រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់AFF Suzuki Cup2016ក្រុមម្ចាស់ផ្ទះកម្ពុជានឹងជួបប្រកួតមុនគេជាមួយក្រុមជម្រើសជាតិឡាវ នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៥ តុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ នេះបើយោងតាមគេហទំព័រសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្សព្វផ្សាយនាពេលថ្មីៗកន្លងមកនេះ។
ជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិឡាវលើកនេះត្រូវបានអ្នកតាមដានការប្រកួតភាគច្រើននិយាយថា មិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់ក្រុមកម្ពុជា ។ សូម្បីតែលោកLee Tae Hoon ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏បារម្ភផងដែរព្រោះលោកយល់ថាពួកគេសុទ្ធតែបានដឹងពីទម្រង់លេងរបស់ក្រុមកម្ពុជាអស់ហើយ ដូច្នេះត្រូវតែផ្លាស់ប្ដូរទម្រង់លេងជាថ្មី ។ ម្យ៉ាងវិញទៀត ថ្វីដ្បិតតែការលេងរបស់ក្រុមកម្ពុជាមួយរយៈចុងក្រោយនេះមានការរីកចម្រើនប៉ុន្តែក៏នៅមានចំណុចខ្វះខាតច្រើនដែរជាពិសេសការប្រើល្បឿន និងការគ្រប់គ្រងបាល់។ តាមការវាយតម្លៃជាទូទៅ ក្នុងចំណោមក្រុមទាំង៣ដែលកម្ពុជាត្រូវជួបគឺក្រុមឡាវ ទីម័រខាងកើត និងព្រុយណេ មានតែក្រុមឡាវប៉ុណ្ណោះដែលកម្ពុជាបារម្ភជាងគេព្រោះក្រុមនេះមិនត្រឹមតែមានទម្រង់លេងល្អប៉ុណ្ណោះនោះទេ ថែមទាំងមានល្បឿនលឿនទៀតផង ។ ក្រុមកម្ពុជា និងក្រុមឡាវធ្លាប់ជួបគ្នាជាច្រើនលើករួចមកហើយ និងធ្លាប់ចាញ់-ឈ្នះគ្នាទៅវិញទៅមកទៀតផង ។
នៅក្នុងតារាងកាលវិភាគរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៥ តុលា មានលេង២ប្រកួតគឺក្រុមព្រុយណេ ជួបក្រុមទីម័រខាងកើត នៅវេលាម៉ោង៣និង៣០នាទីរសៀល និងក្រុមកម្ពុជា ជួបក្រុមឡាវ នៅវេលាម៉ោង៦និង៣០នាទីល្ងាច ។ ថ្ងៃទី១៨ តុលា ក្រុមទីម័រខាងកើត ជួបក្រុមឡាវនៅវេលាម៉ោង៣និង៣០នាទីរសៀល និងក្រុមកម្ពុជា ជួបក្រុមព្រុយណេនៅវេលាម៉ោង៦និង៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ។ ដោយឡែកសម្រាប់ការប្រកួតនៅថ្ងៃទី២១ តុលា ក្រុមឡាវ ជួបក្រុមព្រុយណេនៅទីលាRSN Stadium ឬស្សីកែវ វេលាម៉ោង៦និង៣០នាទីល្ងាច ។ ចំណែកក្រុមកម្ពុជាជួបក្រុមទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅវេលាម៉ោង៦និង៣០នាទីល្ងាចដូចគ្នា។
មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា សំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឡាវសម្រាប់កន្លែងមានដំបូលលក់អស់ហើយ ចំណែកកន្លែងអត់ដំបូលក៏លក់ជិតអស់ហើយដែរ ៕
ចែករំលែកព័តមាននេះ