ខេត្តសៀមរាប ៖ ក្រុមការងារសភាពាណិជ្ជកម្មខេត្ដស្រះកែវប្រទេសថៃលោកប្រាមួន ខៀវខាំ អនុ ប្រធានសភាពាណិជ្ជកម្មខេត្ដស្រះកែវ និងលោកសា រ៉យ ថុងព្រំ អនុលេខាធិការសភាពាណិជ្ជកម្មថៃបានជួបជាមួយសភាពាណិជ្ជកម្ម កម្ពុជាខេត្ដសៀមរាបដែលមានលោកមាស ជូរ៉ានី ជាអគ្គនាយកសភាពាណិជ្ជកម្មខេត្ដទទួលស្វាគមន៍នៅបន្ទប់ប្រជុំសភា ពាណិជ្ជកម្មខេត្ដសៀមរាប ស្ថិតក្នុងបុរីសៀងណាំ ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១៥ មិថុនា ដើម្បីរៀបចំគំរោងជំរុញការបើកពិព័រណ៍ពាណិជ្ជកម្មតាមជាយដែនរួមគ្នារវាងថៃ-កម្ពុជានៅថ្ងៃទី១៩ដល់២២កក្កដា នៅសណ្ឋាគារអិនឌូឆាយណា ក្នុងស្រុកអារញ្ញខេត្ដស្រះកែវ ប្រទេសថៃ ។
លោកប្រាមួន ខៀវខាំ បញ្ជាក់ថា ការកំណត់ពេលជួបគ្នានាពេលខាងមុខនេះខាងភាគីថៃជាអ្នករៀបចំដោយមានការចូលរួមពីពាណិជ្ជករមកពីប្រទេសកម្ពុជាចំនួន៣០នាក់ ពាណិជ្ជករមកពីប្រទេសឡាវចំនួន៥នាក់ និងថៃចំនួន៥០នាក់ ភាគច្រើនសុទ្ធតែជ្រើសរើសតាមតំបន់ជាយដែនដូចគ្នា ដើម្បីជួយជំរុញទាំងផ្នែកសិប្បកម្ម កសិឧស្សាហកម្មពីខ្នាតតូច ខ្នាតមធ្យមឡើងទៅ និងវិស័យទេសចរណ៍ឱ្យមានលទ្ធភាពជួបគ្នាដោយផ្ទាល់ផ្លាស់ប្ដូរទំនិញពីគ្នាទៅវិញទៅមកមានភាពងាយស្រួល និងកាត់បន្ថយការបង់ ប្រាក់ខុសស្ថាប័នជាការខាតបង់របស់ពាណិជ្ជករទាំងសងខាង និងត្រូវមានការឯកភាពរួមគ្នាក្នុងការបើកឱ្យមានការិយាល័យកណ្ដាលរួមគ្នាមួយសម្រាប់ឱ្យ ពាណិជ្ជករផ្សេងៗមកទំនាក់ទំនងគ្នាលើមុខទំនិញផ្សេងពីគ្នាឱ្យកាន់តែមានភាពងាយស្រួលថែមទៀត។
លោកបន្ដទៀតថា នេះជាជំហានដំបូងដែលយើងចាប់ផ្ដើមរួមគ្នាបន្ទាប់ពីមានការខាតបង់រអាក់ រអួលលំបាកជារៀងរាល់ឆ្នាំរបស់អាជីវករផ្លាស់ប្ដូរគ្រប់មុខទំនិញពីគ្នាតាមខ្សែបន្ទាត់ព្រំដែន ហើយបន្ដឆ្ពោះទៅរកតាមបណ្ដាប្រទេសផ្សេងៗទៀតដែលមានព្រំដែនជាប់គ្នា ព្រោះបច្ចុប្បន្នក្នុុងប្រទេសអាស៊ានទាំងមូលក៏កំពុងសំលឹងឃើញការរីកចំរើនលើវិស័យកសិកម្ម និងឧស្សាហកម្មរបស់ប្រទេសកម្ពុជាផងដែរសំខាន់ផ្ដោតលើការនាំស្រូវអង្ករ ពោត សណ្ដែក ល្ង កំពុងមានការកើនឡើងជារៀងរាល់ឆ្នាំ ។
លោកមាស ជូរ៉ានី បានទទួលយកគំរោងនេះហើយព្យាយាមសំរួលឱ្យអាជីវករក្នុងខេត្ដសៀមរាបបានទៅចូលរួមដើម្បីជួយសំរួលឱ្យពួកគាត់កាន់តែមានភាពងាយស្រួល និងរីកចំរើនក្នុងអាជីពរបស់ពួកគាត់ សំខាន់ខេត្ដសៀមរាបមិនត្រឹមតែលើវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេគឺត្រូវការអូសទាញបន្ថែមទៀតលើវិស័យទេសចរណ៍ឱ្យកាន់តែមានចំនួនកើនច្រើនឡើងថែមទៀត ហើយក៏បានសំណូមពរឱ្យមានកម្មវិធីបន្ថែមទៀតក្នុងការបណ្ដុះបណ្ដាលអាជីវករកម្ពុជាឱ្យចេះដឹងផ្នែកបច្ចេកទេសមានលទ្ធភាពអាចវេចខ្ចប់ផលិតផលផ្សេងៗដោយខ្លួនឯងបាន ។
លោកប្រាមួន ខៀវខាំ បន្ថែមទៀតថា កម្មវិធី ខាងមុខនេះក៏ត្រូវការវិស័យធនាគារ និងឥណទានមកចូលរួមផងដែរដើម្បីឱ្យអាជីវករ និងពាណិជ្ជករមានភាពងាយស្រួលអាចស្វែងរកទុនមកបណ្ដាក់ពង្រីកបន្ថែមទៀតលើមុខរបរចាស់ ឱ្យកាន់តែធំមានការ ជឿនលឿនទៅមុខក្នុងអាជីពរបស់ពួកគាត់ព្រោះទៅអនាគតក្នុងអាស៊ានទាំងមូលត្រូវបានលើកឱ្យរួចពន្ឋពីគ្នា ទៅវិញទៅមកគ្រប់មុខទំនិញចេញចូលពីប្រទេសមួយទៅប្រទេសមួយដែលពាណិជ្ជករបានផ្លាស់ប្ដូរពីគ្នារហូតពេញអាស៊ានទាំងមូលដូចនៅសហគមន៍អឺរ៉ុបដែលកំពុងមានស្រាប់ក្នុងវិស័យសេដ្ឋកិច្ចនេះ ៕
ចែករំលែកព័តមាននេះ