ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​អំពាវ​នាវឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ ខណៈ​ក្រុមហ៊ុន ​បូណារីតា ​ប្រើគ្រឿង​ចក្រឈូស​ឆាយ​យកដី

12 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​អំពាវនាវ​សុំ​ឱ្យ​អាជ្ញា​ធរ​ជួយ​រក​យុត្តិ​ធម៌ទាំង​ឈឺ​ចាប់​ និង​​ពុះ​កញ្ជ្រោល​ក្នុង​ចិត្ត ខណៈ​ក្រុម​ហ៊ុន​បូណារីតា ​យក​គ្រឿង​ចក្រ​ខ្នាត​ធំ​ទៅ​ឈូស​ឆាយ ​ដុត​ខ្ទម​ និង​ដំណាំ​ហូប​ផ្លែ​បន្លែ​បង្ការ​របស់​ពួកគាត់​​ស្ទើរ​គ្មាន​សល់ ​ក្នុង​បំណង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ក្រុម​ហ៊ុន​ផ្ទាល់​ និង​ជា​ការ​រំលោ.ភ​បំពាន​គ្មាន​ការ​អៀន​ខ្មាស

ខេត្ត​ស្ទឹង​ត្រែង ៖ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​អំពាវនាវ​សុំ​ឱ្យ​អាជ្ញា​ធរ​ជួយ​រក​យុត្តិ​ធម៌ទាំង​ឈឺ​ចាប់​ និង​​ពុះ​កញ្ជ្រោល​ក្នុង​ចិត្ត ខណៈ​ក្រុម​ហ៊ុន​បូណារីតា ​យក​គ្រឿង​ចក្រ​ខ្នាត​ធំ​ទៅ​ឈូស​ឆាយ ​ដុត​ខ្ទម​ និង​ដំណាំ​ហូប​ផ្លែ​បន្លែ​បង្ការ​របស់​ពួកគាត់​​ស្ទើរ​គ្មាន​សល់ ​ក្នុង​បំណង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ក្រុម​ហ៊ុន​ផ្ទាល់​ និង​ជា​ការ​រំលោភ​បំពាន​គ្មាន​ការ​អៀន​ខ្មាស បើ​ទោះ​បី​ជា​បាន​ដឹង​ថា ពួក​គាត់​បាន​បង្ក​បង្កើន​ផល និង​រស់​នៅ​លើ​ផ្ទៃ​ដី​នេះ​មិន​តិច​ជាង​១០​ឆ្នាំ​មក​ហើយ​ក្តី​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​បូណារីតា បាន​​ឈូស​ផ្លូវ​កាត់​ប្រឡាយ​ព្រំ​ដី​ឆ្លង​ចូល​ទៅ​​ឈូស​ឆាយ​លើ​ផ្ទៃ​ដី​របស់​ប្រជា​ពល​រដ្ឋ​បង្ក​ឱ្យ​ខូច​ខាត​ដល់​ផល​ដំណាំ​ជា​ច្រើន​ដើម្បី​វាតយក​ដី​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន។ សកម្ម​ភាព​នេះ​ត្រូវ​បាន​ចេញ​មុខ​​ហាម​ឃាត់​ពី​ម្ចាស់​ដី​ដែល​សំអាង​ថា បានកាន់​កាប់​ជា​បន្ត​បន្ទាប់​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី​ការ​ហាម​ឃាត់​នេះ​មាន​ប្រសិទ្ធ​ភាព​តែ​នៅ​ពេល​ដែល​ម្ចាស់​ដី​នៅ​ប៉ុណ្ណោះ​។

លោក​​ស្រី​មាស សុគន្ធ​ ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃ​រាជ​រដ្ឋា​ភិ​បាល​ និង​ជា​មេ​​ធាវី ហើយ​ក៏​ជា​ម្ចាស់​ដី​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ និង​អ្នក​យក​ព័ត៌​មាន​ថា ផ្ទៃ​ដី​របស់​គាត់​បាន​ទិញ​តាំង​ពី​ឆ្នាំ​២០០១​មក​ម្ល៉េះ ដោយ​មាន​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​ដឹង​ឮ​ពី​មេ​ភូមិ មេ​ឃុំ ។ ​ក្នុង​ផ្ទៃ​ដី​គាត់​គ្រប់​គ្រង​នេះ​មាន​ក្បាល​ប្រវែង​១៣៤​ម៉ែត្រ​ និង​បណ្តោយ​ប្រវែង​៤១០​ម៉ែត្រ​ មាន​កាយ​ប្រឡាយ​ព័ទ្ធ​ជុំ​វិញ​ធ្វើ​ជា​ព្រំ​សម្គាល់​។

លោក​​ស្រី​បន្ត​ថា ដី​ដែល​គាត់​​កាន់​កាប់​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​តាំង​ពី​ឆ្នាំ​២០០១មក​​នេះបាន​ដាក់​បញ្ចូល​ក្នុង​ទ្រព្យ​សម្បត្តិ​ និង​បាន​ប្រកាស​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​ក្នុង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​ជា​ស្រេច​ហើយ​ និង​មាន​លិខិត​ស្នាម​ទទួល​ស្គាល់​ពី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួចទៀត​ផង​ ។ ដូច្នេះ​គាត់​មិន​សុខ​ចិត្ត​ចំពោះ​ការ​រំលោភ​បំពាន​ទាំង​ស្រស់ៗបែប​​នេះ​បាន​ទេ ។ គាត់​​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន​នោះ​ទៅ​តុលាការ​ខេត្ត​ស្ទឹង​ត្រែង។

លោក​​ស្រី​បញ្ជាក់​ថា មុន​ពេល​គាត់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​នេះ ​គាត់​បាន​​ឱ្យ​បញ្ឈប់​សកម្ម​ភាពឈូស​ឆាយ​លើ​ផ្ទៃ​ដី​របស់​គាត់​ ហើយ​បាន​ហៅ​មេ​ការ​ក្រុម​ហ៊ុនសួរ​នាំ​ជា​ច្រើន​លើក​ច្រើន​សា ​តែ​យក​លេស​ថា ពេលនេះ ពេល​នោះ និង​ឆ្លើយ​តាម​ទូរ​ស័ព្ទ​ថា ចង់​ជួប​ ចង់​និយាយ​ទៅ​ថ្នាក់​ខេត្ត​ចុះ ព្រោះ​ខេត្ត​ជា​អ្នក​ឱ្យ​ធ្វើ។

លោក​ចាន់​ នី​ មេ​ការ​ក្រុម​ហ៊ុន បូណារីតា បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ​ថា «ខ្ញុំ​មិន​អាច​ផ្តល់​ព័ត៌​មាន​ឱ្យ​អ្នក​សារ​ព័ត៌​មាន​បាន​ទេ បើ​ចង់​ច្បាស់​ឱ្យ​ម្ចាស់​ដី​មក​ក្រុម​ហ៊ុន​រប​ស់​ខ្ញុំ បើ​មិន​អ៊ីចឹង​ឱ្យ​ទៅ​ជួប​អភិ​បាល​ខេត្ត​ទៅ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ ព្រោះ​ធ្វើ​តាម​តែ​បញ្ជា​របស់​គេ​ប៉ុណ្ណោះ​»។

ភាគី​ដែល​និយាយ​ថា ជា​ជនរង​គ្រោះ​កំពុង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ស្វែង​រក​យុត្តិ​ធម៌​ ឯ​សកម្ម​ភាព​គ្រឿង​ចក្រ​ឈូស​ឆាយ​កំពុង​នៅ​ទ្រឹង​ក្រោយ​ពី​មាន​ការ​ទប់​ស្កាត់​ពី​ម្ចាស់​ដី​រួច​មក​។ ក្រុម​ហ៊ុន​បូណារី​តា​ ធ្លាប់​ប៉ះ​ទង្គិច​ជាមួយ​ប្រជា​ពល​រដ្ឋ​នៅ​ចំណុចដុង​ក្រឡ​ ជិត​ព្រំ​ប្រទល់​កម្ពុជា-ឡាវ​ ហើយ​ក្រុម​ហ៊ុន​នេះ​ពុំ​បាន​ដាំ​ដុះ​ដំណាំ​កសិ​ឧស្សាហ​កម្ម​​អ្វី​លើ​ផ្ទៃ​ដី​ដែល​ទទួល​បាន​សម្ប​ទាន​ឡើយ​គ្រាន់​តែ​ឈូស​ឆាយ​វាត​ផ្ទៃ​ដី​បង្កក​ចោល​ប៉ុណ្ណោះ ៕