ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្មបច្ចេកវិទ្យាពិភពលោករង្គោះរង្គើខ្លាំង ក្រោយការរញ្ជួយដីវាយប្រហារកោះតៃវ៉ាន់

3 អាទិត្យ មុន

កោះតៃវ៉ាន់ ៖ ការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារលើកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ ទី៣ ខែ

កោះតៃវ៉ាន់ ៖ ការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារលើកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បាននាំឱ្យផ្អាកដំណើរការផលិតបន្ទះឈីបជាបណ្ដោះអាសន្ននៅរោងចក្រនានា តាមបណ្ដោយឆ្នេរសមុទ្រភាគខាងលិចកោះនេះ ដោយបានធ្វើឱ្យឧស្សាហកម្មបច្ចេកវិទ្យាឈានទៅរករង្គោះរង្គើមួយរយៈពេលខ្លី ដ្បិតសេដ្ឋកិច្ចពិភពលោក ពឹងផ្អែកលើបន្ទះឈីបដែលផលិតនៅកោះតៃវ៉ាន់។

ប្រភពពី NPR ប្រព័ន្ធផ្សព្វផ្សាយមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាម៉េរិក បានរាយការណ៍ថា ការប៉ាន់ប្រមាណថា ៩២% នៃបន្ទះឈីបទំនើបបំផុតរបស់ពិភពលោក ត្រូវបានផលិតដោយក្រុមហ៊ុនតែមួយគត់គឺ Taiwan Semiconductor Manufacturing Co. ឬ TSMC ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ។ រោងចក្ររបស់ក្រុមហ៊ុន TSMC ដែលត្រូវបានគេស្គាល់ថា Chip Fabs ត្រូវបានសាងសង់នៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងលិចនៃច្រកសមុទ្រកោះតៃវ៉ាន់ ដែលមានចម្ងាយប្រហែល១៤៥គីឡូម៉ែត្រពីចំណុចកណ្ដាលនៃការរញ្ជួយដី។

ក្រុមហ៊ុន TSMC បានអះអាងក្នុងសេចក្ដីថ្លែងការណ៍មួយថា រោងចក្រមួយចំនួនបានផ្អាក និងជម្លៀសបុគ្គលិកចេញក្នុងរយៈពេលខ្លី កាលពីថ្ងៃពុធ សម្រាប់ការត្រួតពិនិត្យ ប៉ុន្តែក្រោយមក កម្មករបានត្រឡប់មកវិញ។ ពួកគេត្រូវបានរំពឹងថា នឹងបន្តការផលិតបន្ទះឈីបពេញមួយយប់។ ក្រុមហ៊ុនបានបន្តថា ការត្រួតពិនិត្យដំបូងបង្ហាញថា មិនមានបញ្ហាធំដុំនៅកន្លែងណាមួយនៃការផលិតបន្ទះឈីបនោះទេ ប៉ុន្តែឧបករណ៍មួយចំនួនតូចត្រូវបានខូចខាត ដោយផ្នែកខ្លះប៉ះពាល់ដល់ប្រតិបត្តិការផលិតផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន TSMC បានផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់សម្រាប់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីម៉ាស៊ីនលាងចាន រហូតដល់យន្តហោះចម្បាំង។ ស្មាតហ្វូន កុំព្យូទ័រយួរដៃ និងឧបករណ៍ AI ជំនាន់ថ្មីដូចជា ChatGPT ត្រូវបានដំណើរការដោយបន្ទះឈីបផលិតដោយ TSMC ខណៈដែលក្រុមហ៊ុនដូចជា Apple, Huawei, Nvidia, Tesla, OpenAI និងក្រុមហ៊ុនផ្សេងទៀត ពឹងផ្អែកលើក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់តៃវ៉ាន់មួយនេះ។

អ្នកវិភាគបានអះអាងថា បើទោះបីជាមានការរំខានតិចតួចយ៉ាងណាក៏ដោយ ឬសូម្បីតែការរំខានរយៈពេលខ្លី ការផលិតបន្ទះឈីបនៅតៃវ៉ាន់អាចពន្យារពេលការដឹកជញ្ជូន និងចំណាយប្រាក់រាប់លានដុល្លារ។ អ្នកជំនាញដែលសិក្សាផ្នែកបន្ទះឈីបនៅតៃវ៉ាន់បាននិយាយជាយូរមកហើយថា គ្រោះមហន្តរាយធម្មជាតិនៅលើកោះតៃវ៉ាន់ អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដែលនេះហើយបានធ្វើឱ្យ TSMC ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក។

លោក Chris Miller ប្រវត្តិវិទូដែលបានចងក្រងសៀវភៅ «សង្គ្រាមបន្ទះឈីប ឬ Chip War» បានលើកឡើងថា បន្ទាប់ពីគ្រោះមហន្តរាយនៅកោះតៃវ៉ាន់ ការចំណាយសរុបនៃកង្វះខាតបន្ទះឈីប នឹងត្រូវបានវាស់តម្លៃជាទ្រីលានដុល្លារ។ ការបាត់បង់មួយភាគបីនៃការផលិតថាមពលកុំព្យូទ័ររបស់យើងជារៀងរាល់ឆ្នាំ អាចមានតម្លៃថ្លៃជាងការចំណាយលើការទប់ស្កាត់ជំងឺកូវីដ-១៩ និងការចាក់សោប្រទេសទៅទៀត។

ប្រភពពី BBC នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ និងជាង១ពាន់នាក់រងរបួស នៅពេលការរញ្ជួយដីបានវាយប្រហារចម្ងាយ ១៨គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Hualien។ មនុស្សជាងមួយរយនាក់ នៅតែត្រូវបានគេជឿថាជាប់ក្នុងផ្លូវរូងក្រោមដី ដែលដួលរលំ និងផ្លូវនៅតាមឆ្នេរសមុទ្រ។ ប្រតិបត្តិការជួយសង្គ្រោះជួយបានមនុស្ស ៧៧នាក់ ដែលជាប់ក្នុងផ្លូវរូងក្រោមដី Jinwen និង Qingshui តាមបណ្ដោយផ្លូវក្នុងទីក្រុង Hualien ហើយបានបន្តរហូតដល់ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ