ម៉ឺនគ្រឿងក្នុង១ថ្ងៃ។ ខ្សែថភ្លើងធុនស្រាលចំនួន ៤ ផ្សេងទៀត ដែលនឹងផ្ទុកអ្នកដំណើររហូតដល់ ៥ម៉ឺននាក់ជារៀងរាល់ថ្ងៃ ក៏ដូចជាបំពង់បង្ហូរឧស្ម័ន និងទឹកផងដែរ។ ស្ពានស្នែងក៏នឹងអាចឱ្យកប៉ាល់ជាច្រើនឆ្លងកាត់សមុទ្រក្រហមតាមប្រឡាយ Suez ងាយស្រួល ព្រោះតែកម្ពស់ខ្ពស់របស់វា។ ដោយសារតែទឹកនៃច្រកទ្វារសមុទ្រ Bab-el-Mandeb មានជម្រៅរហូតដល់ ៣០០ម៉ែត្រ ដូច្នេះប៉មស្ពានស្នែងត្រូវមានកម្ពស់ ៧០០ម៉ែត្រ និង ៤០០ម៉ែត្រនៅពីលើទឹក ដើម្បីទ្រទ្រង់រចនាសម្ព័ន្ធទាំងមូល។

លើសពីនេះទៀត ទីក្រុងថ្មីចំនួន ២ ក៏នឹងត្រូវសាងសង់នៅចុងសងខាងនៃស្ពានស្នែង ដែលមួយនៅប្រទេសជីប៊ូទីរបស់អាហ្រ្វិក និងមួយទៀតនៅប្រទេសយេមែន នៅអាស៊ីខាងលិច ដែលត្រូវបានហៅថា ទីក្រុង Al-Noor ឬទីក្រុងពន្លឺ ហើយតាមផែនការ ដើម្បីសាងសង់ទីក្រុងមួយមានប្រជាជន ២.៥លាននាក់ នៅជីប៊ូទី និង ៤.៥លាននាក់ នៅយេមែនក្នុងរយៈពេល១៥ឆ្នាំ។ គេសង្ឃឹមថា ទីក្រុងទាំងនេះនឹងក្លាយជាគំរូនៃនិរន្តរភាព និងតម្លៃមនុស្សធម៌ ដែលសង់ឡើងទាំងស្រុងជាមួយនឹងបច្ចេកវិទ្យាបៃតង និងដំណើរការដោយប្រភពថាមពលកកើតឡើងវិញ ដោយនឹងមានមន្ទីរពេទ្យ សាលារៀន សាកលវិទ្យាល័យលំដាប់ពិភពលោក និងកន្លែងកីឡាល្អបំផុតផងដែរ។

ទីក្រុងទាំងពីរ ក៏មានគោលបំណងផ្តល់នូវស្ថិរភាពសេដ្ឋកិច្ចដែលត្រូវការច្រើនដល់ប្រទេសជីប៊ូទីដ៏តូចរបស់ទ្វីបអាហ្រ្វិក ដោយប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលជាតំណភ្ជាប់ថ្មីរវាងអាហ្វ្រិក និងមជ្ឈិមបូព៌ា។ បច្ចុប្បន្ន ប្រទេសជីប៊ូទី បានឃើញពីការរីកចម្រើនតិចតួចរួចទៅហើយ នៅពេលដែលប្រទេសអេត្យូពីនៅក្បែរនោះ បានបាត់បង់សិទ្ធិចូលសមុទ្រ បន្ទាប់ពីប្រទេសអេរីទ្រាទទួលបានឯករាជ្យ។ ដូច្នេះហើយ អេត្យូពីប្រើប្រាស់ជីប៊ូទីជាកំពង់ផែដឹកជញ្ជូនដ៏សំខាន់របស់ខ្លួន ទៅកាន់ពិភពខាងក្រៅ។

យ៉ាងណាមិញ បើទោះបីជាមានការបណ្ដាក់ទុនរាប់លានដុល្លារ នៅក្នុងគម្រោងនេះយ៉ាងណាក៏ដោយ ក៏មហិច្ឆតារបស់លោក Tarek Bin Laden នៅតែគ្មានអ្វីក្រៅពីក្ដីសុបិនដ៏មហិមានៅឡើយ។ គម្រោងនេះនៅតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការចាប់តាំងពីវាត្រូវបានបង្ហាញលើកដំបូងកាលពី​១៦​ឆ្នាំមុន។ ហើយទាំងរដ្ឋាភិបាលយេមែន និងជីប៊ូទី មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌណាមួយ ដែលអនុញ្ញាតឱ្យ Al-Noor ដើរទៅមុខនោះទេ។ នៅក្នុងឆ្នាំ ២០១០ វាត្រូវបានប្រកាសថា ដំណាក់កាលទី១ ត្រូវបានពន្យារពេល ហើយគិតត្រឹមខែសីហា ឆ្នាំ ២០២៣ គ្មាននរណាម្នាក់បានឮអំពីគម្រោងនេះទៀតទេ ហើយបច្ចុប្បន្នវាត្រូវបានសន្មតថា ផ្អាក ឬលុបចោលដោយគ្មានកំណត់។

លោក Tarek Bin Laden អាយុ៧៧ឆ្នាំ គឺជាបងប្រុសឪពុកតែមួយម្ដាយទីទៃជាមួយនឹងមេដឹកក្រុមអាល់កៃដា អូសាម៉ា បិនឡាដិន ដែលត្រូវបានសម្លាប់ នៅទីក្រុងអាបុតតាបាដ (Abbottabad) ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១១ ដោយអង្គភាពប្រតិបត្តិការយោធាពិសេសសហរដ្ឋអាម៉េរិក។ ផ្ទុយពីប្អូនប្រុសជាមេដឹកនាំក្រុមភេរវករ លោក Tarek Bin Laden ជាអ្នកជំនួញមួយរូប និងជាសមាជិកនៃសហគមន៍អាជីវកម្មអារ៉ាប៊ីសាអូឌីតផងដែរ។ គាត់ធ្លាប់ត្រូវបានគេហៅថា បុគ្គលអភិរក្សនិយម និងការផ្លាស់ប្ដូរនៃអារ៉ាប៊ីសាអូឌីតថែមទៀតផង៕ (ប្រភព ៖ The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ