ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ក្រោយ​រញ្ជួយដីខ្លាំងបំផុតនៅតៃវ៉ាន់ (វីដេអូ)

3 អាទិត្យ មុន

កោះតៃវ៉ាន់ ៖ យោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិច បានរាយការណ៍

កោះតៃវ៉ាន់ ៖ យោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិច បានរាយការណ៍អំពីការរញ្ជួយដីកម្រិត៧.៤រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់ នៅព្រឹកថ្ងៃពុធ ទី៣ ខែមេសានេះ ដោយបានកំណត់ការព្រមានអំពីរលកយក្សស៊ូណាមិនៅលើកោះមួយនេះ ក៏ដូចជាប្រទេសនៅជិតខាង។

ចំណុចកណ្ដាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល១៨គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Hualien របស់តៃវ៉ាន់។ នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាម៉េរិក។ ស្របពេលដែលអគារជាច្រើនបានដួលរលំ ខណៈដែលនេះគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតរបស់កោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំ។

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC បានលើកឡើងថា ខ្លួនបានជម្លៀសកម្មករ​រោងចក្រមួយចំនួននៅទីក្រុង Hsinchu ក៏ដូចជាភាគខាងត្បូងកោះ ដើម្បីសុវត្ថិភាពបុគ្គលិករបស់ខ្លួន ប៉ុន្តែបានបន្ថែមថា ប្រព័ន្ធសុវត្ថិភាពកំពុងដំណើរការជាធម្មតា។ នៅរដ្ឋធានីតៃប៉ិឯណោះវិញ វីដេអូបង្ហាញពីអគាររង្គើយ៉ាងខ្លាំង។ ចំណែកតំបន់ភ្នំនៃកោះតៃវ៉ាន់ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីការរញ្ជួយដីបានធ្វើឱ្យមានការបាក់ដីដ៏ធំ។ ចំណែកទំហំនៃការ​ខូច​ខាតនៅមិនទាន់ដឹងនៅឡើយទេ។

វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញពីអគារលំនៅដ្ឋានដែលដួលរលំ ហើយមនុស្សជាច្រើនត្រូវបានជម្លៀសចេញពីផ្ទះ និងសាលារៀន។ ឥទ្ធិពលនៃការរញ្ជួយដីនេះក៏បានបំផ្លាញរថយន្ត និងរបស់របរនៅខាងក្នុងហាងជាច្រើនផងដែរ។ នេះបើយោងតាមឃ្លីបដែលចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុក TVBS ។

ទីភ្នាក់ងារឧតុនិយមជប៉ុនលើកឡើងថា កម្ពស់រលកយក្សស៊ូណាមិរហូតដល់ទៅ៣ម៉ែត្រ ត្រូវបានរំពឹង​ថានឹងឈានដល់តំបន់ធំនៃឆ្នេរសមុទ្រភាគនិរតីរបស់ខ្លួន នៅកោះដាច់ស្រយាលមួយរបស់ជប៉ុន​ក្បែរកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងកោះ Miyakojima ផងដែ។ ទីភ្នាក់ងារនេះបានព្រមានអ្នកស្រុកឱ្យរក្សាការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដី ដែលមានកម្រិតប្រហាក់ប្រហែលគ្នា។ ស្របពេលដែលទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីន ក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ការរញ្ជួយត្រូវបានដឹងនៅផ្នែកខ្លះនៃខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន។

លោក Wu Chien Fu នាយកមជ្ឈមណ្ឌលរញ្ជួយដីនៃទីក្រុងតៃប៉ិ បានអះអាងថា ការរញ្ជួយដីគឺនៅជិតផ្ទៃដីហើយរាក់ខ្លាំង ដោយមានអារម្មណ៍ថាពាសពេញកោះតៃវ៉ាន់ និងឆ្នេរសមុទ្រតែម្ដង និងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល២៥ឆ្នាំមកនេះ៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ