រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ សីហា មុននេះ តារាចម្រៀងខេម និងប្រធានអង្គការ«ខ្ញុំខ្មែរ» អមដំណើរដោយតារាសិល្បៈ និងសប្បុរសជនជាច្រើន បានចុះទៅដល់ក្លិបប្រដាល់លោក ឡុង សាវ័ន្ត ហើយបានរួមគ្នាបរិច្ចាគប្រាក់មួយចំនួន ដោយមានអង្ករផង ជួយដល់កីឡាករ វេន សំណាង ដែលកំពុងរងទុក្ខបាក់ដៃដោយសារឡើងប្រដាល់នៅលើសង្វៀនទូរទស្សន៍ PNN កាលពីថ្ងៃទី២១ សីហា ។ កីឡាករវេន សំណាង បានបង្ហាញអារម្មណ៍ត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងខេមចុះមកជួយជូតទឹកភ្នែកឱ្យលោកដល់កន្លែង និងថា ថវិកានិងអង្ករដែលលោកខេម និងប្រធានអង្គការ«ខ្ញុំខ្មែរ»យកមកប្រគល់ឱ្យនាពេលនោះ គឺចំពេលដែលលោកកំពុងត្រូវការខ្លាំងបំផុត។
កីឡាករវេន សំណាង បានអះអាងថា ដោយសារតែលោកឡើងប្រដាល់នៅលើសង្វៀនទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យទី២១ សីហា ជាមួយកីឡាករមានប្រវត្តិប្រកួតជាង១០០លើក មានបច្ចេកទេសប្រកួតល្អជាងខ្លួន ទើបធ្វើឱ្យលោកបរាជ័យថែមទាំងមានគ្រោះថ្នាក់បាក់ដៃទៀតផងនៅពេលប្រថុយវាយលុក ។ លោកថា មុនពេលបាក់ដៃលោកមានរបួសបាក់ឆ្អឹងជំនីរម្ដងហើយ ប៉ុន្តែលោកលាក់គ្រូបង្វឹកព្រោះតែចង់ឡើងប្រកួតឱ្យបានញឹកញាប់គ្រាន់បានប្រាក់ចិញ្ចឹមជីវិត ។ លោកថា ការប្រកួតមុនៗលោកជួបគូប្រកួតល្មមៗគឺតែងទទួលបានជ័យជម្នះ ហើយបើទោះជាចាញ់ក៏មិនដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនដែរ ។ លើកលែងតែការប្រកួតកាលពីថ្ងៃទី២១ សីហា មុននោះប៉ុណ្ណោះ ដែលបណ្ដាលឱ្យលោកបាក់ឆ្អឹងដៃ ហើយថវិកាដែលទទួលបានពីការប្រកួតក៏មិនគ្រប់ក្នុងការព្យាបាលដែរ ។ អ្វីដែលគួរឱ្យសង្វេគទៀតនោះ គឺម្ដាយរបស់លោកដែលស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ បានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងទន្ទឹមគ្នាទៅទៀត ។
លោកថា ខ្លួន និងម្ដាយដែលមានគ្រោះថ្នាក់បណ្ដលឱ្យបាក់ដៃ និងបាក់ជើង គឺមិនមានលទ្ធភាពព្យាបាលនោះទេ ហើយលោកក៏អរគុណដល់អ្នកបង្ហោះសភាពក្រលំបាករបស់លោក និងម្ដាយលោកតាមរយៈហ្វេសប៊ុកផងដែរ ទើបបណ្ដាលឱ្យលោកមានសំណាងដូចឈ្មោះទទួលបានការចាប់អារម្មណ៍ពីសប្បុរសជន ដូចជាលោកខេមដែលជាតារាចម្រៀងល្បីក៏បានយកជំនួយមកឱ្យលោកផងដែរ ។ វេន សំណាង និយាយថា ៖«ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលគាត់(ខេម)បានខលទៅខ្ញុំហើយថាគាត់មានលុយកាក់ខ្លះចង់ជួយខ្ញុំ ។ ខ្ញុំអត់គិតថា នឹងបានជួបគាត់ទេ អ៊ីចឹងហើយទើបខ្ញុំសប្បាយចិត្តនៅពេលឃើញគាត់ចុះមកជួយខ្ញុំ!»។
លោកខេម បានអះអាងថា លោកបានដឹងរឿងនេះតាមរយៈកីឡាករ វង្ស ណយ ដែលលេងហ្វេសប៊ុកជាមួយផ្ញើរូបថតពីការលំបាករបស់វេន សំណាង ឱ្យលោកបានឃើញ ។ បន្ទាប់ពីដឹងថា កីឡាករវ័យក្មេងរូបនេះពិតជាកំពុងរងទុក្ខបាក់ដៃអញ្ចឹងមែនទើបលោកប្រកាសរកជំនួយមកជួយ ហើយជាលទ្ធផលគឺមានបងធម៌និងមិត្តភក្តិមួយចំនួនបានចូលរួមជាមួយលោក ។ លោកថា ថវិកាដែលលោក និងប្រធានអង្គការ«ខ្ញុំខ្មែរ»យកមកជួយមិនច្រើននោះទេ ប៉ុន្តែអ្វីដែលច្រើនគឺទឹកចិត្ត និងការពញ្ញាក់អារម្មណ៍មហាជនឱ្យមើលឃើញពីការលំបាករបស់កីឡាករវេន សំណាង ដើម្បីឱ្យមានការជួយដល់លោកបន្តទៀត ។ មិនខុសគ្នាដែរ ប្រធានអង្គការ«ខ្ញុំខ្មែរ»បានអះអាងថា លោកនឹងរួមគ្នាស្វែងរកមូលនិធិសម្រាប់ជួយដល់កីឡាករកំសត់ៗនៅកម្ពុជាបន្តទៀត ប៉ុន្តែមិនប្រកាន់ថានឹងជួយកីឡាករវេន សំណាង ដដែលនោះឡើយ ៕
ចែករំលែកព័តមាននេះ