យោងតាមស៊ីនហួថា កងទ័ពអាកាសសចិនបានបញ្ជូនយន្តហោះគ្រប់ប្រភេទដល់ទៅជាង៤០គ្រឿងទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិចកាត់ច្រកសមុទ្រមីយ៉ាកូ ដើម្បីធ្វើសមយុទ្ធជាទម្លាប់មួយនៅតំបន់សមុទ្រឆ្ងាយ ។
លោក SHEN JINKE អ្នកនាំពាក្យរបស់កងទ័ពអាកាសចិនគូសបញ្ជាក់ថា កងយន្តហោះនោះដែលរួមមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន H-6K យន្តហោះប្រដេញធុន SU-30 ព្រមទាំងបណ្តាយន្តហោះចាក់ប្រេងតាមអាកាសត្រូវបំពេញបេសកកម្មស៊ើបការណ៍វាយប្រហារបណ្តាគោលដៅលើផ្ទៃសមុទ្រ និងផ្គត់ផ្គង់ប្រេងលើអាកាស ដើម្បីសាកល្បងមើលសមត្ថភាពប្រយុទ្ធរបស់កងទ័ពអាកាសនៅតំបន់សមុទ្រឆ្ងាយ ។ បណ្តាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងបណ្តាយន្តហោះប្រដេញរបស់កងទ័ពអាកាសចិន ក៏ធ្វើការហោះហើរល្បាតជាទម្លាប់ក្នុងតំបន់ការពារអាកាសហៅ ZIDA នៅសមុទ្រចិនខាងកើតផងដែរ ។
យោងតាមអ្នកនាំពាក្យរូបនេះថា សមយុទ្ធជាទម្លាប់ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងការហោះល្បាតក្នុងតំបន់ ZIDA ត្រូវបានធ្វើស្របតាមសេចក្តីត្រូវការរបស់កងទ័ពអាកាសចិន ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ហើយថែរក្សាការអភិវឌ្ឍន៍ដោយសន្តិវិធី ។
ចាប់តាំងពីការបង្កើតតំបន់ ZIDA នៅសមុទ្រចិនខាងកើតជិត៣ឆ្នាំមកហើយ កងទ័ពអាកាសចិន តែងធ្វើការហោះហើរល្បាតលើតំបន់នេះដោយទៀងទាត់ ៕
ចែករំលែកព័តមាននេះ